សម្តេចតេជោ បញ្ជាក់ថា ៥ខែដើមឆ្នាំនេះ ទំហំពាណិជ្ជកម្មកម្ពុជា នាំចេញទៅជប៉ុន បានកើនឡើង ដល់១.៧០០លានដុល្លារសហរដ្ឋអាមេរិក
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៣ ខែឆ្នាំ២០១៩នេះ បានអនុញ្ញាតឲ្យឯកឧត្តម ហ៊ីដេហ៊ីសា អូរីណូអូឈិ ឯកអគ្គរាជទូតជប៉ុនចប់អាណត្តិប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា នៅវិមានសន្តិភាព។


បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ បានប្រាប់អ្នកសារព័ត៌មាន ឲ្យដឹងនៅក្រោយជំនួបថា ​ ​ឯកឧត្តម ហ៊ីដេហ៊ីសា បានគោរពជម្រាបជូន សម្ដេចតេជោ​ថា ឯកឧត្តមនឹងចាកចេញពី រាជធានីភ្នំពេញ នៅពីរសប្តាហ៍ទៀត ហើយឆ្ពោះទៅកាន់ ប្រទេសហូឡង់ ដើម្បីទទួលតួនាទីថ្មី ជាឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសហូឡង់។


ឯកឧត្តមបានសម្តែង នូវសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលឯកឧត្តមបានសង្កេតឃើញថា ក្នុងរយៈពេល៣ឆ្នាំ ក្នុងការបំពេញបេសកកម្មកាទូត នៅរាជាណាចក្រកម្ពុជា សេដ្ឋកិច្ចកម្ពុជា បានរីកចម្រើន និងអភិវឌ្ឍយ៉ាងឆាប់រហ័ស​ជាទីបំផុត ក្នុងនោះមានកំណើនយ៉ាងខ្លាំង លើវិស័យវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍។ ក្នុងន័យនេះ ឯកឧត្តម បានសូមគោរពសម្ដែង នូវការគោរពនិងកោតសរសើរ ដល់វីរភាពនៃការដឹកនាំ របស់សម្ដេចតេជោ។


ជាការឆ្លើយតប សម្ដេចតេជោ បានថ្លែងអំណរគុណ ចំពោះឯកឧត្តម ហ៊ីដេហ៊ីសា ចំពោះកិច្ចប្រឹងប្រែងរបស់ឯកឧត្តម ក្នុងការពង្រឹងទំនាក់ទំនង រវាងប្រទេសទាំងពីរ នារយៈពេលកន្លងមកនេះ។


សម្ដេចបានមានប្រសាសន៍ថា ជាការពិតការវិនិយោគ ពាណិជ្ជកម្ម ក៏ដូចជាទេសចរណ៍ដែរ បានកើនឡើងយ៉ាងខ្លាំងនោះ ​គឺទទួលបានអំពីការប្រឹងប្រែង របស់ឯកឧត្តមអគ្គរាជទូតជប៉ុន នៅព្រះរាជាណាចក្រកម្ពុជា ចូលរួមចំណែកយ៉ាងធំ នៅក្នុងបញ្ហានេះ។ ជាក់ស្ដែង ជាលទ្ធផលនៃការវិនិយោគ និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ កាលពីឆ្នាំ២០១៨, ជប៉ុននាំចូលមកកម្ពុជា មានទំហំទឹកប្រាក់ប្រមាណ ៤៤០លានដុល្លារតែប៉ុណ្ណោះ។ ប៉ុន្តែ នៅឆ្នាំ២០១៩នេះ ក្នុងរយៈពេលត្រឹមតែ៥ខែប៉ុណ្ណោះ ជប៉ុនបាននាំចូលមកកម្ពុជា​ មានចំនួន ៤៤០លានដុល្លារស្រេចទៅហើយ។


ដោយឡែកនៅឆ្នាំ២០១៨ កម្ពុជាបាននាំចេញទៅប្រទេសជប៉ុន ចំនួនតែមានទំហំទឹកប្រាក់ ប្រមាណ១.៦០០លានដុល្លាអាមេរិក។ នៅក្នុងឆ្នាំ ២០១៩នេះវិញ រយៈពេលត្រឹមតែ ៥ខែប៉ុណ្ណោះ ទំហំពាណិជ្ជកម្មកម្ពុជា នាំចេញទៅជប៉ុន បានកើនឡើង ដល់១.៧០០លានដុល្លារសហរដ្ឋអាមេរិក នេះគឺជាជោគជ័យដ៏ធំ នៅក្នុងបេសកកម្មកាទូត របស់ឯកឧត្តមឯកអគ្គរាជទូត ក្នុងការពង្រឹងទំនាក់ទំនង ហើយជំរុញពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដែលជាមូលដ្ឋានគ្រឹះ នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ, ក្នុងន័យនេះ សម្ដេចតេជោ បានថ្លែងអំណរគុណសាជាថ្មីជូនចំពោះ ឯកអគ្គរាជទូត ហើយក៏បានជូនពរ ឯកអគ្គរាជទូត ក្នុងបេសកកម្មថ្មីរបស់ឯកឧត្តម ទៅកាន់ប្រទេសហូឡង់ បានទទួលជោគជ័យបន្តទៀត៕ អត្ថបទ ៖ សន ពិសិដ្ឋ​ រូបភាព ៖ អេង សុគុណ, លឹម មុនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation