ប្រធានក្រុមការងារថ្នាក់កណ្តាលចុះ​ជួយក្រុងព្រះសីហនុ​​​ ប្រកាសដាក់ឲ្យអនុវត្តគម្រោងស្តារនិងកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង​ ជំហានទី១​ នៅភូមិ៥​ សង្កាត់លេខ៤​ ក្រុងព្រះសីហនុ​
| ព័ត៌មានជាតិ
SHARE

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃអាទិត្យ​ ទី១១​ ខែសីហា​ ឆ្នាំ២០១៩​ ឯកឧត្តម​ តឹករ៉េត​ សំរេច​ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះ​ជួយក្រុងព្រះសីហនុ និងជាតំណាងឯកឧត្តម​ សាយ​ សំអាល់​ ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ​ បានអញ្ជេីញប្រកាសដាក់អោយដំណើរការគម្រោងស្តារ និងកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង​ ជំហានទី១​ នៅភូមិ៥​ សង្កាត់លេខ៤​ ក្រុងព្រះសីហនុ​ ខេត្តព្រះសីហនុ​ ដោយមានការចូលរួមពីឯកឧត្តមអភិបាលរងខេត្ត​ លោកអភិបាលក្រុង​ ប្រធានមន្ទីរខេត្ត​ ថ្នាក់ដឹកនាំក្រុង​ អាជ្ញាធរពាក់ព័ន្ធ​ ព្រមទាំងសមាជិក​ សមាជិកាក្រុមការងារ​ និងប្រជាពលរដ្ឋដែលមានលំនៅដ្ឋាននៅភូមិ៥​ សង្កាត់​លេខ៤​។ 

នាឱកាសនេះ​ ឯកឧត្តមបានជម្រាបជូនបងប្អូនប្រជាពលរដ្ឋអំពីសារៈសំខាន់នៃគម្រោងនេះ​ ដែល​នឹងជួយ​សម្រួល​ និងបង្កេីនល្បឿននៃលំហូរទឹក​ភ្លៀង​ និងកាត់បន្ថយការជន់លិចផ្ទះសម្បែងរបស់ពួកគាត់ដោយសារជំនន់ទឹកភ្លៀង​ នាពេលខាងមុខ។ ឯកឧត្តមបានសំណូមពរអោយបងប្អូនប្រជាពលរដ្ឋចូលរួមសហការ​ និងគាំទ្រគម្រោងនេះ​ ដេីម្បីអោយមាន​ដំណេីរការ​ទៅមុខដោយរលូន​ និងទទួលបានជោគជ័យតាមផែនការ។


សូមបញ្ជាក់ជូនថា គម្រោងស្តារ និងកែលម្អប្រព័ន្ធរំដោះជំនន់ទឹកភ្លៀង​ ជំហានទី១នេះ គឺជាលទ្ធផលនៃការសិក្សា​រួមគ្នា រវាងក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងព្រះសីហនុ និងមន្ទីរជំនាញពាក់ព័ន្ធនានា​ នៅក្នុងខេត្ត ព្រមទាំងមានការចូលរួមគាំទ្រដោយរដ្ឋបាលខេត្ត និងក្រុងព្រះសីហនុផងដែរ។ គម្រោងនេះ​ប្រើប្រាស់ថវិការបស់ក្រសួងបរិស្ថាន អនុវត្តការងារដោយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តព្រះសីហនុ និងមាន៣ផ្នែកសំខាន់គឺ៖​
-​ ទី១៖​ ការកាយប្រឡាយរំដោះទឹកថ្មីមួយខ្សែ​ តាម បណ្តោយផ្លូវ ពីភូមិ៥ ភ្ជាប់មកផ្លូវ៨១៨ (អូរម្លប់តាប៉ាង) ប្រវែង៦៨០ម៉ែត្រ ដើម្បីបើកមុខទឹក
-​ ទី២៖​ ដាក់លូ ពីអូរ៤ (ផ្លូវ៨១៨) មកអូរ៥ (ផ្លូវភូមិ៥) ប្រវែង៥៩០ម៉ែត្រ​ និង
-​ ទី៣៖​ បោះបង្គោលព្រំអូរ និងស្តារអូរឈើទាល ពីស្ពានម្លប់តាប៉ាង មកដល់ស្ថានីយច្រោះសម្អាតទឹកប្រវែង ២,១៥០ម៉ែត្រ។បន្ទាប់ពីកែលម្អប្រឡាយនេះចប់នឹងដាក់ផែនការស្តារនៅភូមិផ្សេងទៀតផងដែរ។


ឆ្លៀតឱកាសនេះ​ ឯកឧត្តមមានប្រសាសន៍ផ្តាំផ្ញេីដល់អាជ្ញាធរក្រុង​ព្រះសីហនុ​ និងសង្កាត់លេខ៤​ថា​ នៅក្នុងកាល:ទេស:បច្ចុប្បន្ននេះ​ សូមបង្កេីន​សកម្មភាពបម្រេីប្រជាពលរដ្ឋ​ អោយកាន់តែសកម្មថែមទៀត​​ ឆ្លេីយ​តបទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋ​អោយបានទាន់ពេលវេលា និងធ្វេីការពន្យល់ប្រជាពលរដ្ឋអោយបានយល់​ ព្រោះពួកគាត់គឺជាប្រជាពលរដ្ឋរបស់យេីង​ ហេីយពួកគាត់អាចមានកំហុសតិចតួចដោយសារពួកគាត់មិនទាន់ទទួលបានព័ត៌មានគ្រប់គ្រាន់​ ឬការយល់​ដឹងរបស់ពួកគាត់នៅមានកម្រិត​ ដែលទាមទារអោយយេីងជាអាជ្ញាធរផ្តល់ព័ត៌មាន​ និងពន្យល់បន្ថែម។ ឯកឧត្តមក៏បានលេីកទឹកចិត្តអោយអាជ្ញាធរ​ និងប្រជាពលរដ្ឋយោគយល់គ្នា​ រួមសហការគ្នា​ និងគោរពគ្នាទៅវិញទៅមក​ ដេីម្បីជំរុញការអភិវឌ្ឍភូមិ​ សង្កាត់​ និងក្រុងព្រះសីហនុ​ និងដេីម្បីផលប្រយោជន៍រួម​របស់យេីងទាំងអស់គ្នា។


ក្រោយពិធីប្រកាសដាក់អោយដំណើរការ តាមសំណូមពររបស់ប្រជាពលរដ្ឋ​ភូមិ៥​នៃសង្កាត់លេខ៤​ ឯកឧត្តម​ តឹករ៉េត​ សំរេច​ រួមជាមួយអ្នកចូលរួម បានដេីរលុយទឹក​ចុះទៅពិនិត្យ​ទីតាំងប្រឡាយដែលរួមតូចចង្អៀត​ និងពិនិត្យ​ស្ថានភាពផ្ទះប្រជាពលរដ្ឋដែលរងគ្រោះលិចលង់​ដោយសារជំនន់ទឹកភ្លៀង​ កាលពីថ្ងៃទី៩សីហាកន្លងទៅនេះ។ បងប្អូនប្រជាពលរដ្ឋមាន​អារម្មណ៍កក់ក្តៅ​ និងរីករាយដែលថ្នាក់ដឹកនាំបានចុះទៅពិនិត្យផ្ទាល់ដល់ទីតាំង​ ព្រមទាំងស្តាប់ការលំបាក​ និងបញ្ហាប្រឈមរបស់ពួកគាត់។ ពួកគាត់យល់ព្រមចូលរួមសហការ​ និងគាំទ្រគម្រោងស្តារ​ និងកែលម្អប្រព័ន្ធរំដោះទឹកភ្លៀង​ នៅភូមិ៥​ សង្កាត់​លេខ៤​ នេះ។


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation