
រដ្ឋមន្ត្រីប្រាប់ឲ្យប្រធានមន្ទីរកិច្ចការនារីខេត្តរតនគិរីថ្មីត្រូវលើកកម្ពស់ និងបញ្ជ្រាបសមភាពយេនឌ័រ ការផ្ដល់ និងពង្រឹងសិទ្ធិអំណាចស្ដ្រី

រតនគិរី៖ នាព្រឹកក ត្រូវថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នេះ នៅសាលប្រជុំសាលាខេត្តរតនគិរីមានរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីរកិច្ចការនារីខេត្ត ក្រោមអធិបតីភាពជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ឯកឧត្តម ណាប់ ប៊ុនហេងប្រធានក្រុមប្រឹក្សាខេត្តនិង ថង សាវុនអភិបាល នៃគណៈអភិបាលខេត្ត រតនគិរី។
ក្នុងពិធីនេះ មានការអញ្ជើញចូលរួមពីជំទាវរដ្ឋលេខាធិការ និងលោក លោកស្រីថ្នាក់ដឹកនាំ ក្រសួងកិច្ចការនារី លោកស្រីអភិបាលរងខេត្ត លោក លោកស្រីនាយក នាយករងរដ្ឋបាលសាលាខេត្ត តំណាងសាលាដំបូងខេត្ត តំណាងព្រះរាជអាជ្ញាខេត្ត កងកម្លាំងទាំងបី អភិបាលក្រុង ស្រុក ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។
មានប្រសាសន៍ក្នុងឱកាសនេះឯកឧត្តម អភិបាលខេត្ត និងលោកជំទាវរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ នៃមន្ទីរកិច្ចការនារីខេត្ត ក្រោមការដឹកនាំរបស់លោកស្រី ចក់ មើល ជាប្រធានមន្ទីរ កិច្ចការនារីខេត្តរតនគិរីកន្លងមក បានយកចិត្តទុកដាក់ដឹកនាំអនុវត្តការងារតាមតួនាទី ភារកិច្ច ប្រកបដោយការសហការ និងសាមគ្គីភាព ឯកភាពផ្ទៃក្នុង នាំឲ្យការអនុវត្តការងារកិច្ចការនារីសម្រេចបានលទ្ធផលល្អប្រសើរ ចូលរួមចំណែកក្នុងការជួយគាំទ្រដល់ការអនុវត្តគោលនយោបាយលើកកម្ពស់សមភាពយេនឌ័រ ការថែទាំសុខភាពស្រី្ត និងកុមារ ជាពិសេសការជួយពង្រឹងសមត្ថភាពស្ត្រី ទាំងចំណេះដឹង ចំណេះធ្វើ និងទាំងក្នុងការងារសេដ្ឋកិច្ច និងការសម្រេចចិត្តនានា ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ។
ជាមួយនេះឯកឧត្តម ថង សាវុននិងលោកជំទាវ អឹង កន្ថាផាវី ក៏បានផ្ដាំផ្ញើដល់លោកស្រី វ៉ាត់ អៀងហេង ប្រធានមន្ទីរកិច្ចការនារីខេត្តរតនគិរីដែលទើបទទួលបានការតែងតាំងថ្មី ត្រូវបន្តបេសកកម្មដឹកនាំអនុវត្តការងារកិច្ចការនារីក្នុងខេត្ត ឲ្យកាន់តែទទួលបានលទ្ធផលល្អប្រសើរថែមទៀត ជាពិសេសសក្នុងការលើកកម្ពស់ និងបញ្ជ្រាបសមភាពយេនឌ័រ ការផ្ដល់ និងពង្រឹងសិទ្ធិអំណាចស្ដ្រី ការការពារ និងការផ្ដល់សេវាអប់រំសុខភាព រួមទាំងការងារជាច្រើនទៀត ដើម្បីជាប្រយោជន៍សម្រាប់ស្ត្រី កុមារ ជនរងគ្រោះ និងជនងាយរងគ្រោះ ត្រូវខិតខំពង្រឹងការសាមគ្គីភាពឯកភាពផ្ទៃក្នុងឲ្យបានល្អ ដើម្បីធានានិរន្តភាពការងារប្រកបដោយប្រសិទ្ធភាព និងត្រូវយកចិត្តទុកដាក់គ្រប់គ្រង ដឹកនាំមន្ត្រីរាជការក្រោមឱវាទឲ្យបានល្អប្រសើរប្រកបដោយការទទួលខុសត្រូវខ្ពស់ ព្រមទាំងត្រូវមានការសហការល្អជាមួយរដ្ឋបាលដែនដីគ្រប់លំដាប់ថ្នាក់ មន្ទីរ-អង្គភាពនានា ក្នុងការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍខេត្តឲ្យកាន់តែមានការរីកចម្រើន ៕ដោយ៖ប៉េស សារី
