ជ័យលាភីចំណាត់ថ្នាក់លេខ១ទូទាំងប្រទេសលើការផ្តល់សេវាសាធារណៈគំរូ គឺមន្ទីរពេទ្យបង្អែកខេត្តកោះកុង
| ព័ត៌មានជាតិ
SHARE

កោះកុង៖ ដើម្បីជាសក្ខីភាពនិងជាការឆ្លុះបញ្ចាំងនូវការខិតខំប្រឹងប្រែង របស់មន្ទីរ អង្គភាព ដែលទទួលបាន ចំណាត់ថ្នាក់លើ ការផ្តល់សេវាសាធារណៈគំរូ ក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ ដែលពេលថ្មីៗនេះមន្ទីរពេទ្យបង្អែកខេត្តកោះកុង ទទួលបាននូវជ័យលាភីលេខ១ ជាមន្ទីរពេទ្យដែរមានសេវាសាធារណ:គំរូជាងគេទូទាំងប្រទេស កម្រិតCPA2និងមន្ទីរពេទ្យបង្អែកស្រុកស្រែអំបិលទទួលបាន ចំណាត់ថ្នាក់លេខ ៦ នៃពេទ្យបង្អែកទូទាំងប្រទេស រួមទាំងវិទ្យាល័យកោះស្តេចទទួលបានចំណាត់ថ្នាក់លេខ ៦ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៩កន្លងទៅ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ រដ្ឋបាលខេត្តកោះកុងបានរៀបចំពិធីអបអរសាទរ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ។

លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានឲ្យដឹងថា ចំពោះការឈានទៅដល់ដំណាក់កាលនៃការទទួលបាននូវជ័យលាភីលេខ១ ជាអង្គភាពដែលបានផ្តល់សេវាសាធារណៈគំរូលើវិស័យសុខាភិបាលនេះគឺថ្នាក់ដឹកនាំមន្ទីរពេទ្យ និងបុគ្គលិកទាំងអស់បានខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការរៀបចំកែលម្អរចនាសម្ព័ន្ធអនាម័យនិងការងារជាច្រើនទៀតដោយផ្អែកលើក្រមសីលធម៍វិជ្ជាជីវ: ។

លោកប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុងបន្តថា ការខិតខំប្រឹងប្រែងរបស់បុគ្គលិកនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង នាពេលកន្លងមក នឹងបន្តមានជារៀងរហូតសំដៅធ្វើយ៉ាងណារួមគ្នាយ៉ាងបង្កើនសកម្មក្នុងការបម្រើសេវាសាធារណៈជូនដល់ពលរដ្ឋនិងអ្នកជំងឺដែលមកសម្រាកព្យាបាលក្នុងមន្ទីរពេទ្យខេត្តកោះកុងឲ្យកាន់តែមានប្រសិទ្ធភាពដើម្បីថែរក្សាបាននូវចំណាត់ជ័យលាភីលេខ១ទូទាំងប្រទេសលើគុណភាពគំរូក្នុងវិស័យសុខាភិបាលដែលបានមកពី ការខិតខំ ប្រឹងប្រែងជាប្រចាំ ។

នៅក្នុងពិធីអបអរសាទរ នៃការទទួលបានជ័យលាភីលេខ១លើការផ្តល់សេវាសាធារណៈគំរូ នៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានទទួលស្គាល់ថា នេះពិតជាលទ្ធផលដ៏ប្រសើរក្នុងការប្រកួតប្រជែងថ្នាក់ជាតិ ហើយវាក៏ជាគុណតម្លៃដ៏ធំធេង សម្រាប់ខេត្តកោះកុង ដែលអាចទទួលបាននូវជ័យលាភីក្នុងវិស័យសុខាភិបាល និងវិស័យអប់រំ ។

បើតាមប្រសាសន៍លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យខេត្តកោះកុងបានឲ្យដឹងថា ជ័យលាភមួយនេះពិតជាមោទនភាពខ្លាំងណាស់សម្រាប់ប្រជាពលរដ្ឋខេត្តកោះកុង ដោយមានសិក្ខាកាមមកចុះកម្មសិក្សាដកស្រង់បទពិសោធន៍ពីខេត្តកោះកុងនិងបាននាំមកនូវភ្ញៀវទេសចរយ៉ាងច្រើនកុះករមកបន្ថែមទៀតផងដែរ៕ ដោយ៖តាំង សុន្នី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation