កាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញបេ្តជ្ញាពង្រីកសកម្មភាពមនុស្សធម៌របស់ខ្លួនឲ្យកាន់តែខ្លាំងក្លា
| ព័ត៌មានជាតិ
SHARE

ប្រធានកាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញបេ្តជ្ញាចិត្តពង្រីកសកម្មភាពមនុស្សធម៌ របស់ខ្លួនឲ្យកាន់តែខ្លាំងក្លា ដើម្បីធានាប្រសិទ្ធភាពនៃការផ្តល់កិច្ច អន្តរាគមន៍ ជួយ សង្គ្រោះជនរង គ្រោះ និងជនងាយរងគ្រោះនានាឲ្យបានទាន់ពេវេលា។

ឯកឧត្តម ឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានថ្លែងក្នុងពិធី “ប្រកាសតែងតាំងនាយកប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ"នៅព្រឹកថ្ងៃទី១៩ខែសីហានេះថា សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានរៀបចំផែនការយុទ្ធសាស្រ្តរបស់ខ្លួនដោយខិតខំប្រឹងប្រែងបំពេញបេសកកម្មមនុស្សធម៌ឲ្យកាន់តែសកម្មខ្លាំងក្លាថែមទៀត ក្នុងបុព្វហេតុរួមចំណែកក្នុងវិស័យ មនុស្សធម៌តាមរយៈ ការជួយសង្គ្រោះជីវិតមនុស្ស ការដោះស្រាយភាពខ្វះខាត និងទុក្ខលំបាករបស់ជនរងគ្រោះនិងជនងាយ រងគ្រោះ។

ឯកឧត្តមអភិបាលរាជធនីភ្នំពេញបានថ្លែងថា កិច្ចខំប្រឹងប្រែងក្នុងសកម្មភាពមនុស្សធម៌នេះក្នុងន័យជួយពនឿនការកាត់បន្ថយអត្រាភាពក្រីក្រ ការអភិវឌ្ឍសហគមន៍ និងការលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញឲ្យកាន់តែមានភាពប្រសើរឡើង។

ឯកឧត្តមបន្តថា ក្នុងតួនាទីជាជំនួយការឲ្យអាជ្ញាធរ សាធារណៈលើវិស័យមនុស្សធម៌ សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ បានប្រើប្រាស់ធនធានរបស់ខ្លួន ដើម្បីឆ្លើយតបចែករំលែកការលំបាករបស់បងប្អូនប្រជាពលរដ្ឋ និងបានបំពេញនូវបេសកកម្មមនុស្សធម៌ជាច្រើនក្នុងការ ជួយសង្គ្រោះដល់ជនរងគ្រោះ និងជនងាយរងគ្រោះ រួមមាន ចាស់ជរា ជនគ្មានទីពឹង ស្ត្រីមេម៉ាយទុរគត ស្ត្រីសម្រាលកូន កុមារគថ្លង់ យុវជនញៀនថ្នាំ ជនពិការ និងអ្នកផ្ទុកមេរោគអេដស៍ ជាពិសេសបានអន្តរាគមន៍បានទាន់ ពេលវេលា ចំពោះគ្រោះមហន្តរាយផ្សេងៗ ដែលបានកើតមានក្នុងមូលដ្ឋានរាជធានីភ្នំពេញដូចជា ព្រោះអគិគីភ័យ ខ្យល់កន្ត្រាក់ ព្រោះរាំងស្ងួត បាក់ច្រាំងទន្លេ និងគ្រោះថ្នាក់ចរាចរណ៍ជាដើម ស្របតាមទិសស្លោក“ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ 

លោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ថា បានសម្តែងការ កោតសរសើរដល់កាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញ ដែលបានបំពេញបេសកកម្មភាព មនុស្សធម៌ក្នុងមូលដ្ឋានរបស់ខ្លួនបានយ៉ាងល្អប្រសើរនិងមានប្រសិទ្ធភាពខ្ពស់ក្នុងការជួយសង្គ្រោះដល់ជនរងគ្រោះនិងជនងាយរងគ្រោះ។ លោកជំទាវបានអះអាងថា ការរៀបចំរចនាសម្ព័ន្ធរបស់សាខាថ្នាក់រាជធានីរហូតដល់សហគមន៍ដ៏រឹងមាំនេះ បានផ្តល់សេវាត្រៀមបង្ការនិងឆ្លើយតបគ្រោះមហន្តរាយនឹងជួយសម្រាលទុក្ខលំបាករបស់ជនរងគ្រោះនិងជនងាយរងគ្រោះប្រកបដោយប្រសិទ្ធភាព ហើយទាន់ពេលវេលា។

លោកជំទាវបានសង្កត់ធ្ងន់ថា ការងារមនុស្សធម៌ ជាការងារដ៏ធំធេងធ្ងន់ធ្ងរ តែវាឧត្តុង្គឧត្តមណាស់មិនអាចតួអង្គណាម្នាក់ ស្ថាប័នណាមួយឬប្រទេសណាមួយ អាចសម្រេចកិច្ច ការនេះតែឯកឯងបានឡើយ។

សូមបញ្ជាក់ថា កាកបាទក្រហមកម្ពុជាបានសម្រេចតែងតំាង លោកជិន ប៊ុនធឿន ជានាយកប្រតិបត្តិ សាខាកាកបាទក្រហមកម្ពុជាសាខារាជធានីភ្នំពេញ ដើម្បីបង្កើនប្រសិទ្ធភាពសកម្មភាពមនុស្សធម៌ជួយដល់ ជនរងគ្រោះឲ្យបានទាន់ពេលវេលា៕អត្ថបទនិងរូបភាព៖ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation