ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តរតនគិរីនាំយកអំណោយរបស់អង្គការ ការីតាស កម្ពុជា ចែកជូនបពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅស្រុកលំផាត់
| ព័ត៌មានជាតិ
SHARE

រតនគិរី៖នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ ២០១៩ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយមូលដ្ឋានខេត្តរតនគិរី អមដំណើរដោយឯកឧត្តម គិត ទ្រី អភិបាលរងខេត្តរតនគិរី បាននាំយកអំណោយរបស់អង្គការ ការី តាស់ កម្ពុជា ចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ទន្លេស្រែពកចំនួន២ភូមិ គឺភូមិ ដីឡូត៍ និងភូមិ ថ្មី ស្ថិតក្នុងឃុំជ័យឧត្ដមស្រុកលំផាត់ ខេត្តរតនគិរីសរុបជាង៥០០គ្រួសារ។ 

លោក នូ ថេ អភិបាលស្រុកលំផាត់ បានឲ្យដឹងថា ដោយមានភ្លៀងធ្លាក់ជាប់ៗរយៈពេលប៉ុន្មានថ្ងៃកន្លងមក បណ្តាលឲ្យទឹកទន្លេស្រែពកបានហក់ឡើងយ៉ាងគំហុកនៅថ្ងៃទី ៩ និងទី១០ខែសីហា ឆ្នាំ២០១៩ ទឹកជំនន់បានជន់លិចភូមិករ និងស្រែចម្ការ របស់ប្រជាពលរដ្ឋចំនួន២ឃុំគឺឃុំសេដាលិចលង់១ភូមិ និងឃុំជ័យឧត្តម លិចលង់ ៦ភូមិ។ 

លោកអភិបាលស្រុកបន្តថា សរុបចំនួនពលរដ្ឋទាំង៧ភូមិដែលរងការជន់លិចមានគ្រួសារដែលរងផលប៉ះពាល់ចំនួន១.៥៤៩គ្រួសារ ផ្ទៃដីស្រែ រងផលប៉ះពាល់១.៦១៨ហិកតា និងផ្ទៃដីចម្ការ៤៧៥ហិកតា។

ឯកឧត្តមទេសរដ្ឋមន្ត្រី  លី ធុជ មានប្រសាសន៍សំណេះសំណាលជាមួយបងប្អូនពុកម៉ែប្រជាពលរដ្ឋនាពេលនោះដោយឯកឧត្តមបាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ឯកឧត្តមបានបញ្ជាក់ថា ក្នុងពេលជួបគ្រោះមហន្តរាយនេះរាជរដ្ឋាភិបាលបានខិតខំអំពាវនាវស្វែងរកដៃគូ ក្នុងការជួយដោះស្រាយរកជំនួយជួយឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាព ក្នុងនោះក៏មានការគាំទ្រនិងសហការពីអង្គការការី តាស ប្រចាំកម្ពុជា ដែលអង្គការនេះបានឧបត្ថម្ភគាំទ្រលើវិស័យអប់រំ,កសិកម្ម,ការគ្រប់គ្រងនឹងឆ្លើយតបគ្រោះមហន្តរាយជាដើម។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា មិនមែនតែប្រទេសកម្ពុជាយើងទេដែលទទួលរងគ្រោះមហន្តរាយពីធម្មជាតិនោះ គឺប្រទេសដទៃទៀតក៏រងទទួលផលប៉ះពាល់មហន្តរាយពីធម្មជាតិជាច្រើនប្រភេទផងដែរ។ដូច្នេះដើម្បីឆ្លើយតបទៅនឹងបញ្ហាគ្រោះទឹកជំនន់នេះរាជរដ្ឋាភិបាលកម្ពុជារួមនិងអង្គការដៃគូនានាបានផ្ដល់នូវសម្ភារមធ្យោបាយចុះជួយអន្តរាគមន៍សង្គ្រោះជម្លៀសនិងបានផ្ដល់ស្បៀងអាហារជាគ្រឿងឧបភោគបរិភោគឱសថនិងវ៉ាក់សាំងបង្ការបានទាន់ពេលវេលាក្នុងនោះរាជរដ្ឋាភិបាលនិងអង្គការដៃគូនានាក៏បានត្រៀមផ្ដល់នូវគ្រាប់ពូជស្រូវ រួមទាំងពូជបន្លែជាច្រើនប្រភេទ ដើម្បីផ្ដល់ជូនបងប្អូនប្រជាពលរដ្ឋក្រោយពេលទឹកជំនន់នេះស្រក់ទៅវិញ។

ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណចំពោះអង្គការី តាស ដែលជានិច្ចកាលបានរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងគ្រោះមហន្ត

រាយធម្មជាតិផ្សេងៗបានទាន់ពេលវេលា ហើយអំណោយរបស់ អង្គការ ការី តាស ពិតជាបានឆ្លើយតបទៅនឹងសេចក្តីត្រូវការបន្ទាន់របស់ប្រជាពលរដ្ឋពិតៗ។

ឯកឧត្តមទេសរដ្ឋមន្ត្រី  លី ធុជ ក៏បានផ្ដាំផ្ញើនិងណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គឺក្រោយទឹកស្រកទៅវិញត្រូវធ្វើការជួសជុលនិងបោសសំអាតផ្ទះសម្បែងនិងខិតខំប្រឹងប្រែងប្រកបរបរកសិកម្មដាំដុះនិងស្ដារឡើងវិញនូវផ្ទៃស្រូវវស្សាព្រមទាំងដំណាំរួមផ្សំដទៃទៀតដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារឲ្យមានភាពល្អប្រសើរឡើងវិញ។

អំណោយរបស់អង្គការ ការី តាស ដែលបានចែកជូននាពេលនេះ ក្នុង១គ្រួសារ ទទួលបានអង្ករ២៥គីឡូក្រាម, កៅស៊ូតង់១ដុំ ,មុង១,ភួយ១។

ដោយឡែក ក្នុងឱកាសនេះ អង្គការ ការី តាស ក៏បានផ្តល់ជូនអាជ្ញាធរស្រុកលំផាត់ នូវសុីទែនទឹកស្អាតចល័តចំនួន៨,ទូកម៉ាសុីនស្មាច់ចំនួន២គ្រឿង,បង្គន់អនាម័យចល័តដោយបំពាក់ផ្ទាំងសូឡាចំនួន៣ ដែលទាំងអស់នេះជាជំនួយសម្រាប់អន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋពេលមានគ្រោះមហន្តរាយផ្សេងៗកើតឡើង៕ដោយ៖ប៉េស សារី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation