ព័ត៌មានជាតិ

សម្ដេចតេជោ៖ រោងចក្រដំឡើងរថយន្តតូយ៉ូតានៅកម្ពុជា​ នឹងបើកដំណើរឆាប់ៗនេះ ក្នុងនោះក៏មានក្រុមហ៊ុនលំដាប់អន្តរជាតិមួយចំនួនទៀត

image


អត្ថបទ៖ វឿន សាវុធ
​ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា នៅខែកក្កដា ឆ្នាំ២០២៣នេះ រោងចក្រដំឡើងរថយន្តតូយ៉ូតា នឹងសាងសង់រួចរាល់ ហើយសម្ពោធដំឡើងរថយន្តជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោ ថ្លែងថា ក្រៅពីនេះក៏មានក្រុមហ៊ុនលំដាប់អន្តរជាតិមួយចំនួនទៀតក៏កំពុងរៀបចំដំឡើងជាផ្លូវការនៅក្នុងប្រទេសកម្ពុជា ជាបន្តបន្ទាប់ទៀតផងដែរ។

​ការលើកឡើងនេះរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ​ក្នុងពិធីជួបសំណេះសំណាល​ជាមួយកម្មករជិត ២ម៉ឺននាក់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស​រ៉ូយ៉ាល់ គ្រុបភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣​។

សូមជម្រាបថា ​ក្រុម​ហ៊ុន Toyota Tsusho Manufacturing (Cambodia)​ Co., Ltd. ត្រូវបានក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ​សម្រេចចេញវិញ្ញាបនបត្រកាល​ពី​ថ្ងៃ​ទី​៨ ខែកញ្ញា ឆ្នាំ២០២២ លើ​​គម្រោង​បង្កើត​រោងចក្រ​ផ្គុំ និង​ដំឡើង​រថយន្តនៅក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់ គ្រុប ភ្នំពេញ មាន​​​ទុនវិនិយោគ ៣៦,៧ ​លាន​​ដុល្លារអាម៉េរិក និង​អាច​បង្កើត​ការងារ​បាន​ ១៥០ ​នាក់ ដែលជាក្រុមហ៊ុនទី២ បន្ទាប់ពីក្រុមហ៊ុន Ford ដែលបានដាក់ឲ្យដំណើរការកាលពីខែមិថុនា ឆ្នាំ២០២២៕