ជប៉ុន មើលឃើញថា សេដ្ឋកិច្ចកម្ពុជា កំពុងមានសន្ទុះរីកចម្រើនខ្លាំង ហើយសន្យាគាំទ្រកម្ពុជាបន្ថែមទៀត
| ព័ត៌មានជាតិ
SHARE

សៀមរាប ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៦ ខែមករានេះ នាទីក្រុងសៀមរាប បានជួបជាមួយប្រតិភូជប៉ុន ដឹកនាំដោយឯកឧត្តម តាគុជិ យ៉ាណាជីម៉ូតុ (Takuji YANAGIMOTO) សមាជិកព្រឹទ្ធសភាជប៉ុន។ 

បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់ឲ្យដឹងថា នៅក្នុងជំនួបនេះ ឯកឧត្តម តាគុជិ បានគោរពថ្លែងអំណរគុណ ជូនសម្ដេចតេជោ ចំពោះការទទួលស្វាគមន៍យ៉ាងរាក់ទាក់ ដល់ប្រតិភូរបស់ឯកឧត្តម មកកាន់កម្ពុជាពេលនេះ ហើយឯកឧត្តមសូមសំដែង នូវការអបអរសាទរ ចំពោះជោគជ័យ ដែលទទួលបាននា កិច្ចប្រជុំសមាជិកសភាស្ត្រី នៃវេទិការអាស៊ី-ប៉ាស៊ីហ្វិក (APPF) នៅទីក្រុងសៀមរាបនេះ។

ឯកឧត្តម ក៏បានជម្រាបជូន សម្ដេចតេជោ ដែលថា ឯកឧត្តម បានកត់សម្គាល់ឃើញថា នៅពេលនេះ អ្នកវិនិយោគជប៉ុន ក៏បានចាប់ផ្ដើមមកវិនិយោគ នៅព្រះរាជាណាចក្រកម្ពុជា កាន់តែច្រើន, ប្រជាជននិងប្រជាជន ក៏មានទំនាក់ទំនងល្អផងដែរ។ ពីនោះទៅទៀត សេដ្ឋកិច្ចកម្ពុជា ក៏កំពុងតែមានសន្ទុះ រីកចម្រើនយ៉ាងលឿន ឯកឧត្តម មានប្រសាសន៍ថា នេះជាការឆ្លុះបញ្ចាំង នូវកិច្ចប្រឹងប្រែងដ៏ល្អ របស់កម្ពុជាយើង។ ក្នុងន័យនេះ ឯកឧត្តម ក៏បានគោរពជម្រាបជូន សម្ដេចតេជោថា ជប៉ុននឹងបន្តគាំទ្រកម្ពុជាថែមទៀត។

ជាការឆ្លើយតប សម្តេចតេជោ បានថ្លែងអំណរគុណ ជូនចំពោះឯកឧត្តម តាគុជី ព្រមទាំងគណៈប្រតិភូទាំងមូល ដែលបានមកចូលរួមកិច្ចប្រជុំ APPF នេះ ហើយក៏បានមានប្រសាសន៍ផងដែរថា ជប៉ុនបានដើរតួនាទីសំខាន់ណាស់ ក្នុងការស្វែងរកសន្តិភាពរបស់កម្ពុជា ដោយជប៉ុនបានបញ្ជូន កម្លាំងប្រតិបត្តិការថែរក្សាសន្តិភាព មកកម្ពុជាជាលើកដំបូង ហើយពីនោះទៅទៀត បន្ទាប់ពីកម្ពុជាបោះឆ្នោតឆ្នាំ១៩៩៣ ជប៉ុនក៏នៅតែបន្តជួយដល់កម្ពុជា ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍប្រទេសកម្ពុជា៕ 

(អត្ថបទ ៖ សន ពិសិដ្ឋ )


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation