បេក្ខជនប្រឡងបាក់ឌុបឆ្នាំនេះជាង១១ម៉ឺននាក់ មានតែ២នាក់ប៉ុណ្ណោះដែលប្រព្រឹត្តកំហុសនិងធ្លាក់ដោយស្វ័យប្រវត្តិ
| ព័ត៌មានជាតិ
SHARE

ភ្នំពេញ៖ ក្រសួងអប់រំ យុវជននិងកីឡា បានប្រកាសថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១៩ សីហា ២០១៩ ដំណើរការបានល្អ និងដោយរលូន ហើយមិនមានបាតុភាពមិនប្រក្រតីធំដុំកើតឡើងគួរឱ្យកត់សម្គាល់ឡើយ ដោយសារបេក្ខជនគោរពតាមបទប្បញ្ញត្តិ នៃការប្រឡងយ៉ាងល្អ ស្ទើរតែពុំមាននាំមកជាប់ខ្លួននូវសំណៅឯកសារ និងឧបករណ៍ហាមឃាត់។ 

តាមរយៈសេចក្តីប្រកាសស្តីពីដំណើការសំណេរនៃការប្រឡងបាក់បាក់ឌុបរយៈពេលពីរថ្ងៃ ក្រសួងអប់រំបានបញ្ជាក់ថា ក្នុងដំណើរការប្រឡងរយៈពេលពីរថ្ងៃនេះ បេក្ខជនអវត្តមានសរុបចំនួន ១,៨៣៨ នាក់ ស្រី ៦៩៦នាក់ ត្រូវជា១.៥៧ ភាគរយ នៃចំនួនបេក្ខជនចុះឈ្មោះប្រឡងសរុប។ មុខវិជ្ជាប្រឡងមានចំនួន៧ ចែកចេញជាថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម។ ថ្នាក់វិទ្យាសាស្ត្រមានមុខវិជ្ជា ប្រវត្តិវិទ្យា ជីវវិទ្យា គីមីវិទ្យា ភាសាបរទេស អក្សរសាស្ត្រខ្មែរ រូបវិទ្យា និងគណិតវិទ្យា។ ថ្នាក់វិទ្យាសាស្ត្រសង្គមមានមុខវិជ្ជា ផែនដីនិងបរិស្ថានវិទ្យា ប្រវត្តិវិទ្យា ភូមិវិទ្យា ភាសាបរទេស គណិតវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា និងអក្សរសាស្ត្រខ្មែរ។

ក្រសួងអប់រំ យុវជន និងកីឡា បន្តថាមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ប្រមាណ២ម៉ឺននាក់ និងគរុសិស្ស-និស្សិតជាជំនួយការអប្បមាទជិត ២ ៥០០ នាក់ អនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់ និងគោរពតាមកម្រងភារកិច្ច និងសេចក្ដីណែនាំបច្ចេកទេសរបស់ក្រសួងអប់រំ យុវជន និងកីឡា។ 

ក្រសួងអប់រំឲ្យដឹងទៀតថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានប្រព្រឹត្តទៅដោយមានកិច្ចសហការយ៉ាងជិតស្និទ្ធ និងប្រកបដោយប្រសិទ្ធភាពខ្ពស់ ពីគ្រប់ភាគីពាក់ព័ន្ធ រួមមានអាជ្ញាធរដែនដី អង្គភាពប្រឆាំងអំពើពុករលួយ យុវជនស្ម័គ្រចិត្តនៃសហភាពសហព័ន្ធយុវជនកម្ពុជាជាង ២ ០០០ នាក់ កងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ និងប្រជាការពារប្រមាណ ១០ ០០០ នាក់ មន្ត្រីសុខាភិបាលប្រចាំមណ្ឌលប្រឡងនិងមូលដ្ឋានសុខាភិបាល និងអ្នកពាក់ព័ន្ធទាំងឡាយ។ ទោះបីអាកាសធាតុនៅតាមបណ្ដាខេត្តមួយចំនួនក្ដៅខ្លាំង និងមានភ្លៀងធ្លាក់ក៏ដោយ ប៉ុន្តែមិនប៉ះពាល់ដល់ដំណើរការសំណេររបស់បេក្ខជនឡើយ។ 

អ្វីដែលគួរឲ្យកត់សម្គាល់វិញ គឺឆ្នាំនេះ មាន បេក្ខជនប្រព្រឹត្តកំហុសឆ្គងមានចំនួន ០២ ករណី ក្នុងនោះករណីដកហូតទូរស័ព្ទមាន ០១ ករណី និងនាំសំណៅឯកសារចូលមាន ០១ ករណី។ 

ដោយឡែកបេក្ខជនមានបញ្ហាសុខភាពមានចំនួន ១៥២ ករណី បន្ទាប់ពីទទួលបានការសង្គ្រោះបឋម អាចបន្តការប្រឡងទៀតបាន លើកលែង ១១ ករណី ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ ពុំអាចត្រឡប់មកបន្តការប្រឡងបាន។

ក្រសួងអប់រំបន្ថែមថា តាមការគ្រោងទុក លទ្ធផលប្រឡងនឹងត្រូវប្រកាសនៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នារសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការតែមួយគត់របស់ក្រសួងអប់រំ យុវជន និងកីឡា facebook.com/moeys.gov.kh។

សូមជម្រាបថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ១៩-២០ ខែសីហា ឆ្នាំ២០១៩ មានបេក្ខជនបានចុះឈ្មោះប្រឡងសរុបចំនួន ១១៧,០៤៣ នាក់ ស្រី ៦០,៤២៧ នាក់ និងមានមណ្ឌលប្រឡងចំនួន ២០២ មណ្ឌល ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មាន៧៥មណ្ឌល និងថ្នាក់វិទ្យាសាស្ត្រសង្គមមាន១២៧មណ្ឌល ត្រូវជា ៤,៧២៥ បន្ទប់ ទូទាំងប្រទេស៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation