គិតត្រឹមចុងខែមករានេះ កម្ពុជាបញ្ជូនកងទ័ពមួកខៀវជិត៦ពាន់នាក់ទៅបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឆ្លើយតបចំពោះអ្នកសារព័ត៌មានមួយចំនួន ដែលចោទសួរអំពីការបញ្ជូនកម្លាំងរក្សាសន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា ទៅបំពេញបេសកកម្មក្រៅប្រទេស តាមរយៈអង្គការសហប្រជាជាតិ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួង ការពារជាតិ បានបញ្ជាក់ថា ការបញ្ជូនកងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ក្រោមឆត្រអង្គការសហប្រជាជាតិ បានធ្វើឡើង ចាប់ពីឆ្នាំ២០០៦មក ប៉ុន្តែចាប់ពីពេលនោះរហូតដល់ដំណាច់ ឆ្នាំ២០១៣ មិនមានកងកម្លាំងយើងរងគ្រោះធ្ងន់ធ្ងរនោះទេ ការរងគ្រោះធ្ងន់ចាប់ផ្តើមពីឆ្នាំ២០១៤ ដែលមានកម្លាំងស្លាប់ និងរបួស នៅប្រទេសអាហ្វ្រិកកណ្តាល និង ប្រទេសម៉ាលី។

នាយឧត្តមសេនីយ៍ ឈុំ សុជាត ឱ្យដឹងថា គិតត្រឹមខែមករា ឆ្នាំ២០១៩នេះ កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ដែលបានបំពេញ បេសកកម្មនៅក្រៅប្រទេស បានពលីជីវិតចំនួន០៧នាក់ និង២នាក់ទៀតទទួលមរណភាពក្រៅលក្ខខណ្ឌអង្គការសហប្រជាជាតិ ព្រមទាំងរងរបួសចំនួន៩នាក់។ ក្នុងចំណោមកម្លាំងដែលបានបាត់បង់ជីវិតនេះ មាន៥នាក់នៅអាហ្វ្រិកកណ្តាល និង ៤នាក់នៅ ប្រទេសម៉ាលី ដែលក្នុងនោះ២នាក់ស្លាប់ដោយជំងឺគ្រុនចាញ់ និង២នាក់ទៀតស្លាប់ ក្រៅក្របខ័ណ្ឌអង្គការសហប្រជាជាតិ។ ដោយឡែក កងកម្លាំងរក្សាសន្តិភាពរបស់កម្ពុជា ដែលរងរបួសមានចំនួនសរុប៩នាក់ មាននៅអាហ្វ្រិកកណ្តាល១នាក់ និងនៅប្រទេសម៉ាលីចំនួន៨នាក់។

អ្នកនាំពាក្យក្រសួង ការពារជាតិ បន្ថែមទៀតថា រហូតមកដល់ពេលនេះ កម្ពុជាមានកងកម្លាំងរក្សាសន្តិភាព ចំនួន៥.៧៨៥នាក់ ហើយ (មិនទាន់បូកបញ្ចូល ១៨៤នាក់ ដែលត្រៀមបញ្ជូនទៅលីបង់ចុងខែនេះ) បានទៅបំពេញបេសកកម្មក្រោមស្លាកអង្គការ សហប្រជាជាតិ នៅប្រទេសចំនួន០៨ប្រទេស ក្នុងនោះមាន សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ សាយប្រ៊ឹស ស៊ីរី ឆាដ ម៉ាលី និងអាហ្រ្វិកកណ្តាល ខណៈដែលមានកងកម្លាំងរក្សាសន្តិភាពចំនួន ៧៩៩នាក់ កំពុងបំពេញបេសកកម្ម នៅប្រទេសចំនួន៥ ក្នុងនោះក៏មានកងកម្លាំងនារី ចំនួន៦២នាក់ផងដែរ។

ជុំវិញការបញ្ជូនកងកម្លាំងរបស់កម្ពុជានេះ កាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ កម្ពុជាបានបញ្ជូនកងវិស្វកម្មពហុជំនាញ លេខ៦៩៣ ចំនួន ១៨៤នាក់ ចេញបំពេញបេសកកម្មរក្សាសន្តិភាព អ.ស.ប. នៅសាធារណរដ្ឋលីបង់ ហើយបើតាមការបញ្ជាក់របស់ អ្នកកនាំពាក្យក្រសួងការពារជាតិបានឱ្យដឹងថា នាចុងខែមករា កងទ័ពមួកខៀវកម្ពុជា១៨៤នាក់ទៀតគ្រោងចេញទៅបំពេញបេសកកម្មនៅប្រទេសលីបង់មួយជើងទៀត ដើម្បីជាកម្លាំងប្ដូរវេនជាមួយកងកម្លាំងចាស់ដែលបញ្ជូនទៅលីបង់ កាលពីឆ្នាំទៅ។

សូមជម្រាបថា កម្ពុជាធ្លាប់ជាប្រទេសដែលរងគ្រោះធ្ងន់ធ្ងរ ដោយសង្គ្រាម រ៉ាំរ៉ៃ និងធ្លាប់ទទួលជំនួយ ដោយកងកម្លាំងរក្សា សន្តិភាពរបស់ អង្គការសហប្រជាជាតិ បានខិតខំអភិវឌ្ឍខ្លួនយ៉ាងឆាប់រហ័ស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា រហូតក្លាយជាប្រទេសដែលបញ្ជូន កងកម្លាំង ក្នុងបេសកកម្មអង្គការសហប្រជាជាតិ ដើម្បីជួយសង្រ្គោះដល់ប្រទេសដែល រងគ្រោះដោយសារសង្រ្គាមនៅលើ ពិភពលោកវិញម្តង ហើយទោះបីជាជួបបញ្ហាខ្លះក៏ដោយ ក៏រាជរដ្ឋាភិបាលកម្ពុជា មិនមានការរាថយ ក្នុងការបញ្ជូនកងកម្លាំង រក្សាសន្តិភាព ទៅបំពេញបេសកកម្ម នៅក្រៅប្រទេស ក្រោមស្លាកអង្គកា សហប្រជាជាតិនោះឡើយ។

កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ២៩ ខាងបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅក្រៅប្រទេស ក្រោមឆត្រអង្គការ សហប្រជាជាតិ ក្នុងចំណោម១២៤ប្រទេសនៅលើពិភពលោក និងទទួលបានចំណាត់ថ្នាក់លេខ១៧ លើការបញ្ជូនកងកម្លាំង ផ្នែកនារី ហើយបើនិយាយអំពីតំបន់នៅអាស៊ានវិញ កម្ពុជាក៏ជាប់ចំណាត់ថ្នាក់លេខ៣ ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាព ទៅក្រៅ ប្រទេសនេះ និងលេខ២ សម្រាប់ការបញ្ជូនកងកម្លាំងជានារី៕(អត្ថបទ៖អោម ចែតច័ន្ទណារ៉ា )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation