ព័ត៌មានជាតិ

​ឆ្នាំ ២០១៨ ការនាំចេញរបស់កម្ពុជា ក្រោមប្រព័ន្ធអនុគ្រោះពន្ធ (GSP) កើនឡើងជាង ២៣ភាគរយ​

image

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបង្ហាញថា ការនាំចេញរបស់កម្ពុជាក្រោមប្រព័ន្ធអនុគ្រោះពន្ធ (GSP) នៅឆ្នាំ ២០១៨នេះ មានតម្លៃទឹកប្រាក់សរុបប្រមាណ ១០,៣៦ពាន់ លានដុល្លារ ពោលគឺបានកើនឡើង ២៣,២៣ភាគរយ បើធៀបនឹងឆ្នាំមុន។

របាយការណ៍ដដែលបង្ហាញទៀតថា ការនាំចេញផលិតផលសម្លៀកបំពាក់មានតម្លៃទឹកប្រាក់ ៧,១ពាន់លានដុល្លារ បានកើនឡើង ២៤ភាគរយ ការនាំចេញវាយនភណ្ឌ មានតម្លៃប្រមាណ ៤៧លានដុល្លារ បានធ្លាក់ចុះប្រមាណ ៣៩,៧៧ភាគរយ ខណៈការនាំចេញស្បែកជើងមានតម្លៃប្រមាណ ៨២៧លានដុល្លារ បានកើនឡើង ១៩ភាគរយ និងការនាំចេញផលិតផលកសិ កម្មមានតម្លៃប្រមាណ ១,១២ពាន់លានដុល្លារ បានកើនឡើង ៤,៥៥ភាគរយ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ក្នុងឆ្នាំ២០១៨នេះការនាំចេញរបស់កម្ពុជា មានការកើនឡើង ហើយកំណើននេះទទួលបានពី ការកើនឡើងនៃវិស័យកាត់ដេរ និងការនាំចេញផលិតផលកសិកម្ម និងឧស្សាហកម្ម តាមរយៈការខិតខំបើកច្រកទីផ្សារ នាំចេញទៅកាន់ជាង ១៤៧ប្រទេសនៅទូទាំងពិភពលោក។

ឯកឧត្តមឲ្យដឹងទៀតថា ការនាំចេញនេះមានទំហំប្រមាណជា ៦០% នៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា សមិទ្ធិផលទាំងអស់នេះបានបង្ហាញថា ក្រសួងពាណិជ្ជកម្មបានចូលរួមចំណែក យ៉ាងសកម្មក្នុងការរក្សា និងពង្រីកកំណើនសេដ្ឋកិច្ចជាតិ ដែលតាមការប៉ាន់ស្មាន គឺមានអត្រាប្រមាណ ៧,៣% ក្នុងឆ្នាំ២០១៨នេះ។

របាយការណ៍ក្រសួងពាណិជ្ជកម្មឲ្យដឹងទៀតថា នៅឆ្នាំ២០១៨ ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយបរទេសសរុបចំនួន ២៤,៩៨ពាន់លានដុល្លារអាមេរិក។

ក្នុងនោះការនាំចេញសរុបរបស់កម្ពុជា មានតម្លៃទឹកប្រាក់ប្រមាណ ១១,២១ពាន់លានដុល្លារអាមេរិក។ ដោយឡែក សម្រាប់ការនាំចូលសរុបរបស់កម្ពុជាវិញ មានចំនួន ១៣,៧៧ពាន់លានដុល្លារអាមេរិក៕