កីឡា

ភ្លើងគប់កីឡាអាស៊ាន​ នឹងដង្ហែរឆ្លងកាត់ប្រទេសឡាវចូលមកកម្ពុជាតាមច្រកព្រំដែនអន្តរជាតិត្រពាំងគ្រៀលនៃទឹកដីខេត្តស្ទឹងត្រែង

image

ខេត្តស្ទឹងត្រែង៖​ ប្រតិភូនៃក្រសួងទេសចរណ៍​ និងអាជ្ញាធរពាក់ព័ន្ធបានចុះពិនិត្យទីតាំងរៀបចំវេទិការ ដើម្បីធ្វើពិធីប្រគល់ទទួលភ្លើងគប់កីឡាអាស៊ានដែលនឹងត្រូវដង្ហែរចេញពីប្រទេសឡាវចូលមកប្រទេសកម្ពុជាតាមច្រកព្រំដែនអន្តរជាតិត្រពាំងគ្រៀលនៃខេត្តស្ទឹងត្រែងក្នុងការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះឆ្នាំ២០២៣នេះ។

       

នាកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារដង្ហែរភ្លើងគប់ នៅទីតាំងច្រកទ្វារអន្តរជាតិត្រពាំងគ្រៀលនោះផងដែរលោក​ នី ផល្លី រដ្ឋលេខាធិការក្រស្រួងទេសចរណ៍បានមានប្រសាសន៍ថា កិច្ចប្រជុំស្តីពីពិធីប្រគល់ទទួលភ្លើងគប់នេះវាបានក្រើនរម្លឹកឱ្យយើងរាប់ថយក្រោយ ចាប់ពីថ្ងៃទី១៧មីនាទៅ កម្ពុជានៅសល់តែ៤៩ថ្ងៃតែប៉ុណ្ណោះ​ ការប្រកួតកីឡាស៊ីហ្គេមដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

        

លោកមានប្រសាសន៍ទៀត​ថា​ ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២​ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះ ពិតជាមានមោទនភាពចំពោះកម្ពុជាដែលបានបង្ហាញពីគោលការណ៍បីយ៉ាង៖

      ទី១-បានផ្តល់អទ្ថិភាពឱ្យកម្ពុជាយើងបានធ្វើការផ្សព្វផ្សាយព្រឹត្តិការកីឡាទៅភ្ញៀវទេសចរនៅលើកពិភពលោកឱ្យបានដឹង ថាប្រទេសកម្ពុជាសមានសុខសន្តិភាពពេញលេញ។

      ទី២-បានទាក់ទាញ​ និងធ្វើឱ្យមានលំហូរភ្ញៀវទេសចរមកកាន់កម្ពុជាឱ្យកាន់តែមានបរិមាណច្រើន។

      ទី៣-បានបង្ហាញការចូលរួម ពីមហាជនពីគ្រប់មជ្ឈដ្ឋាននៅក្នុងតំបន់នៃប្រទេសកម្ពុជាយើង និងបណ្តាប្រទេសផ្សេងៗទៀត បានគាំទ្រទៅដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាយើង ធ្វើបានសម្រេចស្នាដែជូនជាតិ​ និងប្រជាជន។

      

លោក ញែម សារី អភិបាលរងខេត្តស្ទឹងត្រែងបានបញ្ជាក់ថា​ ព្រឹត្តិការណ៍នេះថ្នាក់ដឹកនាំខេត្តស្ទឹងត្រែង និងមន្ត្រីពាក់ព័ន្ធបានប្តេជ្ញារួចជាស្រេច ក្នុងការចូលរួមបំពេញការងារឱ្យបានល្អប្រសើរ ជាពិសេសបង្កើនកិច្ចសហការឱ្យបានជិតស្និតជាមួយក្រុមកីឡាករដែលបាននាំយកភ្លើងគុបដង្ហែរឆ្លងកាត់ចេញមកពីប្រទេសឡាវចូលមកកម្ពុជាឆ្លងកាត់ទឹកដីនៃខេត្តស្ទឹងត្រែង។

      

លោក​ ញ៉ែម សារី បន្តថានេះ ជាការបង្ហាញពីវឌ្ឍនៈភាព​ និងមានអត្ថិភាព ធ្វើឱ្យវិស័យទេសចរណ៍ក្នុងខេត្តស្ទឹងត្រែងមានសន្ទុះឡើងវិញ ក្នុងពេលដ៍ឆាប់ខាងមុខនេះ ហើយអាជ្ញាធរថ្នាក់ខេត្តនិងស្ថាប័នពាក់ព័ន្ធនិងប្រឹងប្រែងរៀបចំពិធីទទួលស្វាគមន៍ ការដង្ហែរភ្លើងគុបពីកីឡាករ ប្រកបដោយឧត្តមភាព ដើម្បីលើកកម្ពស់ កិត្តិយស កិត្យានុភាពនិងទទួលជោគជ័យ ជូនរាជរដ្ឋាភិបាល។

    

សូមបញ្ជាក់ថា​ ក្បូនដង្ហែរភ្លើងគុបសម្រាប់ព្រឹត្តិការណ៍កីឡាករអាសាននេះ ខេត្តស្ទឹងត្រែងទទួលចេញពីប្រទេសឡាវ ហើយប្រគល់ទៅខេត្តក្រចេះ និងបន្តពីក្រចេះ ទៅខេត្តត្បូងឃ្មុំ និងទៅបណ្តាខេត្តបន្តបន្ទាប់ទៀត ដើម្បីចូលទៅកាន់រាជធានីភ្នំពេញ ដែលនិងគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី២៧ខែមេសាឆ្នាំ២០២៣ខាងមុខនេះ៕

អត្ថបទ៖​ ម៉ាក មេត្តា