មន្រ្តីកាំងកុងត្រូលបន្តចុះស្រាវជ្រាវរកសារធាតុគីមីហាមឃាត់នៅក្នុងផលិតផលម្ហូបអាហារនៅតាមបណ្តាផ្សារគោលដៅនៅភ្នំពេញ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ នៅថ្ងៃសៅរ៍ ទី១៩ ខែមករា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ សាខាកាំកុងត្រូលរាជធានីភ្នំពេញ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ សាខាកាំកុងត្រូលតំបន់សេដ្ឋកិច្ចពិសេស Kerry World Bridge Logistics និងសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ ដោយទទួលបានការចូលរួមសហការពីមន្ត្រីមន្ទីរពិសោធន៍ និងគណៈកម្មការផ្សារ បានចុះធ្វើសកម្មភាពនៅតាមបណ្តាផ្សារសំខាន់ៗ ចំនួន ០៨ នៅរាជធានីភ្នំពេញមានដូចជា៖ ផ្សារអូរឡាំពិក ផ្សារអូរឫស្សី ផ្សារដើមគ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី ផ្សារទួលទំពូង ផ្សារជម្ពូវ័ន និងផ្សារច្បារអំពៅ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បី ស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមទៅលើផលិតផលម្ហូបអាហារមួយចំនួន ដូចជា៖ គ្រឿងសមុទ្រ គុយទាវសរសៃតូច លត បាញ់កាញ់ មីគ្រប់មុខ ទឹកខ្មេះគ្រប់ប្រភេទ ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រក ត្រីងៀតគ្រប់មុខ ឈាមគោ នំបញ្ចុក ខ្ញីហាន់ ផ្លែភ្ញៀវ និងផ្លែក្រូចក្រហម។ ដើម្បីរកសារធាតុគីមីហាមឃាត់ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ។

ជាលទ្ធផលមន្ត្រីជំនាញ ពុំបានរកឃើញភាពមិនប្រក្រតីណាមួយនៅក្នុងគំរូផលិតផលទំនិញទាំងនោះឡើយ។ មន្ត្រីអគ្គនាយកដ្ឋានកាំកុងត្រូលក៏បានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation