ព័ត៌មានជាតិ

ចំនួនភ្ញៀវទេសចរទៅលេងខេត្តកោះកុង ធ្លាក់យ៉ាងខ្លាំងដែលមិនធ្លាប់កើតមានពីមុនមក នារដូវវស្សាឆ្នាំនេះ

image

កោះកុង ៖បើតាមសេចក្តីការពី អភិបាលស្រុកនីមួយៗ ក៏ដូចជាប្រធានគណៈកម្មាធិការអនុសាខកាកបាទក្រហមកម្ពុជាគ្រប់បណ្តាស្រុក បានប្រាប់CNC TV ដឹងថា មួយរយៈពេលកន្លងមកនេះ ខេត្តកោះកុងត្រូវបានទទួលរងនូវឥទ្ធិពលព្យុះភ្លៀង លាយឡំនិងខ្យល់កន្ត្រាក់ជាបន្តបន្ទាប់ ដែលជាហេតុបង្កឲ្យកើតមាននូវជំនន់ទឹកភ្លៀងនៅតាមតំបន់មួយចំនួនក្នុងខេត្តកោះកុង។ ដែលកត្តាទាំងនេះ បានធ្វើឲ្យភូមិឋាននិងរមណីយដ្ឋាន តាមឆ្នេរនិងកោះស្ងប់ស្ងាត់ភ្ញៀវទេសចរ ព្រោះតែខ្លាចការជន់លិចដោយជំនន់ទឹកភ្លៀង និងឡើងកម្ពស់ទឹកសមុទ្រនៅតាមដៃព្រែក។

លោក សុខ ចន្ទគ្រឹះស្នា អនុប្រធានមន្ទីរទេសចរណ៍ ខេត្តកោះកុង បង្ហាញក្តីព្រួយបារម្ភ ខណ:ចំនួនភ្ញៀវទេសចរធ្លាក់យ៉ាងខ្លាំងក្នុងរដូវវស្សាឆ្នាំនេះ ដែលជាហេតុការណ៍មួយមិនធ្លាប់ជួបប្រទះដូចឆ្នាំកន្លងមក។ លោកបានឲ្យដឹងថា ចំនួនភ្ញៀវទេសចរក្នុងរដូវវស្សាឆ្នាំនេះមានការថយចុះពាក់កណ្តាល(៥០%) បើប្រៀបធៀបទៅនឹងឆ្នាំ២០១៨កន្លងទៅ។លោកបានបន្តទៀតថា កត្តាដែលធ្វើឲ្យមានការថយចុះនូវចំនួនភ្ញៀវទេសចរនេះ គឺបណ្តាលមកពីគ្រោះធម្មជាតិក្នុងឆ្នាំ២០១៩ មានសភាពធ្ងន់ធ្ងរ ពោលគឺមេឃភ្លៀងជាប់ៗគ្នា សឹងមិនបើកថ្ងៃ ថែមទាំងបានបង្កឲ្យមានការខូចខាតផ្លូវជាច្រើនចំណុចទីតាំងតាមបណ្តោយផ្លូវជាតិលេខ៤៨ និងផ្លូវជាច្រើនខ្សែទៀតក្នុងក្រុងខេមរភូមិន្ទ។ កត្តាទាំងនេះហើយដែលបណ្តាលអោយចំនួនភ្ញៀវទេសចរមានការបាត់បង់ភ្ញៀវទេសចរច្រើនជាងឆ្នាំកន្លងទៅ។ 


ដើម្បីបង្កើនសុវត្ថិភាព ក៏ដូចជាជួយបង្កើននូវចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋ លោក សុខ ចន្ទគ្រឹះស្នា អនុប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានផ្តាំផ្ញើនិងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់មាត់ទឹក ក៏ដូចជាម្ចាស់អាជីវកម្មសេវាកម្មនៅតាមរមណីយដ្ឋានទេសចរណ៍ទាំងអស់មេត្តាបង្កើននូវការប្រុងប្រយ័ត្នខ្ពស់និងចូលរួមថែរក្សាបរិស្ថានដើម្បីទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកម្សាន្តកាន់តែច្រើន៕ដោយ៖តាំង សុន្នី