កម្ពុជាកំពុងត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នាឆ្នាំ២០២០
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ឆ្នាំ២០២០ កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការ ក្រសួងការបរទេស ដោយមានក្រសួងស្ថាប័នជាតិសំខាន់ៗដែលពាក់ព័ន្ធចូលរួម។ កិច្ចប្រជុំនេះផ្តោតសំខាន់លើ៖

១.ពិភាក្សា និង ផ្លាស់ប្តូរយោបល់ ប្រមូលធាតុចូលសម្រាប់រៀបចំ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការ រៀបចំ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣” នៅឆ្នាំ ២០២០។

២.បង្កើតសមាសភាពលេខាធិការដ្ឋាន និង អនុគណៈកម្មការចំនួន៦ នៃគណៈកម្មាធិការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ ២០២០ មានតួនាទី និង ភារកិច្ច សម្រួបសម្រួលរៀបចំកិច្ចប្រជុំឲ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។

៣.ការត្រៀមកសាងនូវហេដ្ឋារចនាសម្ព័ន្ធអគារសាលប្រជុំថ្មី ដែលមានលក្ខណៈទំនើប ទាន់សម័យ និងប្រកបដោយសុវត្ថិភាព សម្រាប់កិច្ចប្រជុំ។

គួរបញ្ជាក់ថា នេះជាមោទនភាពសម្រាប់កម្ពុជា ក្នុងការទទួលធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ដែលមានការចូលរួមពី ប្រមុខរដ្ឋ -ប្រមុខរដ្ឋាភិបាល នៃបណ្តាអាស៊ី និងអឺរ៉ុបចំនួន ៥១ ប្រទេស និង អគ្គលេខាធិការអាស៊ាន ព្រមទាំងសហគមន៍អឺរ៉ុប។ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបបង្កើតឡើងនៅឆ្នាំ ១៩៩៦ ដោយមានប្រទេសជាដៃគូសន្ទាចំនួន ៥៣ប្រទេស នៃប្រទេសអាស៊ី និង អឺរ៉ុប និងអគ្គលេខា ធិការអាស៊ាន។ កិច្ចប្រជុំនេះ ប្រារព្ធធ្វើឡើងរៀងរាល់ ២ឆ្នាំម្តង ដើម្បី ពង្រឹងកិច្ចសហប្រតិបត្តិការ និងផ្តល់នូវ ផលប្រយោជន៍យ៉ាងល្អប្រសើរទៅវិញទៅមកលើការងារ ១.សន្តិសុខ នយោបាយ ២.សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ៣.ការអប់រំ វប្បធម៌ និងសង្គម។

សូមរំលឹកថា មេដឹកនាំប្រទេសអាស៊ី-អឺរ៉ុប បានសម្រេចជាឯកច្ឆន្ទ ឲ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ នៅឆ្នាំ២០២០ខាងមុខនេះ ដែលនេះជាការទទួលបានឱកាសលើកដំបូងសម្រាប់កម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំដ៏សំខាន់មួយនេះ ក្រោយក្លាយជាសមាជិកកាលពីឆ្នាំ២០១៤។ ការសម្រេចបែបនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូល អាស៊ី-អឺរ៉ុបលើកទី១២ នៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះ៕(អត្ថបទ៖វង់ សុភ័ក្រ)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation