សង្គម

ភូមិស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម" ត្រៀមកើតមានក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាទាំង២នេះនៅកម្ពុជា

image

 
"ភូមិស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម" ត្រៀមលេចចេញជារូបរាងឆាប់ៗនេះ ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នាថ្ងៃខែមេសាខាងមុខ ខណៈក្រុមការងារបានរៀបចំពិធីក្រុងពាលីបួងសួងសុំទឹកដី និងដំណើរការ នៅបរិវេណប្រាសាទបាយ័ន នៅកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតិភាពរបស់ឯកឧត្តម ស សុខា ប្រធានអនុប្រធានសហភាពសហព័ន្ធយយុវជនកម្ពុជា និងជាប្រធានក្រុមការងារចង្កោមទី៣ ផ្តោតលើកម្មវិធីផ្សព្វផ្សាយព្រឹត្តិការណ៍កីឡាស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម២០២៣ កម្មវិធីភូមិបេតិកភណ្ឌវប្បធម៌ និងក្រុមការងារកម្មវិធីគុនល្បុក្កតោ និងលោកជំទាវ កែ សួនសុភី។

ក្រុមការងាររៀបចំ "ភូមិស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម" នឹងដំណើរសកម្មភាពការងាររបស់ខ្លួននៅអំឡុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៣ ដែលមានទីតាំងនៅក្បែរប្រាសាទបាយ័ន ក្នុងគោលបំណងបង្ហាញនិងផ្សព្វផ្សាយឱ្យបានទូលំទូលាយ ពីព្រះរាជាណាចក្រកម្ពុជាក្នុងភាពជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក្រោមប្រធានបទ "កីឡារស់ក្នុងសន្តិភាព" ព្រមទាំងចូលរួមចំណែកជំរុញនិងលើកទឹកចិត្តប្រជាជនកម្ពុជាក្នុងការលើកតម្កើងមោទកភាពជាតិ ភាពដ៏សម្បូរបែបនិងសក្ដានុពលរបស់កម្ពុជាលើកឆាកជាតិ និងអន្តរជាតិ។

ម្យ៉ាងទៀតកម្មវិធី "ភូមិស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម" នេះនឹងបង្ហាញអំពីមោទកភាពជាតិខ្មែរដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះកីឡាដ៏ធំប្រចាំតំបន់អាស៊ានមួយនេះ នៅក្នុងខែឧសភា ឆាប់ៗខាងមុខ។ ទីតាំងនេះដែរ នឹងរំលេចឡើងនូវផ្ទាំងទស្សនីយភាពជាច្រើនដូចជា ពិព័រណ៌ប្រភេទកីឡា សកម្មភាពលេងកីឡាកម្សាន្តនានាដែលមហាជនអាចចូលរួមទស្សនា ស្វែងយល់ និងលេងកម្សាន្ត។ ខណៈកម្មវិធីនេះ គឺត្រូវរៀបចំធ្វើនៅលានជល់ដំរី។

បើតាមរបាយការណ៍ពីក្រសួងទេសចរណ៍ ក្នុងកម្មវិធីអង្គរសង្ក្រាន្ត ចុងក្រោយដែលរៀបចំកាលពីឆ្នាំ២០១៨ គឺមានមហាជនចូលរួមប្រមាណជាង១លាន៨សែននាក់ ខណៈព្រឹត្តិការណ៍នេះ ស្រូបចូលសេដ្ឋកិច្ចប្រមាណ ១០៨លានដុល្លារអាមេរិក។ ចំណែកឆ្នាំថ្មីប្រពៃណីជាតិខ្មែរ នៅពាក់កណ្ដាលខែមេសា ឆ្នាំ២០២៣ ខាងមុខនេះ កម្មវិធីអង្គរសង្ក្រាន្ត មានកម្មវិធីប្រចាំថ្ងៃ កម្មវិធីទស្សនីយភាព កម្មវិធីថ្មី និងកម្មវិធីនៅតំបន់ផ្សេងជាច្រើន ត្រៀមទទួលស្វាគមន៍មហាជនមកពីទីជិតឆ្ងាយចូលរួមកម្សាន្តនិងទស្សនាផងដែរ។

គួរបញ្ជាក់ផងដែរថា ពិធីក្រុងពាលីនេះគឺជាពិធីដែលរៀបចំឡើងដើម្បីបួងសួងសុំទឹកដី និងទីកន្លែងសាងសង់សម្រាប់ធ្វើការរៀបចំទីតាំងព្រឹត្តិការណ៍ និងសុំសេចក្ដីសុខសប្បាយជូនដល់ក្រុមការងាររៀបចំទាំងអស់ឱ្យទទួលបាននូវជោគជ័យគ្រប់ភារកិច្ចដោយរលូននៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣ និងសម្រាប់បូជាក្រុងពាលីដោយមានការចូលរួមពីសមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមានសមត្ថកិច្ច និងសិស្សានុសិស្សនៃខេត្តសៀមរាបផងដែរ៕