ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល៖ ក្រសួងសុខាភិបាល កំពុងពង្រឹង និងពង្រីកសេវាសុខាភិបាល ឱ្យកាន់តែមានគុណភាព សុវត្ថិភាព និងឱ្យកាន់តែជិត ប្រជាពលរដ្ឋ ពិនិត្យ តាមដាន និងព្យាបាលជំងឺរ៉ាំរ៉ៃ

image


ពោធិសាត់៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល រួមជាមួយ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក ទី ថានី តំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ និងលោក Song Yonggun នាយកគម្រោង KOFIH ប្រចាំប្រទេសកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារថ្មីនៃមណ្ឌលសុខភាព ហ៊ុន សែន ថ្មដា ស្ថិតនៅឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ក្រោមជំនួយឥតសំណងរបស់មូលនិធិថែទាំសុខភាពអន្តរជាតិ KOFIH នៃសាធារណរដ្ឋកូរ៉េ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្រ្តី បានលើកឡើងថា ក្រសួងសុខាភិបាលកំពុងពង្រឹង និងពង្រីកសេវាសុខាភិបាលឱ្យកាន់តែមានប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងឱ្យកាន់តែជិតប្រជាពលរដ្ឋ ជាពិសេសនៅគ្រប់មូលដ្ឋានសុខាភិបាលសាធារណៈមានផ្តល់សេវាពិនិត្យ តាមដាន និងព្យាបាលជំងឺរ៉ាំរ៉ៃ ដូចជាជំងឺទឹកនោមផ្អែម និងជំងឺលើសសម្ពាធឈាម។

លោកសាស្ត្រារដ្ឋមន្ត្រីបញ្ជាក់ថា ដោយរាល់ការចំណាយជាបន្ទុករបស់រដ្ឋ ចំពោះប្រជាពលរដ្ឋក្រីក្រ ឬមានប័ណ្ណមូលនិធិសមធម៌។

លើសពីនេះទៀត រាជរដ្ឋាភិបាលបានផ្តល់ការឧបត្ថម្ភ បន្ថែមជាសាច់ប្រាក់ ដល់ស្រ្តីមានផ្ទៃពោះដែលមានប័ណ្ណប.ស.ស ឬមូលនិធិសមធម៌ រហូតដល់កូនមានអាយុ២ឆ្នាំ ដើម្បីឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកលពោលគឺគ្មាននណាម្នាក់ត្រូវបានទុកចោលដោយមិន ទទួលបានសេវាថែទាំសុខភាព៕

ដោយ៖ គង់ វណ្ណះ