ព័ត៌មានជាតិ

កសិករដាំពោតក្រហមក្នុងខេត្តកំពង់ចាម ចាប់ផ្តើមប្រមូលផលជាលើកទី១ និងទទួលបានទិន្នផលតិច ប៉ុន្តែមានហាងឆេងខ្ពស់

image


អត្ថបទ៖ ហ៊ាង ថាច
កំពង់ចាម៖ រយៈជាង២សប្តាហ៍កន្លងមក រហូតដល់ពាក់កណ្តាលខែមីនា  ឆ្នាំ២០២៣ ប្រជា កសិករក្នុងភូមិកោះកំពង់ត្រុំ ឃុំកោះមិត្ត និងប្រជាកសិករក្នុងឃុំកោះសូទិន ខេត្តកំពង់ចាម បាននិងកំពុងប្រមូលផលពោតក្រហមជាបណ្តើរៗហើយ ចំណែកម្ចាស់ចម្ការពោតផ្សេងៗ ទៀតបាននិងកំពុងភ្ជួរដីសម្រាប់ធ្វើការដាំដុះជាលើកទី២ផងដែរ។

​យោងតាមប្រជាពលរដ្ឋក្នុង ឃុំកោះមិត្ត ស្រុកកំពង់សៀមបានបញ្ជាក់ថា ការប្រមូលផលពោតក្រហមជាលើកទី១នៅក្នុង ឆ្នាំ២០២៣នេះចំពោះទិន្នផលគឺទទួលបានតិចជាងឆ្នាំកន្លងទៅដោយសារតែបញ្ហាអាកាស ធាតុ មិនមានភ្លៀងធ្លាក់ ហើយប្រជាកសិករផ្សេងទៀតបានបញ្ជាក់ផងដែរថាចំពោះចម្ការ ពោតខ្លះគឺប្រមូលផលបានច្រើនដោយសារគេមានប្រភពទឹកគ្រប់គ្រាន់សម្រាប់ស្រោចស្រព។
ជាមួយគ្នានេះប្រជាកសិករផ្សេងៗទៀតក៏បានលើកឡើងស្រៀងគ្នាថា ចំពោះតម្លៃពោតវិញ គឺលក់ បានតម្លៃ ១.០០០រៀល សម្រាប់ពោតសើម និងតម្លៃ ១.៤០០រៀលក្នុងមួយគីឡូក្រាម សម្រាប់ ពោតស្ងួត។

​ទន្ទឹមនេះដែរ​ លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានឲ្យដឹងថា សម្រាប់ខេត្តកំពង់ចាមមានផ្ទៃដីដាំពោតក្រហមចំនួន ១០. ៧៥៤ហិកតា(ប្រាំង ២.២៩៦ហិកតា និងវស្សា ៨.៤៥៨ហិកតា)និងបរិមាណប្រមូលផលបាន ចំនួន៥៣. ២២៩តោន។
លោកប្រធានមន្ទីរកសិកម្ម​ ក៏បានបញ្ជាក់​ថា ចំពោះតម្លៃពោតក្រហមគឺមានតម្លៃល្អជាងឆ្នាំកន្លងទៅ៕