ទំនប់ប្រទាក់ក្រឡា​ត្រូវបានបិទភ្ជិតទាំងស្រុង នាព្រឹកមិញ ដោយប្រើរយៈពេលអស់ប្រមាណ ២០ម៉ោង
| ព័ត៌មានជាតិ
SHARE

កំពត៖ ដោយសារកត្តាស្ថានភាពអាកាសធាតុក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ នៅព្រះរាជាណាចក្រកម្ពុជា ទទួលរងនូវឥទ្ធិពលព្យុះ និងភ្លៀង ជាបន្តបន្ទាប់ ក្នុងនោះខេត្តកំពតក៏បានទទួលរងនូវឥទ្ធិពលនៃបាតុភូតធម្មជាតិនេះដែរហើយបានបង្កឲ្យមានភ្លៀងធ្លាក់ជាប់ៗគ្នា បណ្តាលឲ្យកើតមាននូវជំនន់ទឹកភ្លៀងនៅតាមភូមិសាស្ត្រស្រុកមួយចំនួនក្នុងខេត្តពិសេសក្នុងស្រុកទឹកឈូនិងក្រុងកំពត។

ទឹកជំនន់នេះក៏បានបង្កឡើងឲ្យមានផលប៉ះពាល់លើការរស់នៅនិងផលដំណាំរបស់ប្រជាពលរដ្ឋ ពិសេសបានបំផ្លិចបំផ្លាញធ្វើឲ្យខូចខាតនូវហេដ្ឋារចនាសម្ព័ន្ធជាច្រើនដែលជាបន្ទុកធ្ងន់ធ្ងរលើរាជរដ្ឋាភិបាលទទួលដោះស្រាយ។ ដោយឡែកសម្រាប់ស្រុកទឹកឈូក៏បានរងនូវការវាយប្រហារពីទឹកជំនន់នេះបានធ្វើឲ្យបាក់ទំនប់បង្ហៀរទឹកមួយកន្លែងនៃទំនប់ប្រទាក់ក្រឡាស្ថិតនៅក្នុងឃុំកូនសត្វកាលពីវេលាម៉ោង៥ជិតភ្លឺនាថ្ងៃទី​១១​ខែសីហា ឆ្នាំ​២០១៩ ។​

វិវឌ្ឍនភាពគិតដល់ម៉ោង ៨និង៣០នាទី ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ លើការងារអន្តរាគមន៍ទប់ទល់ការហូរដាច់នៃទំនប់អាងទឹកកូនសត្វ ឬប្រទាក់ក្រឡា ស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត។ ទំនប់ត្រូវបានបិទភ្ជិតទាំងស្រុង នៅវេលាម៉ោង ៨:២០នាទីព្រឹកនេះ ដោយប្រើរយៈពេលអស់ប្រមាណ ២០ម៉ោង។ នៅសល់ការងារបន្តគឺពង្រឹងកន្លែងដាច់ឲ្យបានរឹងមាំបន្ថែមតែប៉ុណ្ណោះ។ ក្នុងការងារនេះក្រសួងបានប្រើប្រាស់នូវ៖

-គ្រឿងចក្រធុនធ្ងន់ចំនួន ១៤គ្រឿងរួមមាន អុិចស្កាវាទ័រដៃវែងដៃខ្លី ចំនួន ០៦គ្រឿង, រថយន្តបែនចំនួន ០៦គ្រឿង, ប៊ុលដូហ្ស័រចំនួន ០១គ្រឿង និងសាហ្ស័រចំនួន ០១គ្រឿង។
-សម្ភារជំនួយមាន កញ្ច្រែងថ្មចំនួន ១០០ដុំ, ថ្ម-ដីប្រមាណ ៥០០ម៉ែត្រគុប។
-កម្លាំងសរុបដែលដឹកនាំផ្ទាល់ដោយ ឯកឧត្តមរដ្ឋមន្រ្តី, ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ដែលជាប្រធានមុខព្រួញប្រចាំទិស, អគ្គនាយក, ប្រធាននាយកដ្ឋាន, ប្រធានមន្ទីរកំពត-កែប, មន្ត្រីរាជការ, អ្នកបើកបរគ្រឿងចក្រ និងកម្មករ សរុបចំនួន ១០០នាក់ផងដែរ។

សូមជម្រាបបញ្ជាក់ថា តាមការឲ្យដឹងពីមន្ត្រីធនធានទឹកខេត្តទំនប់ប្រទាក់ក្រឡានេះមានទំហំ អាចស្តុកទឹកបានចំនួនប្រមាណ១០លានម៉ែត្រគុប​ ហេីយទំនប់នេះផ្តល់អត្ថប្រយោជន៍ជាតំបន់ទេសចរណ៍កម្សាន្ត​ ជាអាងស្តុកទឹកសម្រាប់ប្រជាពលរដ្ឋប្រកបរបបរដាំដំណាំបន្លែបង្ការផ្សេងៗ ដេីម្បីបង្កេីនកម្រិតជីវភាពក្នុងគ្រួសារ។ ចំណែកបញ្ហាចំពោះមុខនេះបើទំនប់នេះនៅតែបន្តបាក់ហូរទឹក រយៈពេលយូរអាចប្រឈមធ្វើឲ្យផលដំណាំនិងប្រជាពលរដ្ឋរងការប៉ះពាល់ចំនួនបីឃុំគឺឃុំកូនសត្វ​ឃុំត្រពាំងព្រីងនិងឃុំត្រពាំងសង្កែក្នុងស្រុកទឹកឈូខេត្តកំពតនិងឃុំមួយចំនួនទៀតស្រុកដំណាក់ចង្អើខេត្តកែប៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation