ស្វែងយល់ពីផ្លូវជាតិលេខ០៥ (ព្រែកក្តាម-ធ្លាម្អម)
| ព័ត៌មានជាតិ
SHARE

ការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីព្រែកក្តាមដល់ធ្លាម្អម ត្រូវបានរៀបចំពិធីបើក នាថ្ងៃថ្ងៃចន្ទ ទី២១ ខែឧសភា ឆ្នាំ២០១៨ ក្រោមអធីបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា កំណាត់ផ្លូវជាតិលេខ០៥ ព្រែកក្តាម-ធ្លាម្អម ត្រូវបានបើកការដ្ឋានពង្រីកពី ២គន្លង ទៅ ៤គន្លង មានប្រវែងសរុប ១៣៥,២៤គីឡូម៉ែត្រ ចាប់ពីព្រែកក្តាម (ខេត្តកណ្តាល) ដល់ធ្លាម្អម (ខេត្តពោធិ៍សាត់) ដោយឆ្លងកាត់ខេត្តចំនួន០៣ រួមមាន៖ ខេត្តកណ្តាល ប្រវែង ៤,២៥គីឡូម៉ែត្រ ខេត្តកំពង់ឆ្នាំងប្រវែង ៩៣,៥៤គីឡូម៉ែត្រ និងខេត្តពោធិ៍សាត់ប្រវែង ៣៧,៤៥គីឡូម៉ែត្រ ក្រាលបេតុងកៅស៊ូAC មានទិសចរាចរណ៍ចំនួន ៤គន្លង(២គន្លងទៅ ២គន្លងមក) បំពាក់ដោយរនាំងដែកសុវត្ថិភាពចំកណ្តាលសួន។

គម្រោងនេះគ្រោងចំណាយថវិកាសរុបប្រមាណ ២៦១លានដុល្លារអាមេរិក ជាហិរញ្ញប្បទានសម្បទាន ពីរដ្ឋាភិបាលជប៉ុន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការដោះស្រាយផល ប៉ះពាល់ សាងសង់ដោយក្រុមហ៊ុនSumitoto Mitsui Construction Co., Ltd ក្រុមហ៊ុន World Kaihatsu Kogyo Joint Venture និងក្រុមហ៊ុន Hanshin Engineering & Construction Co., Ltd ត្រួតពិនិត្យបច្ចេកទេសសាងសង់ដោយសម្ព័ន្ធក្រុមហ៊ុន Katahira & Engineers International និង Oriental Consultant Global ដោយប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ គិតចាប់ពីខែមេសា ឆ្នាំ២០១៨ រហូតដល់ខែមីនា ឆ្នាំ២០២២។

ការស្តារ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន បានឆ្លុះ បញ្ចាំងឱ្យឃើញនូវការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ដើម្បីសម្រួល ដល់ការដឹកជញ្ជូនផលិតផលក្រុមហ៊ុនវិនិយោគ និងកសិផលបងប្អូនប្រជាពលរដ្ឋមកពីគ្រប់តំបន់នៅ ទូទាំងប្រទេសទៅកាន់ទីផ្សារក្នុងស្រុក និងជាពិសេសទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈច្រកទ្វារព្រំដែន អន្តរជាតិ ប្រកបដោយភាពងាយស្រួល និងចំណាយតិច។ បន្ទាប់ពីសាងសង់រួចរាល់កំណាត់ផ្លូវជាតិនេះនឹងក្លាយជាផ្លូវមួយប្រកប ដោយសក្តានុពលខ្ពស់សម្រាប់ បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់បន្ថយគ្រោះថ្នាក់ និងការកកស្ទះចរាចរណ៍បានយ៉ាងច្រើន។

ជាពិសេសប្រជាពលរដ្ឋតាមដងផ្លូវនេះនឹងមានជីវភាពកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍និងជួយជំរុញការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិពីខេត្តបាត់ដំបងដែលជាជង្រុកស្រូវ ដ៏ធំរបស់កម្ពុជា៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation