សម្តេចតេជោ បង្ហាញសក្តានុពលវិនិយោគនៅកម្ពុជាក្នុងវេទិកាជំរុញពាណិជ្ជកម្មនិងវិនិយោគ កម្ពុជា-ចិន ឆ្នាំ២០១៩
ប៉េកាំង៖ នាព្រឹកថ្ងៃទី២២ មករា ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ កម្ពុជា បានដឹកនាំគណៈប្រតិជានខ្ពស់កម្ពុជា និងសមាជិកសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញចូលរួមវេទិកាជំរុញពាណិជ្ជកម្ម និងវិនិយោគ កម្ពុជា ចិន ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ដែលមានការចូលរួមដោយបណ្តាថ្នាក់ដឹកនាំចិន និងបណ្តាវិនិយោគិន ចិន និងកម្ពុជា ប្រមាណជាង៧រយនាក់ ដើម្បីបង្ហាញពីសក្តានុពលវិនិយោគទៅវិញទៅមក។
នៅក្នុងឱកាសនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថ្លែងប្រាប់បណ្តាថ្នាក់ដឹកនាំចិន និងបណ្តាវិនិយោគិន ចិន និងកម្ពុជា ប្រមាណជាង៧រយនាក់ថា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ កម្ពុជាត្រូវបានគេទទួលស្គាល់ថា មានការ ផ្លាស់ប្ដូរយ៉ាងល្អប្រសើរ ទាំងទិដ្ឋភាពនយោបាយ, សន្តិសុខ, សេដ្ឋកិច្ច និងសង្គម ជាមួយនឹងអត្រាកំណើនសេដ្ឋកិច្ច ប្រចាំឆ្នាំ ជាមធ្យមប្រមាណ ៧% ។ សេដ្ឋកិច្ចកម្ពុជាក្នុង ឆ្នាំ ២០១៨ ត្រូវបាន ប៉ាន់ស្មាន ថា នឹងមានកំណើន ក្នុង អត្រា ៧,៣% ហើយសម្រាប់រយៈ ពេលមធ្យមខាងមុខ កម្ពុជាអាចរក្សាបានអត្រាកំណើនប្រមាណ ៧% ក្នុងមួយឆ្នាំ។កំណើនសេដ្ឋកិច្ចខ្ពស់នេះ បានធ្វើឱ្យកម្ពុជា សម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ ២០១៥ និងស្ថិតនៅលើគន្លងនៃការឈានទៅ សម្រេចបាននូវឋានៈនៃប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅត្រឹមឆ្នាំ ២០៣០ និងជាប្រទេសចំណូលខ្ពស់នៅឆ្នាំ ២០៥០។
សម្តេចតេជោបានបន្តថា តាមរយៈការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ២០១៥-២០២៥ រាជរដ្ឋាភិបាល បានដាក់ចេញ នូវវិធានការមុខស្រួចប្រកបដោយភាពជាក់ស្តែង និងប្រាកដនិយមមួយចំនួន ដូចខាងក្រោម៖
ទី ១. រាជរដ្ឋាភិបាលបាន និងកំពុង ជំរញការសម្របសម្រួលពាណិជ្ជកម្ម ដោយត្រៀមដាក់ឱ្យអនុវត្តនូវបញ្ជចេញចូល តែមួយ, ធ្វើសាមញ្ញកម្ម និងស្វ័យប្រវត្តិកម្មនីតិវិធីគយ ទាំងលើការកំណត់ថ្លៃ និងការបញ្ចេញទំនិញ, កាត់បន្ថយនូវថ្លៃសេវាទាំងផ្លូវការ និងមិនផ្លូវការនានា និង កែសម្រួលនូវស្ថាប័ន តាមមាត់ច្រកទ្វារអន្តរជាតិ និងកំពង់ផែអន្តរជាតិ ដើម្បីសម្រួល និងពន្លឿនដល់ការនាំចេញ និងចូល។
ទី ២. នៅលើការតភ្ជាប់ផ្នែកទន់ រាជរដ្ឋាភិបាលកំពុងរៀបចំផែនការមេស្តីពីវិស័យឡូជីស្ទីក និងបានបង្កើនការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដោយពង្រីកផ្លូវជាតិទាំងអស់ ឱ្យទៅជាបួនគន្លង ជាពិសេសផ្លូវជាតិ ដែលតភ្ជាប់ទៅនឹងប្រទេសជិតខាង , កសាងកំពង់ផែសមុទ្រទឹកជ្រៅរហូតដល់ជម្រៅទឹក ១៤ ម៉ែត្រ និងកសាងផ្លូវល្បឿនលឿន (Expressway) ពីភ្នំពេញទៅកំពង់ផែអន្តរជាតិ។ ការកសាងទាំងនេះនឹងសម្រេចរួលរាល់ក្នុងរយៈពេលឆាប់ៗខាងមុខ។
ទី ៣. ពាក់ព័ន្ធនឹថ្លៃអគ្គិសនី រាជរដ្ឋាភិបាលបានសម្រេចថាថ្លៃអគ្គិសនីនឹងត្រូវបញ្ចុះបន្ថែមទៀតជាបណ្តើរៗ ចាប់តាំងពីឆ្នាំ២០១៩ នេះតទៅ ក៏ដូចធ្វើឱ្យប្រសើរឡើងនូវស្ថិរភាពនៃការផ្គត់ផ្គង់ដើម្បីលើកកម្ពស់ភាពទាក់ទាញការវិនិយោគនៅក្នុងឧស្សាហកម្មផលិតកម្ម ដែលមានតម្លៃបន្ថែមខ្ពស់, ឧស្សាហកម្មប្រើប្រាស់ម៉ាស៊ីនទំនើប និងការផ្សារភ្ជាប់ជាមួយនឹងខ្សែចង្វាក់តម្លៃក្នុងតំបន់។
ទី ៤. រាជរដ្ឋាភិបាលកំពុងរៀបចំបង្កើតធនាគារ SME និងអនុវត្តគោលនយោបាយជំរុញការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម ដើម្បីលើកកម្ពស់វិស័យ SMEs ជាក្បាលម៉ាស៊ីនសម្រាប់កំណើនសេដ្ឋកិច្ចនិងគាំទ្រដល់ខ្សែចង្វាក់ផលិតកម្មនិងសេវាកម្ម រួមទាំងបានរៀបចំមូលនិធិគម្រោងអភិវឌ្ឍសហគ្រិនភាពកម្ពុជា។ ទន្ទឹម នេះដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការថ្មីៗរបស់វិនិយោគគិន ស្របតាមការប្រែប្រួលនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច រាជរដ្ឋាភិបាលកំពុងបញ្ចប់វិសោធនកម្មច្បាប់ស្តីពីវិនិយោគ, អនុម័តច្បាប់ស្តីពី តំបន់ សេដ្ឋកិច្ចពិសេស និងធ្វើទំនើបកម្ម ប្រព័ន្ធ ពន្ធដារ ដោយគិតគូរបន្ថែមផ្តល់ការលើទឹកចិត្តឆ្លាតវៃ, ការបណ្តុះបណ្តាល, ការប្រើប្រាស់ម៉ាស៊ីន និងបច្ចេកវិទ្យាទំនើប។
សម្តេចតេជោក៏បានសូមអំពាវនាវដល់អ្នកវិនិយោគចិនដែលមិនទាន់បានមកកម្ពុជា អញ្ជើញមកសិក្សាស្វែងយល់ពីសក្ដា-នុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជាព្រមទាំងសម្រេចចិត្តបណ្ដាក់ទុនវិនិយោគ ដើម្បីទាញយកប្រយោជន៍ជាអតិបរមាពីកិច្ចសហប្រតិបតិ្តការទ្វេភាគីរវាងវៀតណាម និងកម្ពុជា។ រដ្ឋាភិបាលសូមធានាជូនអ្នកវិនិយោគគ្រប់រូបនូវបរិស្ថានប្រកបដោយភាពអំណោយផល ជាពិសេស គឺសន្តិ ភាព សន្តិសុខ និងស្ថិរភាពនយោបាយ ក៏ដូចជាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ក្របខ័ណ្ឌច្បាប់ និង ស្ថាប័ន ដែលប្រកបដោយប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពអាចប៉ាន់ប្រមាណបាន។
ក្នុងឱកាសដមដំណើរសម្តេចតេជោនាយករដ្ឋមន្រ្តី អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានថ្លែងប្រាប់ វិនិយោគិន ចិនដែរថា តាមរយៈទំនាក់ទំនងល្អរវាងថ្នាក់ដឹកនាំចិន និងកម្ពុជាបានផ្តល់ឱកាសដល់បណ្តាវិនិយោគិនជាតិ និងអន្តរជាតិក្នុងការចាប់ឱកាសវិនិយោគ ។
អ្នកឧកញ៉ា គិត ម៉េង ក៏បានមានប្រសាសន៍ណែនាំដល់វិនិយោគិនចិនឲ្យទៅសិក្សាស្វែងយល់ពីកម្ពុជា ខណៈដែលកម្ពុជា មានសុខសន្តិភាពពេញលេញ ហើយសភាពាណិជ្ជកម្មកម្ពុជានឹងបើកទ្វារស្វាគមន៍ចំពោះការពិភាក្សានិងផ្តល់ព័ត៌មាន នានាដល់ វិនិយោគិនដែលមាន
បំណងវិនិយោគ។
សូមជម្រាបថាទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរកម្ពុជា ចិន មេដឹកនាំនៃប្រទេសទាំងពីរ មានបំណងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យបាន ១០ប៊ីលានដុល្លារអាមេរិក នៅឆ្នាំ២០២៣ ខណៈបច្ចុប្បន្នទំហំពាណិជ្ជកម្មនៃប្រទេសទាំងពីរមានជាង ៥ពាន់៥៧៧លាន ដុល្លារអាមេរិក ក្នុងនោះនៅឆ្នាំ២០២០ខាងមុខ ភាគីទាំងពីរ មានបំណងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឲ្យដល់៦ប៊ីលានដុល្លារអាមេរិក។ លើវិស័យវិនិយោគទុន ក្នុងឆ្នាំ២០១៨កន្លងទៅ វិនិយោគទុនចិន នៅកម្ពុជាមានទឹកប្រាក់ ២ពាន់៨២២លានដុល្លារជាប់ចំណាត់ថ្នាក់លេខ១ ក្នុងចំណោមវិនិយោគទុនបរទេស ក្នុងនោះរួមមានវិស័យឧស្សាហកម្មវាយនភណ្ឌកាត់ដេរ វារីអគ្គិសនី រោងចក្រកិនស្រូវ កសិឧស្សាហកម្មកៅស៊ូ និងជី វិស័យសំណង់ និងរោងចក្រធ្យូថ្ម។
លើវិស័យទេសចរណ៍ពីខែមករា រហូតដល់ ខែតុលា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ មានអ្នកទេសចរចិនមកកម្សាន្តក្នុងប្រទេសកម្ពុជា មានចំនួន ១លាន៦២៨ពាន់៨៤៦នាក់។ ទេសចរចិនមកទស្សនាកម្ពុជា អាចនឹងកើនដល់ប្រមាណ ២លាននាក់ ក្នុងឆ្នាំ២០២០។ បច្ចុប្បន្នមានអាកាសចរណ៍ចំនួន១៥ ក្នុងនោះក្រុមហ៊ុនកម្ពុជាចំនួន៣ កំពុងដំណើរការហោះហើរត្រង់ពីចិនមកកម្ពុជាចំនួន១៥៥ជើង ក្នុងមួយសប្តាហ៍៕អត្ថបទ៖ហ៊ន សុភ័ក្រ