ព័ត៌មានជាតិ

ខេត្តកោះកុងត្រៀមការពារសន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់របៀបរៀបរយតាមមណ្ឌលប្រលងបាក់ឌុប

image

កោះកុង ៖ ដើម្បីធានាបាននូវ សន្តិសុខ សុវត្ថិភាពនិងសណ្តាប់ធ្នាប់ របៀបរៀបរយ តាបមណ្ឌលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាសម័យប្រលង ១៩ -២០ ខែសីហាឆ្នាំ ឆ្នាំ ២០១៩ ក្នុងខេត្តកោះកុង ប្រព្រឹត្តទៅក្នុងស្ថានភាព និងបរិយាកាសល្អប្រសើរ គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្តដឹកនាំដោយ លោក ស្រេង ហុង អភិបាលរងខេត្ត នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ បានបើកកិច្ចប្រជុំពិភាក្សាស្ដីពីការបែងចែកការដឹកនាំ បញ្ជាតាមដាន និងត្រួតពិនិត្យ ២៤ម៉ោងលើ២៤ម៉ោង។

បន្ទាប់ពីទទួលបានផែនការនេះ នាយករដ្ឋបាលខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង ស្នងការនគរបាលខេត្ត មេបញ្ចាការកងរាចអាវុធហត្ថខេត្ត អភិបាលក្រុងខេមរភូមិន្ទ លោក លោកស្រីប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវតែអនុវត្តន៍ឲ្យបានរាល់ផែនការដែលបានដាក់ចេញ ដើម្បីឲ្យថ្ងៃប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ២០១៩ នៅក្នុងខេត្តកោះកុងមានតម្លាភាព ប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់។

ថ្លែងប្រាប់CNC TV នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៩ លោក ស្រេង ហុង អភិបាលរងខេត្ត បានគូសបញ្ជាក់ថា ចំនួនបេក្ខជន បេក្ខនារី នាសម័យប្រលងឆ្នាំនេះមានការថយចុះជាងឆ្នាំមុន ដោយចំនួនបេក្ខជននៅតាមវិទ្យល័យ ត្រូវបានអនុវត្តវិធានការតឹង ទៅលើសិស្សានុសិស្ស ស្តីពីការកាត់ចេញនូវចំនួនសិស្សដែលមករៀនមិនទៀងទាត់ និងធ្លាក់មធ្យមភាគ ទើបធ្វើឲ្យចំនួនបេក្ខភាពមានការថយចុះ ប៉ុន្តែលោក អភិបាលរងខេត្ត នៅតែមានក្តីរំពឹងថា ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំ២០១៩ នៅក្នុងខេត្តកោះកុងនឹងប្រព្រឹត្តទៅ សម្រេចបានលទ្ធផលល្អយ៉ាងមានប្រសិទ្ធភាព ក្រោមស្មារតីទទួលខុសត្រូវខ្ពស់៕ដោយ៖តាំង ស៊ុន្នី


ព័ត៌មានទាក់ទង...