សង្គម

កម្លាំងអាជ្ញាធរខណ្ឌ៧មករា បានធ្វើការឃាត់រ៉ឺម៉កកង់បី ចំនួន១៨គ្រឿង បំពាក់ភ្លើងបំភ្លឺខុសបច្ចេកទេស

image


ភ្នំពេញ៖ ដោយអនុវត្តតាមការណែនាំរបស់ លោក​ ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរង​ និងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានដាក់ផែនការជូនកម្លាំងជំនាញនគរបាលចរាចរណ៍​ ក៏ដូចជាកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ឱ្យធ្វើការឃាត់យានយន្តគ្រប់ប្រភេទដែលបំពាក់ភ្លើងខុសលក្ខណៈបច្ចេកទេសធ្វើឲ្យចាំង ដល់អ្នកបើកបរបញ្ច្រាសទិស និងសរសេរអក្សរ ឬបិទរូបភាព មិនសមរម្យ។
សូមជម្រាបជូនថា កាលពីយប់ថ្ងៃទី១៧ រហូតដល់ព្រឹកថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៣នេះ កម្លាំងអាជ្ញាធរខណ្ឌ៧មករា បានឃាត់រម៉កកង់បី ចំនួន១៨គ្រឿង ដែលបានបំពាក់ភ្លើង​បំភ្លឺខុសបច្ចេកទេស បំពងស៊ី​ផ្លេសំឡេង​លឺ​ខ្លាំង ដាក់ហ្វ្រាំងដែលបន្លឺជាសម្លេងរំខាន កែច្នៃបំពង​សំឡេង​ (ស៊ីមាំង​ប្រែន) ខុសលក្ខណៈបច្ចេកទេស និងសរសេរអក្សរ ឬបិទរូបភាព មិនសមរម្យ។
ម្ចាស់រ៉ឺម៉កកង់បី (passapp) ដែលលេងខុសលក្ខណៈបច្ចេកទេសបានលើកឡើងថា​ កន្លងមកពួកគាត់តុបតែងលេងដោយសារតែការស្រឡាញ់ និងលេងតាមគ្នា ដោយពុំដឹងថា​ ការតុបតែងលេងនេះខុសច្បាប់នោះឡើយ។​ ក្រោយមានការអប់រំណែនាំពីសំណាក់អាជ្ញាធរពួកគាត់បានសន្យាថាឈប់តុបតែងខុសពីលក្ខណៈបច្ចេកទេស​ និងជួយផ្សព្វផ្សាយប្រាប់គ្នាបន្ត ឲ្យឈប់លេងខុសលក្ខណៈបច្ចេកទេសបែបនេះទៀត។
លោកវរសេនីយ៍ទោ ង៉ែត សារុន អធិការរងទទួលផែនចរាចរណ៍នៃអធិការដ្ឋាននគរបាលខណ្ឌ ៧មករាបានឲ្យដឹងថា​ក្រោយទទួលបទបញ្ជារបស់លោកស្នងការរងទទួលផែនចរាចរណ៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងការណែនពី លោក ថេង សុថុល អភិបាលខណ្ឌ៧មករា កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ៧មករា បានធ្វើការឃាត់រម៉កកង់បីបានចំនួន១៨ គ្រឿងដែលមានលក្ខណៈខុសបច្ចេកទេស ដើម្បីយកមកធ្វើការអប់រំណែនាំនៅអធិការដ្ឋាន ដោយពុំមានការផាកពិន័យនោះទេដោយធ្វើកិច្ចសន្យានឹងធ្វើការអប់រំណែនាំព្រោះនេះជាលើកទីមួយ។ក្នុងករណីមិនរាងចាលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ម្ដងទៀតនឹងធ្វើការផាកវិន័យតាមនីតិវិធីច្បាប់។
ក្រោយធ្វើការឃាត់បានរម៉កកង់បី (passapp) បានចំនួន ១៨ គ្រឿងកម្លាំងនគរបាលបាននាំយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌ ៧មករាដើម្បីធ្វេីការអប់រំណែនាំ ធ្វេីកិច្ចសន្យា រួចឲ្យធ្វើការបកនិងដោះអ្វីដែលខុសបច្ចេកទេសចេញទើបអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕
អត្ថបទ៖ ឌីយ៉ាម៉ង់