សង្គម

រដ្ឋលេខាធិការក្រសួងសាធារណការ អំពាវនាវឱ្យអ្នកបើកបរលើផ្លូវសាធារណៈ សូមភ្ញាក់រលឹកផ្លាស់ប្ដូរឥរិយាបថមិនគោរពច្បាប់ មកគោរពច្បាប់ចរាចរណ៍

image


បាត់ដំបង៖ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក លោកស្រី មីន មាណនី បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ជាពិសេសអ្នកប្រើប្រាស់ទ្រូងផ្លូវនានា សូមមានការភ្ញាក់រលឹក និងផ្លាស់ប្ដូរឥរិយាបថ មិនគោរពច្បាប់ មកគោរពច្បាប់ចរាចរណ៍ ដើម្បីកាត់បន្ថយនូវអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យស្ថិតនៅកម្រិតទាបបំផុត ខណៈស្ថានភាពនៃអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងប្រទេសកម្ពុជានៅតែជាបញ្ហាចម្បងគួរឱ្យព្រួយបារម្ភ ។

ថ្លែងនៅក្នុងការបើកយុទ្ធនាការដើរដង្ហែក្បួនផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍ផ្លូវគោក នៅលើដងផ្លូវក្នុងក្រុងបាត់ដំបង ដែលរៀបចំឡើងដោយក្រុមអ្នកជំនាញជប៉ុន JICA របស់គម្រោងធ្វើឱ្យប្រសើរឡើងនូវសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើផ្លូវជាតិសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីបញ្ច្រៀបការយល់ដឹងអំពីច្បាប់ចរាចរណ៍ដល់សាធារណៈជននៅតាមដងផ្លូវនានាក្នុងក្រុងបាត់ដំបង នាល្ងាចថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១នេះ ដោយមានការចូលរួមពីលោក សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្តបាត់ដំបង ព្រមទាំងមន្ត្រីរាជការ ក្រុមយុវជនសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង និងអ្នកពាក់ព័ន្ធជាច្រើនទៀត ។

លោកស្រី មីន មាណនី បានបង្ហាញឱ្យដឹងថា ការពិតគ្រោះថ្នាក់ចរាចរណ៍បានបណ្តាលឱ្យបាត់បង់អាយុជីវិត ការរងរបួស និងការបាត់បង់ទ្រព្យសម្បត្តិ មានចំនួនលើសលប់កន្លងទៅនេះមិនត្រឹមតែប៉ុណ្ណេះទេ វាក៏បានបន្សល់ទុកនូវកុមារកំព្រា ស្ត្រីមេម៉ាយ ជនពិការ និងទុរគតជន ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិលើគ្រប់វិស័យផងដែរ ។

លោកស្រី បានបន្តថា ក្រោមការដឹកនាំរបស់រារដ្ឋាភិបាលកម្ពុជា បានធ្វើឱ្យសមិទ្ធផលជាតិសំខាន់ៗនានា ត្រូវបានស្ថាបនាកសាងឡើងជាបន្តបន្ទាប់ ក្នុងនោះហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ក៏ត្រូវបានកសាងយ៉ាងប្រទាក់ក្រឡា ភ្ជាប់ពីតំបន់មួយទៅតំបន់មួយពីទីក្រុង រហូតដល់ជនបទដាច់ស្រយាល ក្នុងគោលបំណង ដើម្បីបង្កភាពងាយស្រួលដល់ការធ្វើចរាចរណ៍ និងដឹកជញ្ជូនជាដើម ប៉ុន្តែជាមួយនឹងភាពងាយស្រួលនេះ ក៏ត្រូវបានអ្នកបើកបរ និងអ្នកប្រើប្រាស់ផ្លូវមួយចំនួន ដែលមិនបានចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ខ្វះការគោរពសិទ្ធិគ្នា បង្កឱ្យមានភាពអនាធិបតេយ្យដូចជា៖ បើកបរក្នុងល្បឿនលឿនហួសច្បាប់បានកំណត់ បើកបរក្នុងស្ថានភាពស្រវឹង បើកបរប្រណាំងប្រជែង បើកបរមិនគោរពស្លាកសញ្ញា គំនូសសញ្ញា និងភ្លើងសញ្ញាចរាចរណ៍ជាដើម ។

អភិបាលរងខេត្តបាត់ដំបង លោក សឿម ប៊ុនរិទ្ធិ បានអំពាវនាវឱ្យគ្រប់បណ្តាមន្ទីរ អង្គភាពពាក់ព័ន្ធ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និងប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តបាត់ដំបង ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ និងសហការគ្នាយ៉ាងសស្រាក់សស្រាំ ដើម្បីចូលរួមអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក សំដៅប្រែក្លាយផែនការសកម្មភាពសុវត្ថិភាពចរាចរណ៍របស់ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកឱ្យមានប្រសិទ្ធភាពខ្ពស់ និងរួមគ្នាប្រែក្លាយព្រះរាជាណាចក្រកម្ពុជា ឱ្យទៅជាប្រទេសមួយមានសុវត្ថិភាពចរាចរណ៍ដ៏គួរឱ្យកក់ក្ដៅ ។

លោក អភិបាលរងខេត្តបាត់ដំបង បានរំលឹកថា រាល់ការរៀបចំការអប់រំផ្សព្វផ្សាយកន្លងមក គឺសំដៅពញ្ញាក់ស្មារតីប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់ផ្លូវសាធារណៈទាំងអស់ឱ្យមានការភ្ញាក់រលឹក ក្នុងការផ្លាស់ប្ដូរឥរិយាបថមិនគោរពច្បាប់ឱ្យចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកឈានឆ្ពោះទៅទប់ស្កាត់ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ឱ្យចុះមកកម្រិតទាបបំផុត ព្រោះថាកត្តាមនុស្ស កត្តាមធ្យោបាយ គ្រាន់តែជាកត្តារួមផ្សំប៉ុណ្ណោះ កត្តាសំខាន់ដែលអាចចៀសវាងគ្រោះថ្នាក់ចរាចរណ៍បាននោះ គឺខ្លួនយើង ដូច្នេះត្រូវចេះការពារខ្លួនយើង ត្រូវកំណត់អ្វីដែលត្រូវធ្វើ និងអ្វីមិនគួរធ្វើ ហើយទន្ទឹមនោះយើងទាំងអស់គ្នា ត្រូវជួយអប់រំដល់ក្រុមគ្រួសារបងប្អូន និងញាតិមិត្ត ចូលរួមគោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ដូចពាក្យ ស្លោកមួយពោលថា “ថ្ងៃនេះ ថ្ងៃស្អែក កុំឱ្យមានគ្រោះ ថ្នាក់ចរាចរណ៍” ៕

ដោយ៖ ឡាច សុគន្ធាវី