អភិបាលខេត្តកំពតប្រាប់ទៅកាន់អាជ្ញាធរ និងមន្ត្រីជំនាញឱ្យយកចិត្តទុកដាក់លើការងារផ្ទេរ ឬធ្វើប័ណ្ណកម្មសិទ្ធិលើដីពន្ធសូន្យជូនពលរដ្ឋ

កំពត៖ អភិបាលខេត្តកំពតបានប្រាប់ឱ្យអាជ្ញាធរ និងមន្ត្រីជំនាញត្រូវយកចិត្តទុកដាក់ក្នុងក្នុងការផ្តល់សេវាសាធារណៈផ្សេងៗជូនពលរដ្ឋ ហើយអាជ្ញាធរ និងមន្ត្រីជំនាញទាំងអស់ត្រូវតែបង្កលក្ខណៈងាយស្រួលដល់ពួកគាត់ ពិសេសត្រូវបង្កើនការយកចិត្តទុកដាក់លើការងារផ្ទេរ ឬធ្វើប័ណ្ណកម្មសិទ្ធិពន្ធសូន្យ ជូនពលរដ្ឋឱ្យបានត្រឹមត្រូវ និងឆាប់រហ័ស ដោយគ្មានការបង់សេវាអ្វីទាំងអស់។
លោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត នៅក្នុងពិធីសំណេះសំណាលជាមួយពលរដ្ឋក្នុងឃុំចំនួន២ នៃស្រុកដងទង់ គឺឃុំដងទង់ និងឃុំស្រែជាខាងជើង ដែលមានប្រជាពលរដ្ឋចូលរួមប្រមាណជាង ២ពាន់នាក់ បានក្រើនរំលឹកទៅដល់ អាជ្ញាធរ មានមេឃុំ ស្មៀនឃុំ មន្ត្រីជំនាញ និងភូមិបាលស្រុក ត្រូវបង្កើនការយកចិត្តទុកដាក់ក្នុងការពន្លឿនការងារផ្ទេរ ឬធ្វើប័ណ្ណកម្មសិទ្ធិលើដីប្រភេទពន្ធសូន្យ (ការទទូលសិទ្ធិ ឬសិទ្ធិកាន់កាប់ដីក្នុងលក្ខណៈសម្បទានពីរាជរដ្ឋាភិបាលសម្រាប់ពលរដ្ឋក្រីក្រីខ្វះខាត និងការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់អចលនទ្រព្យក្នុងរង្វង់សាច់ញាតិ) តាមគោលការណ៍ណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ជូនពលរដ្ឋឱ្យបានត្រឹមត្រូវ និងឆាប់រហ័ស។
លោកអភិបាលខេត្តបានបន្តថា ការផ្ទេរសិទ្ធិកាន់កាប់ ឬធ្វើប័ណ្ណកម្មសិទ្ធិពន្ធសូន្យនេះ គឺជាយន្តការរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ដើម្បីកាត់បន្ថយភាពក្រីក្រ និងការចំណាយរបស់បងប្អូនប្រជាពលរដ្ឋ។ ដូច្នេះរាល់ការកសាងឯកសារធ្វើប័ណ្ណកម្មសិទ្ធិពន្ធសូន្យនេះ មេឃុំ ស្មៀនឃុំ និងភូមិបាលស្រុក ត្រូវបង្កើនការយកចិត្តទុកដាក់សម្របសម្រួលក្នុងការបំពេញបែបបទជូនពលរដ្ឋដោយគ្មានការបង់សេវាអ្វីទាំងអស់។
លោកអភិបាលខេត្តបានសង្កត់ធ្ងន់ថា ប្រសិនបើលោកទទួលបាននូវពាក្យបណ្តឹងពីប្រជាពលរដ្ឋថាមានករណីមិនប្រកក្រតីណាមួយកើតឡើងលើបញ្ហាផ្ទេរសិទ្ធិកាន់កាប់ ឬធ្វើប័ណ្ណកម្មសិទ្ធិពន្ធសូន្យជូនពលរដ្ឋនេះ លោកនឹងមានវិធានការទៅតាមផ្លូវច្បាប់ចំពោះបុគ្គលនោះ។
លោកបានបន្ថែមថា តួនាទី និងភារកិច្ចដែលមន្ត្រីទាំងអស់ទទួលបានមកដល់ថ្ងៃនេះ គឺកើតឡើងដោសារមានការគាំទ្រពីប្រជាពលរដ្ឋ ដូច្នេះមន្ត្រីដែលមានតួនាទីទាំងអស់ ត្រូវតែបំរើប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។
តាមបញ្ជាក់របស់អភិបាលខេត្តកំពត លោកបណ្ឌិត ម៉ៅ ធនិន និងធ្វើការចុះទៅសំណេះសំណាលជាមួយប្រជាពលរដ្ឋតាមខ្នងផ្ទះដល់មូលដ្ឋានផ្ទាល់ទាំង៩៣ឃុំ-សង្កាត់ ក្នុងខេត្តកំពត ដើម្បីទទួលយកនូវសំណូមពរ ក្តីកង្វល់ បណ្តឹងផ្សេងៗរបស់ប្រជាពលរដ្ឋ ដើម្បីយកមកដោះស្រាយនៅពេលដ៏ខ្លីខាងមុខនេះ ឱ្យស្របទៅតាមយន្តការ និងការដាក់ចេញរបស់ប្រមុខរាជរដ្ឋាភិបាល គឺសម្តេចតេជោ ហ៊ុន សែន ដែលឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ត្រូវដោះស្រាយនូវរាល់បណ្តឹងរបស់ប្រជាពលរដ្ឋក្រៅប្រព័ន្ធតុលាការ និងត្រូវតែដឹងអំពីសុខទុក្ខ និងតម្រូវការរបស់ពលរដ្ឋក្នុងមូលដ្ឋានខ្លួន៕
អត្ថបទ៖ វង្ស សុធារម្យ
