​កម្ពុជា-ថៃ សន្យារឹតបន្តឹងបទល្មើសតាមព្រំដែន ពិសេសគ្រឿងញៀននិងការនាំចូលរថយន្តចង្កូតស្ដាំ
| ព័ត៌មានជាតិ
SHARE

បាត់ដំបង៖ នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៩ នេះឧត្ដមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី៥ បានទទួលជួបពិភាក្សាជាមួយ លោកឧត្ដមនាវីត្រី បាំរ៉ុងរ៉ាក់ សៈការ៉ាត់កាណុន មេបញ្ជាការរងកងកម្លាំងការពារព្រំដែនថៃច័ន្ទបូរី-ត្រាត នៅយោធភូមិភាគ៥ ខេត្តបាត់ដំបង។

នៅក្នុងកិច្ចប្រជុំភាគីទាំងពីរបានសន្យារួមគ្នាថា នឹងចាត់វិធានការតឹងរ៉ឹងដើម្បីឈានទៅបង្ក្រាប និងទប់ស្កាត់បទល្មើសនៅតាមព្រំដែននៃប្រទេសទាំងពីរ ឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ជាពិសេសទប់ស្កាត់បទល្មើសគ្រឿងញៀន និងការលួចនាំចូលនូវរថយន្តចង្កូតស្ដាំពីប្រទេសថៃចូលកម្ពុជា។ ភាគីទាំងពីរ ក៏បានសម្ដែងការស្វាគមន៍ នូវកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងយោធភូមិភាគទី៥ និងកងកម្លាំងការពារព្រំដែនច័ន្ទបូរី-ត្រាត ក៏ដូចជាចំណងមេត្រីភាពមិត្តភាពកិច្ចសហប្រតិបត្តិការល្អ លើគ្រប់វិស័យរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពភូមិន្ទថៃ ដូចអ្វីដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរចង់បាន។

នៅក្នុងកិច្ចប្រជុំនេះ ឧត្ដមសេនីយ៍ឯក ប៊ុន សេង មេបញ្ជាការយោធភូមិភាគទី៥ បានមានប្រសាសន៍ថា ភាគីទាំងពីរ កម្ពុជា-ថៃត្រូវតែខិតខំការពារ និងទប់ស្កាត់នូវបទល្មើសតាមព្រំដែន ដូចជាការឆ្លងដែនខុសច្បាប់, ការជួយដូរគ្រឿងញៀន, ការនាំចូលនូវរថយន្តចង្កូតស្តាំ, ប្រឆាំងភេរវកម្ម និងបទល្មើសផ្សេងៗជាច្រើនទៀតឲ្យកាន់តែមានប្រសិទ្ធភាពបំផុត ដើម្បីឲ្យស្របទៅតាមសុច្ឆន្ទៈរបស់រាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដែលចង់ឃើញនូវព្រំដែនមួយប្រកបដោយសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍដ៏ប្រសើរនោះ។

នៅក្នុងកិច្ចប្រជុំនោះដែរភាគីទាំងពីរ ក៏បានសន្យានឹងខិតខំធ្វើយ៉ាងណា ដើរតាមការណែនាំរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ដែលជំរុញឲ្យកងទ័ពតាមក្រវាត់ព្រំដែនកម្ពុជា-ថៃជួបប្រាស្រ័យគ្នាឲ្យបានញឹកញាប់ ក្នុងគោលបំណងបង្កើនមិត្តភាពស្និតស្នាល តាមរយៈលេងនូវកីឡារួមគ្នា និងជួបពិភាក្សាគ្នាជាដើមនោះ៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation