ព័ត៌មានអន្តរជាតិ

ទិដ្ឋភាពរថយន្តស្ថិតនៅក្រោមផ្ទៃទឹកដោយសារតែទឹកជំនន់វាយប្រហាររដ្ឋកាលីហ្វ័រញ៉ា

image


សហរដ្ឋអាម៉េរិក៖ តាមរយៈរូបភាពវីដេអូពីយន្តហោះដ្រូន នៅថ្ងៃអង្គារនេះ បានផ្តិតយកទិដ្ឋភាពនៃទឹកជំនន់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាម៉េរិក ដោយបានបង្កឱ្យរថយន្តលិចលង់នៅក្រោមផ្ទៃទឹក ហើយនេះគឺជាលទ្ធផលដែលបណ្តាលមកពីបញ្ហាអាកាសធាតុអំឡុងរដូវរងាដ៏អាក្រក់បំផុត។

ភ្នាក់ងារសារព័ត៌មាន រ៉យទ័រ បានផ្តិតយករូបភាពទាំងនេះតាមរយៈយន្តហោះដ្រូន ស្ថិតនៅជិតដងទន្លេធូលលី (Tule) ។

ភាគខាងត្បូង និងភាគកណ្តាលនៃរដ្ឋកាលីហ្វ័រញ៉ា ក៏ដូចជាទីប្រជុំជនផ្សេងៗទៀតដែលស្ថិតនៅតាមបណ្តោយឆ្នេរប៉ាស៊ីហ្វិក ភាគខាងត្បូងនៃទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ហាក់មានភាពស្ងប់ស្ងាត់ពីព្យុះបន្តិច ចាប់តាំងពីចុងខែធ្នូ ប៉ុន្តែនៅមួយថ្ងៃមុននេះ គេព្យាករណ៍ថា នឹងមានការវាយប្រហារខ្លាំងបំផុតមួយពីព្យុះ ដោយសារតែកត្តាអាកាសធាតុត្រជាក់ ។

មជ្ឈមណ្ឌលព្យាករណ៍អាកាសធាតុ NWS បានបញ្ជាក់ថា នេះគឺជាព្យុះបង្កឡើងដោយប្រព័ន្ធសម្ពាធបរិយាកាសទាបទី១២ ដែលបង្កឱ្យមានការវាយប្រហារនៅតាមបណ្តោយឆ្នេរស្ថិតនៅភាគខាងលិចសហរដ្ឋអាម៉េរិក ចាប់តាំងពីខែធ្នូ ដោយបាននាំមកជាមួយនឹងខ្យល់បោកបក់ខ្លាំងៗនៅក្នុងសមុទ្រ ថែមទាំងមានភ្លៀងធ្លាក់ខ្លាំង អមដោយព្រិលនៅតំបន់ក្រៅពីសមុទ្រ ។

ភ្នាក់ងារ NWS បានបន្ថែមថា កម្រិតភ្លៀងធ្លាក់មានរហូតដល់ ៣អ៊ីញ (៧.៦ សង់ទីម៉ែត្រ) នឹងមានវត្តមាននៅក្នុងតំបន់ឆ្នេរ និងនៅតាមជ្រលងភ្នំស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង ហើយរហូតដល់ ៦ អ៊ីញ (១៥.២ សង់ទីម៉ែត្រ) នៅតំបន់ជើងភ្នំ និងចង្កេះភ្នំ ។

ទន្ទឹមគ្នានេះ ការព្យាករណ៍ ក៏បានបញ្ជាក់បន្ថែមថា ល្បឿនខ្យល់អាចនឹងបក់ក្នុងកម្រិត ១២១ គីឡូម៉ែត្រក្នុងមួយម៉ោង នៅតាមតំបន់ភ្នំ និងវាលខ្សាច់ភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា និង ៨៨គីឡូម៉ែត្រក្នុងមួយម៉ោង នៅតាមឆ្នេរសមុទ្រ និងនៅតាមជ្រលងភ្នំ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect