ព័ត៌មានជាតិ

សម្តេច​តេ​ជោ៖ កុំល្ងង់! ខ្ញុំចុះជួបកម្មករក៏ដើម្បីចំណេញនយោបាយផង និងចង់​ដឹង​ពី​សុខទុក្ខ​កម្មករផង ​​មិនមែន​​​ជិះសេះ​មើល​ផ្កា​នោះ​ទេ!

image


អត្ថបទ៖ វឿន សាវុធ
​ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​ នៃកម្ពុជា បានប្រកាសច្បាស់ៗទៅកាន់ក្រុមប្រឆាំងដែលតែងតែរិះគន់រាល់ការចុះជួបកម្មករនៅតាមបណ្តារោងចក្ររបស់សម្តេច យកចំណេញនយោបាយ ដោយថា ពិតជាមិនខុសនោះទេ ព្រោះការជួបនេះ ក៏ជាផ្នែកមួយដើម្បីចំណេញនយោបាយផងដែរ កុំល្ងង់ពេក! សូមប្រាប់ទៅវិញផង!។

​ការ​បញ្ជាក់​របស់​សម្តេច​តេ​ជោ បន្ទាប់​ពី​ក្រុមប្រឆាំង​បាន​តែងតែនាំ​គ្នា​រិះគន់​សម្តេច​ថា ចុះ​ជួប​កម្មករ ដើម្បី​ចំណេញ​នយោបាយ​ប៉ុណ្ណោះ ខណៈ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​អ្នកតំណាង​រាស្ត្រ​អាណ​តិ្ត​ទី​៧ នៃ​រដ្ឋសភា។

«​ច្បាស់​ណាស់​មាន​អ្នកខ្លះ​ថា លោក​ ហ៊ុន សែន ចុះ​មកនេះ ដើម្បី​យកចំណេញ​ខាង​នយោបាយ សូម​ផ្តាំ​ត្រឡប់​ទៅ​វិញ​ទៅ​អា​ល្ងង់ បើ​គេ​ធ្វើ​ដើម្បី​ខាត​គេ​មិន​ធ្វើ​នោះ​ទេ! កុំ​ល្ងង់​ពេក!​»​។ នេះជាប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន។

ជាមួយគ្នានេះដែរ សម្តេច​តេ​ជោ បាន​លើក​ឡើង​ថា ក្រុម​អ្នកប្រឆាំង ឬ​ក្រុម​ណាមួយ​ធ្វើ​ក៏​ដើម្បី​ចំណេញ​នយោបាយ​ដែរ។ ចំណែក​សម្តេច​វិញ​ធ្វើ​ដើម្បី​ខាត​ផលប្រយោជន៍​កម្មករ ឬ​ផលប្រយោជន៍​ប្រទេស​ជាតិ​សម្ដេចធ្វើ​ទេ?។ ប៉ុន្តែ​អ្វី​ដែល​សម្ដេចកំពុង​ធ្វើ​នេះ គឺដើម្បី​កូន​ៗ ចៅ​ៗ ដើម្បី​ក្រុម​គ្រួសារ​អ្នក​ទាំងឡាយ​ដែល​សព្វថ្ងៃ​កំពុង​តែ​ពឹងផ្អែក​អ្នក​នៅ​ទី​នេះ។

«​សូ​ម្បី​តែ​ធ្វើ​ស៊ី​ហ្គេ​ម​ក៏ ដើម្បី​ចំណេញ​នយោបាយ​ដែរ ដូច្នេះ​សូម​ប្រាប់​ទៅ​អា​ល្ងង់ មី​ល្ងង់​ ថា បើ​ធ្វើ​សម្រាប់​ខាត​គេ​មិន​ធ្វើ​ទេ​?! កុំ​ល្ងង់​ពេក​! និយាយ​ឲ្យ​អសុរោះ​តិច​ចុះ ដើម្បី​ឲ្យ​វា​ឈឺ​តិច​ទៅ!​»។ នេះជាប្រសាសន៍របសើសម្ដេចតេជោ។

សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើងថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាល​ បាន​ខិតខំ​ទប់​ស្កាត់​អតិផរណា​រក្សាកម្លាំង​ទិញ​នូវ​អ្វី​ដែល​កម្មករ​ទទួល​បាន។ ប្រសិនបើ​បណ្តោយ​ឲ្យ​មាន​អ​តិផរ​ណា ហើយ​កម្មករ​ទទួល​បាន​ប្រាក់បៀវត្សរ៍​ជា​ប្រាក់​រៀល ក្នុង​ពេល​ប្រាក់​រៀល​បាត់​តម្លៃ​នោះ​កម្លាំង​ទិញ​ក៏​ខ្សោយ​ដែរ។

​ទន្ទឹមនឹងនេះដែរ សម្តេច​តេ​ជោ​ ក៏​បាន​ណែនាំដល់​រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ធ្វើ​របាយការណ៍​ចំពោះ​ការ​ចុះ​ជួប​កម្មករ​លើក​ទី​១ បាន​អ្វី? ហើយ​ក្រោយ​ចុះ​បាន​អ្វីខ្លះ? ដើម្បី​ប្រៀបធៀប​ពី​វឌ្ឍនភាព​ដែល​សម្រេច​បាន។

​«​ហ៊ុន សែន ចុះ​មក​មិនមែន​ដូច​មក​ជិះសេះ​មើល​ផ្កា​នោះ​ទេ គឺ​ចង់​ដឹង​ពី​សុខទុក្ខ​កម្មករ និង​របៀប​ដំណោះស្រាយ​ឲ្យ​កម្មករ ព្រោះ​ជា​បញ្ហា​សេដ្ឋកិច្ចជាតិ បញ្ហា​ការងារ​ធ្វើ​របស់​ប្រ​ជ​ពលរដ្ឋ​ជា​ប្រាក់​ចំណូល​របស់​ពលរដ្ឋ​ដែល​យើង​ត្រូវ​រក​វិធី​ដោះស្រាយ​»។ នេះជាប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន។

សូមជម្រាបជូនថា ការលើកឡើងនេះរបស់សម្ដេចតេជោ ហ៊ុន សែន​ ក្នុងពិធីជួបសំណេះសំណាល ជាមួយកម្មករជិត ២ម៉ឺននាក់ ក្នុងតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់ គ្រុបភ្នំពេញ នៅព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣៕