កម្ពុជា-លាវ ព្រមព្រៀងគ្នាឱ្យមានកិច្ចប្រជុំរវាងនគរបាលប្រចាំច្រកទ្វារអន្តរជាតិនៃប្រទេសទាំងពីរ រៀងរាល់មួយខែម្ដង ដើម្បីពង្រឹងសន្តិសុខនិងបង្ការទប់ស្កាត់បទល្មើសឆ្លងដែន
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា និងនាយកដ្ឋានអន្តោប្រវេសន៍លាវបានបើក កិច្ចប្រជុំពិភាក្សាការងារ រវាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនាយកដ្ឋាន អន្តោប្រវេសន៍ ក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រមានិតលាវ នៅសណ្ឋាគារព្រីនស៍ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ក្នុងកិច្ចប្រជុំនេះភាគីកម្ពុជា ដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន និង ឯកឧត្តម ឧត្តមសេនីយ៍ ឯក សុខ វាសនា អគ្គនាយករង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងភាគីលាវដឹកនាំដោយលោកវរសេនីយ៍ទោ សាយស៊ីមីង ស៊ីវិល័យ ប្រធាននាយកដ្ឋានអន្តោប្រវេសន៍លាវ។

នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលកិច្ចសហប្រតិបត្តិការរវាង អគ្គនាយកដ្ឋានអន្តោប្រវេសន៍ កម្ពុជា និងនាយកដ្ឋានអន្តោប្រវេសន៍លាវ និងសូមឯកភាពចំពោះទិសដៅ ការងារដែលបានដាក់ចេញសម្រាប់កិច្ចសហប្រតិ បត្តិការ បន្តក្នុងឆ្នាំ២០១៩ និងមតិលើកឡើងរបស់លោក វរសេនីយ៍ទោ សាយសាមីង ស៊ីវីល័យ អគ្គនាយកអន្តោ ប្រវេសន៍លាវ។ ឯកឧត្តម បន្តថា ទោះបីជាកិច្ចប្រជុំ បានប្រព្រឹត្តទៅក្នុងរយៈពេលខ្លីក៏ពិតមែន ប៉ុន្តែយើងសម្រេចបាននូវលទ្ធផលជាច្រើនតាមការ រឹពឹងទុក។ លទ្ធផលនេះ បានមកពីការយកចិត្តទុកដាក់របស់យើងទាំងអស់ គ្នានៅទីនេះ ដែលបានធ្វើការ ជាមួយ គ្នាដោយ ទឹកចិត្តស្មោះសត្រង់ទៅត្រង់មក ក្នុងស្មារតីពង្រឹងមិត្តភាព សាមគ្គី ភាពនិងសហប្រតិបត្តិការ ដើម្បីគោលបំណងសំខាន់ គឺការពារ សុខសន្តិភាពនៃប្រទេសយើងទាំងពីរ កម្ពុជា- លាវ និងបង្ការទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ដែលជាប្រការយ៉ាងសំខាន់ រួមចំណែកចំពោះដំណើរ ការអភិវឌ្ឍសេដ្ឋកិច្ច និងវិស័យដទៃទៀត ដើម្បីលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជនកាន់តែ ប្រសើរឡើង។

ក្នុងកិច្ចប្រជុំនេះដែរ លោកវរសេនីយ៍ទោ សាយស៊ីមីង ស៊ីវិល័យ ប្រធាននាយកដ្ឋានអន្តោប្រវេសន៍លាវ បានស្នើសូមឱ្យមានកិច្ចសហប្រតិបត្តិការឱ្យកាន់តែខ្លាំងក្លាបន្តទៅទៀត ដូចជាឱ្យមានការ ផ្លាស់ប្ដូរព័ត៌មានជនបរទេសដែលចេញចូលឆ្លងកាត់ ប្រទេសទាំងពីរ, បន្តការផ្លាស់ប្ដូរ ឬការបញ្ជូនជនល្មើសតាមការស្នើសុំ របស់ប្រទេសទាំងពីរ, បន្តការសម្រួលដល់ការធ្វើដំណើរ ចេញចូលរបស់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរនៅតាមព្រំដែន។ ជាមួយគ្នានេះក៏មានការស្នើសុំឱ្យមានការបង្កើនកិច្ចសហ ប្រតិបត្តិការថែរក្សាសន្តិសុខតាមព្រំដែន និងការពារបរិស្ថាន ក៏ដូចជាធនធានធម្មជាតិ នៅតំបន់ព្រំដែនប្រទេសទាំងពីរ ផងដែរ ។

បន្ទាប់ពីកិច្ចប្រជុំពិភាក្សារួចមក ភាគីទាំងពីរបានសម្រេចឱ្យមានកិច្ចប្រជុំលក្ខណៈអគ្គនាយកដ្ឋានក្នុងរយៈពេលមួយឆ្នាំម្ដង ដោយទទួលរៀបចំកិច្ចប្រជុំម្ដងម្នាក់ ទៅតាមការផ្លាស់ប្ដូរ និង សម្រេចឱ្យមានកិច្ចប្រជុំនគរបាលនៅតំបន់ច្រកទ្វារអន្តរជាតិ នៃប្រទេសទាំងពីររយៈពេលមួយខែម្ដង និងកិច្ចប្រជុំពិសេស ឬបន្ទាន់ពេលមានតម្រូវការចាំបាច់។នៅក្នុងដំណើរទស្សនកិច្ច នេះដែរ គណៈប្រតិភូនគរបាលអន្តោប្រវេសន៍លាវ មានគម្រោងទស្សនកិច្ចនៅអាកាសយានដ្ឋាន អន្តរជាតិកងកេង និងកោះមួយចំនួន ក្នុងខេត្តព្រះសីហនុ ដែលមានអ្នកវិនិយោគ និងអ្នកទេសចរបរទេសរស់នៅ ច្រើនផងដែរ៕




Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation