ព័ត៌មានជាតិ

ប្រធាន​ស​.​ស​.​ស​.​ក គាំទ្រ​ការជំរុញ​របស់​នាយក​រដ្ឋមន្ត្រី ឲ្យ​ធ្វើ​វិសោធនកម្ម​ច្បាប់​របប​សារព័ត៌មាន ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន និង​ច្បាប់​បទល្មើស​ប្រឆាំង​បច្ចេកវិទ្យា​

image

(​ភ្នំពេញ​)៖ ក្នុង​ពិធី​ជួបជុំ​អ្នកសារព័ត៌មាន លើក​ទី​៣ នា​ព្រលប់​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៩ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ជំរុញ​ឲ្យ​ក្រសួង​ព័ត៌មាន និង​ក្រសួង​ប្រៃសណីយ៍ រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ ធ្វើ​វិសោធនកម្ម ឲ្យ​ស៊ីចង្វាក់​គ្នា ស្របគ្នា ឬ​មាន​សុគត​ភាព​នឹង​គ្នា​នូវ​ច្បាប់ ៣ គឺ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន កាលពី​ឆ្នាំ​១៩៩៥ និង​សេចក្តីព្រាងច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន ព្រមទាំង​សេចក្តីព្រាងច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា ឬ​ច្បាប់​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា Cyber Law​។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា ការរៀបចំ​ធ្វើ​ច្បាប់​ទាំង ៣​ខាងលើនេះ មិនមែនជា​ការគ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ តាមបែប​ផ្តាច់ការ នៅ​កម្ពុជា​នោះទេ​។


​ចំពោះមុខ​អ្នកសារព័ត៌មាន និង​មន្ត្រី​នាំពាក្យ​ជាង ៥.០០០ នាក់ សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាសថា នៅ​កម្ពុជា កាលពី​ឆ្នាំ​១៩៩៥ យើង​មានច្បាប់​ស្តីពី​របប​សារព័ត៌មាន​។ នៅពេលនេះ យើង​កំពុង​រៀបចំ​សេចក្តីព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​ព័ត៌មាន និង​ច្បាប់​ស្តីពី​ឧក្រិដ្ឋកម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា​។ ដូច្នេះ​ក្រសួង​ព័ត៌មាន និង​ក្រសួង​ប្រៃសណីយ៍ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ពិនិត្យ​លើ​ច្បាប់​ទាំងបី​នេះ ឲ្យ​មាន​សុគត​ភាព​នឹង​គ្នា​។ តើ​ច្បាប់​របប​សារព័ត៌មាន ឆ្នាំ​១៩៩៥ ត្រូវធ្វើ​វិសោធនកម្ម កែសម្រួល​អ្វីខ្លះ​? ហើយ​សេចក្តីព្រាងច្បាប់​ថ្មី ២​នេះ ត្រូវធ្វើ​យ៉ាងណា ឲ្យ​ស្របគ្នា​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន និង​ក្រសួង​ប្រៃសណីយ៍ ព្រមទាំង​ស្ថាប័ន​ពាក់ព័ន្ធ ត្រូវ​ពិភាក្សា​ឲ្យ​បាន​ល្អិតល្អន់​។ ការរៀបចំ​ច្បាប់​ថ្មី​ទាំងនេះ មិនមែន​ជាការ​ឈានទៅ​គ្រប់គ្រង​ប្រព័ន្ធ​ផ្សព្វផ្សាយ តាមបែប​ផ្តាច់ការ ដូច​ការធ្វើ​អត្ថាធិប្បាយ​នោះទេ​។ ការកែសម្រួល និង​ធ្វើ​ច្បាប់​ថ្មី​ទាំងនេះ ត្រូវ​ឲ្យ​រួចរាល់ នៅក្នុង​អាណត្តិ​ទី​៦​នេះ​។​
​ចំពោះ​សេចក្តីប្រកាស​របស់​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ខាងលើ ពិសេស​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ឆ្នាំ​១៩៩៥ ត្រូវបាន​លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា ស​.​ស​.​ស​.​ក បានប្រកាស​គាំទ្រ​។

លោក ហ៊ុយ វណ្ណៈ លើកឡើងថា កាល​ពីមួយ​ឆ្នាំមុន ក្នុងនាម​សហភាព​សហព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុជា លោក​បានដាក់​លិខិតស្នើ​ទៅកាន់​ក្រសួង​ព័ត៌មាន ឲ្យ​ធ្វើ​វិសោធនកម្ម កែប្រែ​ច្បាប់​ស្តីពី​របប​សារព័ត៌មាន ឆ្នាំ​១៩៩៥ ដោយសារតែ​ការធ្វើ​ច្បាប់​នោះ កាលណោះ ត្រូវ​នឹង​បរិបទ​សម័យ​នោះ​។ ប៉ុន្តែ​សព្វថ្ងៃ ដោយសារតែ​បច្ចេកវិទ្យា​រីកចម្រើន ប្រព័ន្ធ​ផ្សព្វផ្សាយ មាន​ដល់​អន​ឡាញ ដែល​មិន​ត្រឹមតែ​ការបោះពុម្ព​បែប​បុរាណ​ទេ វា​ចូលដល់​ទំនើប​ហើយ​។​

​លោក ហ៊ុយ វណ្ណៈ បន្ថែមថា "​យើង​ក៏​គាំទ្រ​ដែរ នូវ​ការជំរុញ​ធ្វើ​ច្បាប់​ឧក្រិដ្ឋកម្ម​ប្រព័ន្ធ​បច្ចេកវិទ្យា ឬ Cyber Law ដើម្បី​ទប់ស្កាត់​ទៅលើ​ព័ត៌មាន​បំពុល ការពារ​ហិរញ្ញវត្ថុ និង​សន្តិសុខ​ជាតិ​។ យើង​ក្នុងនាម​សហភាព​សហព័ន្ធ​អ្នកកាសែត​កម្ពុជា គាំទ្រ​ការធ្វើ​ច្បាប់​ទាំង​៣ ឲ្យ​មាន​សុគត​ភាព​នឹង​គ្នា ហើយ​ជាពិសេស​ច្បាប់ Cyber ហ្នឹង គឺ​ទាក់ទង​ទៅនឹង​ការប្រយុទ្ធប្រឆាំង​ព័ត៌មាន​ក្លែងក្លាយ​ផង ការពង្រឹង​សន្តិសុខ​ហិរញ្ញវត្ថុ និង​សន្តិសុខ​ជាតិ​ផង​"៕​