នាយករដ្ឋមន្ត្រីចិន ៖ រដ្ឋាភិបាលចិន នឹងបង្កើនការនាំចូលអង្ករពីកម្ពុជាហើយ ចិននឹងបន្តនាំចូលកសិផលផ្សេងៗទៀតទៅកាន់ប្រទេសចិន
| ព័ត៌មានជាតិ
SHARE

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ នៅរសៀលថ្ងៃទី២២ មករានេះ ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីចិន ឯកឧត្តម លី ខឺឈាង។
ជាការចាប់ផ្តើមឯកឧត្តម លី ខឺឈាង បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានបំពេញទស្សនកិច្ចជាផ្លូវការរបស់សម្តេចតេជោ ក៏ដូចជាគណៈប្រតិភូនៅក្នុងប្រទេសចិន។

ឯកឧត្តមនាយករដ្ឋមន្ត្រីចិន បានចាត់ទុកដំណើរទស្សនាកិច្ចផ្លូវការជាលើកដំបូងនៅក្នុងប្រទេសចិនក្រោយការបង្កើតរាជរដ្ឋាភិបាលនីតិកាលទី៦របស់សម្តេចតេជោ ហ៊ុន សែន ជាដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់សម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិន។ ឯកឧត្តម បានមានប្រសាសន៍ផងដែរថា ឯកឧត្តមបានអញ្ជើញទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា កាលពីខែមករា ឆ្នាំ២០១៨ ដែលដំណើរទស្សនកិច្ចនោះមិនត្រឹមតែជាដំណើរទស្សនកិច្ចផ្លូវការនោះទេ តែក៏បានចូលរួមប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គផងដែរ។


ឯកឧត្តម លី ខឺឈាង បានគូសបញ្ជាក់ថា ឯកឧត្តមបានជំរុញនូវកិច្ចទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។

ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់សម្តេចមកប្រទេសចិននាពេលនេះ គឺដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការ និងមិត្តភាពប្រទេសទាំងពីរផងដែរ។ សម្តេចនាយករដ្ឋមន្ត្រី បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តម លី ខឺឈាង កាលពីឆ្នាំ២០១៨ គឺបានចូលរួមចំណែកពង្រឹងនូវទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ។

ក្នុងជំនួបនេះសម្តេចនាយករដ្ឋមន្ត្រី បានចោទសួរនាយករដ្ឋមន្ត្រីថា តើឆ្នាំ២០១៩នេះ មានមេដឹកនាំប្រទេសណាមកទស្សនកិច្ចនៅក្នុងប្រទេសចិនហើយឬនៅ? ឆ្លើយតបសំណួរនេះ​ ឯកឧត្តម លី ខឺឈាង បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន គឺជានាយករដ្ឋមន្ត្រីនៃប្រទេសជាមិត្តរបស់ចិនលើកដំបូងបំផុត ដែលបានបំពេញទស្សនកិច្ចនៅប្រទេសចិនក្នុងឆ្នាំ២០១៩នេះ។

ឯកឧត្តមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ដោយសារក្នុងកំលុងពេលនេះប្រទេសចិន នឹងត្រូវប្រារព្ធពិធីបុណ្យចូលឆ្នាំចិន ដូច្នេះមិនមានការទទួលភ្ញៀវបរទេសនោះទេ។

ឯកឧត្តម បានគូសបញ្ជាក់ថា ឯកឧត្តមបានឃើញទំនាក់ទំនងកម្ពុជា និងចិន មានការរីកចម្រើន និងវិវឌ្ឍន៍យ៉ាងច្រើន ហើយបានអរគុណសម្តេចនាយករដ្ឋមន្ត្រី ដែលបានរួមចំណែកយ៉ាងសំខាន់នៅក្នុងទំនាក់ទំនងទ្វេភាគីនេះ។

ឯកឧត្តមនាយករដ្ឋមន្ត្រី លី ខឺឈាង ក៏បានលើកឡើងបញ្ហាពាក់ព័ន្ធនឹងការបោះឆ្នោតនៅកម្ពុជាកាលពីខែកក្កដា ឆ្នាំ២០១៨កន្លងទៅផងដែរ។ ឯកឧត្តមបានសម្តែងការអបអរសាទរជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលទទួលបានគាំទ្របោះឆ្នោតជានាយករដ្ឋមន្ត្រីក្នុងអាណត្តិថ្មី។

