ជនជាតិភាគតិចអំបូរ Sherpa នៅនេប៉ាល់ បំបែកកំណត់ត្រាឡើងដល់កំពូលភ្នំហិមពាន្ត (Everest) លើកទី២៨

នេប៉ាល់៖ នៅសប្តាហ៍នេះ អ្នកឡើងភ្នំជនជាតិនេប៉ាល់ម្នាក់ បានធ្វើដំណើរឡើងដល់កំពូលភ្នំហិមពាន្ត ឬភ្នំហិម៉ាឡៃ ឬក៏តាមសំនៀងជាភាសាអង់គ្លេសហៅថាភ្នំអេវើរ៉េស (Everest) ជាលើកទី ២៨ និងច្រើនជាងគេបំផុតគិតចាប់តាំងពីទសវត្សរ៍ទី៩០ ។
លោកកាមីរីតា (Kami Rita) អាយុ ៥៣ ឆ្នាំ និងជាជនជាតិដើមភាគតិចអំបូរស៊ើប៉ា (Sherpa) រស់នៅក្នុងតំបន់ភ្នំហិមពាន្តនៃប្រទេសនេប៉ាល់ បានឡើងដល់កំពូលភ្នំខ្ពស់បំផុតរបស់ពិភពលោកដែលមានកម្ពស់រហូតដល់ ៨,៨៤៩ ម៉ែត្រ កាលពីថ្ងៃអង្គារសប្តាហ៍នេះ បន្ទាប់មក នៅថ្ងៃព្រហស្បតិ៍ក្នុងសប្តាហ៍ដដែល លោកក៏បានត្រឡប់ទៅកាន់រដ្ឋធានីកាថ្មាន់ឌូ (Kathmandu) របស់ប្រទេសនេប៉ាល់ ដើម្បីទទួលការស្វាគមន៍ក្នុងនាមជាវីរៈបុរសដ៏អស្ចារ្យ ។
ការឡើងភ្នំចុងក្រោយបំផុតរបស់លោករីតា គឺជាលើកទី២ ដែលគាត់បានឡើងទៅដល់កំពូលភ្នំក្នុងរយៈពេលមួយសប្តាហ៍។
ដោយឡែក កាលពីសប្តាហ៍មុន ជនជាតិអង់គ្លេសម្នាក់ឈ្មោះខេនថុនខូល (Kenton Cool) គឺជាជនបរទេសម្នាក់ដែលបានឡើងដល់កំពូលភ្នំបានដោយជោគជ័យជាលើកទី១៧ ។
ក្នុងឆ្នាំ១៩៩៤ គឺជាលើកដំបូងរបស់លោកកាមីរីតា (Kami Rita) ក្នុងការឡើងភ្នំហិមពាន្ត ហើយចាប់តាំងពីពេលនោះមក លោករីតាក៏បានធ្វើសកម្មភាពឡើងភ្នំដូចគ្នានេះជារៀងរាល់ឆ្នាំ លើកលែងតែក្នុងឆ្នាំ ២០១៤, ២០១៥ និង ២០២០ កាលនោះលោកអាក់ខានការឡើងទៅកាន់កំពូលភ្នំ ដោយសារតែអាជ្ញាធរក្នុងតំបន់បានដាក់បម្រាមហាមឃាត់ក្រោមមូលហេតុផ្សេងៗគ្នា ។
ជនជាតិភាគតិចស៊ើប៉ា (Sherpa) ភាគច្រើនមកពីស្រុកស៊ូលូឃុមប៊ូ ស្ថិតតាមជួរភ្នំហិមពាន្ត ក៏ដូចជាកំពូលភ្នំផ្សេងៗទៀត ដោយគេស្គាល់ថា អ្នកស្រុកនៅទីនោះ មានជំនាញឡើងភ្នំ ហើយប្រភពចំណូលសំខាន់បំផុតរបស់ពួកគេ គឺការនាំផ្លូវដល់ភ្ញៀវជាតិ និងអន្តរជាតិក្នុងការធ្វើដំណើរកំសាន្តតាមបែបផ្សងព្រេងទៅកាន់កំពូលភ្នំហិមពាន្ត ឬតាមកំពូលភ្នំក្បែរៗនោះ ។
មួយវិញទៀត ការឡើងភ្នំគឺជាប្រភពការងារ និងប្រភពប្រាក់ចំណូលដ៏សំខាន់បំផុតសម្រាប់នេប៉ាល់ដែលជាប្រទេសមានភ្នំខ្ពស់ៗចំនួន៨ បូកបញ្ចូលទាំងភ្នំហិមពាន្ត ឬអេវើរ៉េស (Everest) ក្នុងចំណោមភ្នំខ្ពស់ៗចំនួន១៤ទូទាំងពិភពលោក ។
បច្ចុប្បន្ន ប្រទេសនេប៉ាល់បានចេញកំណត់ត្រាក្នុងការអនុញ្ញាតចំនួន ៤៧៨បណ្ណ ទៅកាន់ភ្នំហិមពាន្ត (Everest) អំឡុងរដូវកាលឡើងភ្នំ ដោយវានឹងបញ្ចប់ទៅនៅក្នុងខែឧសភានេះ ក៏ព្រោះតែគេបានព្យាករណ៍ថាភ្លៀងមូសុងនឹងបោកបក់លើភ្នំហិមពាន្ត (Everest) និងតំបន់ទំនាប។
នៅក្នុងរដូវកាលនេះដែរ អ្នកឡើងភ្នំរាប់រយនាក់បានធ្វើដំណើរផ្សងព្រេងដល់កំពូល ក្នុងចំណោមនោះ អ្នកឡើងភ្នំ ១១ នាក់បានស្លាប់ ខណៈដែល ៣ នាក់ផ្សេងទៀតបានបាត់ខ្លួននៅតាមជម្រាលភ្នំ។
លោកកាមីរីតា (Kami Rita) បានមានប្រសាសន៍បន្ថែមបន្តិចទៀតថា "ប្រសិនបើលោកមានសុខភាពរឹងប៉ឹងជាធម្មតា លោកនឹងបន្តឡើងភ្នំជាថ្មីនៅឆ្នាំក្រោយ" ។ លោកក៏បានបញ្ជាក់ផងដែរថា សកម្មភាពឡើងភ្នំរបស់លោកជាហូហែមកនេះ មិនមែនក្នុងចេតនាដើម្បីបំបែកកំណត់ត្រាអ្វីនោះទេ ប៉ុន្តែលោកធ្វើនេះ គឺដើម្បីលើកកម្ពស់ដល់វិស័យទេសចរណ៍នៅក្នុងប្រទេសនេប៉ាល់ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect
