ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ដល់ប្រទេសចិនប្រកបដោយសុវត្ថិភាព

image

ចិន៖ នៅម៉ោងប្រមាណជា ១៣:២០នាទីរសៀល ថ្ងៃទី២0 ខែមករា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញដល់ អាកាសយានដ្ឋានអន្តរជាតិទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព។

យោងតាមសេចក្តីរាយការណ៍របស់អ្នកយកព័ត៌មានCNC នៅទីនោះបានឱ្យដឹងថាវត្តមាននៃការអញ្ជើញមកទទួលគារវកិច្ច សម្តេចតេជោនាយករដ្ឋមន្រ្តី រួមមានថ្នាក់ដឹកនាំ និងមន្រ្តីជាន់ខ្ពស់នៃសាធារណរដ្ឋ ប្រជាមានិតចិនសំខាន់ៗជាច្រើនរូប និងមន្ត្រីទូតរបស់កម្ពុជាប្រចាំនៅប្រទេសចិន។

សូមជម្រាបថា ក្នុងកំលុងពេលទស្សនកិច្ចនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបពិភាក្សាការងារជាមួយប្រមុខដឹកនាំសំខាន់ៗ របស់ប្រទេសចិនរួមមាន លោក ស៊ី ជីនភីង (Xi Jinping) ប្រធានាធិបតីចិន លោក លី ចាន់ស៊ូ (Li Zhanshu) ប្រធានគណៈកម្មាធិការ អចិន្រ្តៃយ៍នៃសភាប្រជាជនចិន លោក វ៉ាង យ៉ាង (Wang Yang) ប្រធានសភាប្រឹក្សានយោបាយចិន និងជួបពិភាក្សាទ្វេភាគីជាមួយ លោក លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្រ្តីចិន និងប្រមុខដឹកនាំ និងធុរកិច្ចជន ចិនជាច្រើនរូបទៀត។ ការជួបពិភាក្សានឹងផ្តោត ទៅលើការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយរវាងកម្ពុជានិងចិន ដើម្បីផលប្រយោជន៍នៃប្រជាជាតិទាំងពីរ។

តាមកម្មវិធីថ្ងៃនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងជួបសំណេះសំណាល ជាមួយនិស្សិតកម្ពុជា ដែលកំពុងសិក្សានៅប្រទេសចិនផងដែរ៕