ឯកឧត្តម លី ខឺឈាង បានលើកឡើងថា កិច្ចសហការរវាងចិន និងកម្ពុជា គឺជាការគោរពគ្នាទៅវិញទៅមក និងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក។ ឯកឧត្តម បានចាត់ទុកសម្តេចតេជោនាយករដ្ឋមន្ត្រី គឺជាមិត្តភក្តិចាស់នៃប្រជាពលរដ្ឋចិន។

ជាកិច្ចឆ្លើយតបសម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណឯកឧត្តម លី ខឺឈាង ដែលបានទទួលសម្តេច និងគណៈប្រតិភូ។ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ គឺបានឆ្លុះបញ្ចាំងនូវទំនាក់ទំនងពិសេសរវាងប្រទេសទាំងពីរ។

សម្តេចតេជោ ក៏បានអរគុណឯកឧត្តម លី ខឺឈាង ដែលបានសម្តែងការអបអរសាទរដល់គណបក្សប្រជាជន និងរូបសម្តេចផ្ទាល់ ដែលទទួលបានជោគជ័យយ៉ាងភ្លូកទឹកភ្លូកដីពីការបោះឆ្នោតនៅខែកក្កដា ឆ្នាំ២០១៨កន្លងទៅ។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់មិត្តចិត្ត ដែលតែងបានទទួលព្រះដំណើររបស់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងព្រះមហាក្សត្រី។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្តែងការអបអរសាទរចំពោះខួប៤០ឆ្នាំ នៃការដាក់ចេញនយោបាយកែទម្រង់សេដ្ឋកិច្ចរបស់ប្រទេសចិន រហូតប្រែក្លាយប្រទេសទៅជាមហាអំណាចសេដ្ឋកិច្ចទី២លើពិភពលោក។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានសម្តែងការអបអរសាទរចំពោះខួប ៧០ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន និងការទទួលបានជោគជ័យយ៉ាងខ្លាំងក្លារបស់ប្រទេសចិន។

សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបឯកឧត្តមនាយករដ្ឋមន្ត្រីចិន ពីស្ថានភាពនយោបាយ និងសង្គមនៅកម្ពុជា។ សម្តេចតេជោ បានលើកឡើងថា ស្ថានការណ៍នយោបាយ និងបញ្ហាសង្គមនៅកម្ពុជាមានភាពល្អប្រសើរ ជាពិសេសកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០១៨ រក្សាកំណើប្រមាណ ៧ភាគរយ ជាមួយការធ្វើកំណែទម្រង់ជាច្រើន។

សម្តេចនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ពេលនេះកម្ពុជាបាននិងកំពុងបន្តអនុវត្តន៍នូវអ្វីដែលបានសន្យាជាមួយប្រជាពលរដ្ឋនៅមុនពេលបោះឆ្នោត។ ជាពិសេសការផ្តល់នូវកិច្ចគាំពារសង្គម។


សម្តេចតេជោ ហ៊ុន សែន បានអរគុណប្រទេសចិន ដែលបានផ្តល់ការគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជានាពេលកន្លងទៅនេះ។ សម្តេចតេជោ ក៏បានអរគុណរដ្ឋាភិបាលចិន ដែលបានគាំទ្រនូវវិធានការរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាត់ចែងការងារ ដើម្បីរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ផងដែរថា អ្វីដែលសំខាន់នៅក្នុងជំនួបរវាងសម្តេច និងឯកឧត្តមប្រធានាធីបតី ស៊ី ជីនពីង កាលពីម្សិលមិញនេះ គឺការផ្តល់កូតានាំអង្ករកម្ពុជាចូលប្រទេសចិនពី ៣០ម៉ឺនតោន ទៅ៤០ម៉ឺនតោន។ សម្តេចតេជោថា ការបង្កើនកូតានេះ គឺជាការឆ្លើយតបផ្នែកនយោបាយយ៉ាងសំខាន់សម្រាប់ប្រជាជនកម្ពុជា និងប្រទេសដទៃទៀតផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ដែរថា សម្តេចចង់ឃើញឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជសេរីរវាងប្រទេសទាំងពីរក្នុងពេលឆាប់ៗខាងមុខនេះ។

សម្តេចតេជោ មានប្រសាសន៍ថា សម្តេចពិតជារីករាយនៅពេលឃើញទំនាក់ទំនងជាប្រពៃណីរវាងកម្ពុជា និងចិន ដែលឈានមកជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

សម្តេចតេជោ បានបន្តថា កាលពីឆ្នាំ២០១៨កន្លងទៅ ឯកឧត្តមបានអញ្ជើញទស្សនកិច្ចនៅប្រទេសកម្ពុជា ហើយភាគីទាំងពីរបានប្រារព្ធខួប ៦០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ។ សម្តេចតេជោ បានមានប្រសាសន៍ថា ជំនួយសន្ធឹកសន្ធាប់ពីប្រទេសចិន ដល់ប្រទេសកម្ពុជា គឺបានចូលរួមយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។

សម្តេចតេជោថា ជំនួយនេះបានជួយពង្រឹងឯករាជ្យភាពរបស់កម្ពុជា។ សម្តេចតេជោ អរគុណចិន ដែលបានផ្តល់ជំនួយសម្រាប់ការបោះឆ្នោតកាលពីឆ្នាំ២០១៨។

សម្តេចនាយករដ្ឋមន្ត្រនៃកម្ពុជា បានលើកឡើងថា ប្រទេសទាំងពីរនៅមានសក្តានុពលជាច្រើនទៀតសម្រាប់ជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានគម្រោងជាច្រើនស្ថិតនៅក្នុងគំនិតផ្តួចផ្តើមគោលនយោបាយខ្សែក្រវាត់ និងផ្លូវ និងនយោបាយចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា ដែលធនាគារចិនអាចគាំទ្រផ្នែកហិរញ្ញប្បទាន។ សម្តេចតេជោ មានប្រសាសន៍ថា ការគាំទ្រដល់គម្រោងនោះ គឺជានាំមកនូវប្រយោជន៍សម្រាប់ប្រទេសទាំងពីរ។

សម្តេចតេជោរំពឹងប្រទេសទាំងពីរ នឹងមានគម្រោងជាច្រើនទៀតស្ថិតនៅក្នុងក្របខ័ណ្ឌនៃគំណិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងនយោបាយចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេចតេជោ បានលើកឡើងថា នៅថ្ងៃម្សិលមិញនេះឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង បានប្រកាសផ្តល់ជំនួយ ៤ពាន់លានយ័នសម្រាប់រយៈពេល៣ឆ្នាំពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១។ សម្តេចតេជោ ហ៊ុន សែន បានលើកបង្ហាញនូវគម្រោង៦សំខាន់ៗពាក់ព័ន្ធប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន និងប្រព័ន្ធអគ្គិសនី។ សម្តេចតេជោ ស្នើឲ្យចិនគាំទ្រគម្រោងសំខាន់ៗទាំង៦នេះ។

ពាក់ព័ន្ធនឹងការធ្វើពាណិជ្ជកម្មសេរីសម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យភាគីទាំងពិនិត្យ និងសិក្សាទៅលើបញ្ហានេះ។ ក្នុងជំនួបនោះសម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យចិន បន្តនាំចូលផលិតផល និងកសិផលកសិកម្មរបស់កម្ពុជាឲ្យបានកាន់តែច្រើនថែមទៀតលើសពីអ្វីដែលមាននាពេលបច្ចុប្បន្ន ប្រទេសចិនជាទីផ្សារដ៏ធំមួយនៅលើពិភពលោក។

ពាក់ព័ន្ធនឹងវិស័យវប្បធម៌ ទេសចរណ៍ និងអប់រំ ក៏ដូចជាវិស័យផ្សេងៗទៀតនោះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណមិត្តចិន ដែលបានជួយកម្ពុជានាពេលកន្លងមក ហើយសម្តេចក៏បានស្នើឲ្យចិនបន្តជួយលើវិស័យនេះបន្ថែមទៀត។ សម្តេចតេជោ បានស្នើចិនជួយជួសជុលប្រាសាទបុរាណនៅកម្ពុជា ហើយអរគុណដល់ចិន ដែលបានផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ដែលបច្ចុប្បន្នមាននិស្សិតកម្ពុជាជិត ២ពាន់នាក់កំពុងសិក្សានៅក្នុងប្រទេសចិន។

សម្តេចតេជោ ក៏បានគូសបញ្ជាក់ពីភាពចាំបាច់នៃធនធានមនុស្សសម្រាប់កម្ពុជានាពេលបច្ចុប្បន្ន។ ក្នុងជំនួបនេះសម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងពីបញ្ហាសន្តិសុខផងដែរ។

សម្តេចតេជោ ក៏បានស្វាគមន៍ចំពោះការចូលចតរបស់នាវារបស់ចិន ដែលបានចូលចតនៅខេត្តព្រះសីហនុចំនួន៣លើកនៅក្នុងឆ្នាំ២០១៨កន្លងទៅ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអរគុណឯកឧត្តម លី ខឺឈាង ចំពោះការផ្តល់ជំនួយ ៨៤០លានយ័នសម្រាប់វិស័យយោធានាពេលកន្លងទៅនេះ។

សម្តេចតេជោ បានបង្ហាញការចង់ឃើញរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនបន្តជួយដល់វិស័យផ្សេងៗទៀត រួមទាំងវិស័យនគរបាលផងដែរសម្រាប់ការគ្រង់គ្រងសន្តិសុខ។

ជាចុងក្រោយសម្តេចតេជោ ហ៊ុន សែន បានគោរពអញ្ជើញឯកឧត្តម លី ខឺឈាង បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា ក្នុងពេលវេលាសមស្របណាមួយ។

ឯកឧត្តម លី ខឺឈាង បានថ្លែងថា ចិនចាត់ទុកសម្តេចតេជោ ហ៊ុន សែន ជាមិត្តរបស់ចិន ហើយកម្ពុជាបច្ចុប្បន្នមានស្ថិរភាពនយោបាយ មានសន្តិសុខ និងសន្តិភាពផងដែរ។ ឯកឧត្តមមានប្រសាសន៍ថា បច្ចុប្បន្ននេះទោះបីមានការប្រឈម និងសម្ពាធពីខាងក្រៅយ៉ាងណាក្តី តែកម្ពុជា គឺជាកន្លែងអភិវឌ្ឍន៍ដ៏ល្អ។

ឯកឧត្តមនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា រដ្ឋាភិបាលចិន នឹងបង្កើនការនាំចូលអង្ករពីកម្ពុជា ដើម្បីជួយដល់កម្ពុជា។ រីឯគម្រោងជួសជុលប្រាសាទព្រះវិហារ និងប្រាសាទផ្សេងៗទៀត កម្ពុជា និងចិន អាចបន្តសហការគ្នា។
ឯកឧត្តមនាយករដ្ឋមន្ត្រី បានថ្លែងថា ចិននឹងបន្តនាំចូលកសិផលពីប្រទេសកម្ពុជាផងដែរ ហើយសង្ឃឹមថា កម្ពុជានឹងបន្តនាំចេញកសិផលផ្សេងៗទៀតទៅកាន់ប្រទេសចិន និងបណ្តាប្រទេសផ្សេងៗទៀត។ ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏បានស្នើឲ្យកម្ពុជា និងចិនបន្តប្រើប្រាស់យន្តការដែលមានរួមមានយន្តទ្វេភាគី និងយន្តការតំបន់។

ពាក់ព័ន្ធនឹងការស្នើឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនោះ ឯកឧត្តមនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា ភាគីទាំងពីរនឹងចាប់ផ្តើមពិភាក្សារួមគ្នាក្នុងពេលវេលាសមស្របណាមួយ។ ឯកឧត្តមនាយករដ្ឋមន្ត្រី បានលើកឡើងថា នៅខែមេសា ឆ្នាំ២០១៩នេះ ឯកឧត្តមនឹងមានដំណើរទស្សនកិច្ចទៅកាន់អឺរ៉ុប។ ក្នុងដំណើរនេះនឹងមានការពិភាក្សាជាមួយភាគីសហគមន៍អឺរ៉ុបអំពីបញ្ហាអឺរ៉ុប និងអាស៊ាន ដែលជាបញ្ហាសំខាន់។

លើសពីនេះទៀតឯកឧត្តមនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍ផងដែរថា កម្ពុជា និងចិន អាចធ្វើការរួមគ្នា ដើម្បីជួយដល់ក្រុមហ៊ុននានា ដែលកំពុងវិនិយោគនៅកម្ពុជា។

ឯកឧត្តមនាយករដ្ឋមន្ត្រីចិន បានលើកឡើងដែរថា ឯកឧត្តមនឹងរកពេលវេលាសមស្របណាមួយនឹងបំពេញទស្សនកិច្ចនៅកម្ពុជា៕អត្ថបទ និងរូបភាព ហ៊ន សុភ័ក្រ


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation