ព័ត៌មានអន្តរជាតិ

ភ្លើឆេះព្រៃកើតឡើងច្រើនដងបំផុតមិនធ្លាប់មានក្នុងតំបន់អាម៉ាហ្សូននៅប្រេស៊ីល

image

មជ្ឈមណ្ឌលស្រាវជ្រាវអវកាស ប្រទេសប្រេស៊ីលINPE បានបង្ហាញនូវក្ដីកង្វល់ថែមទៀត ចំពោះគោលនយោបាយបរិស្ថាន របស់ប្រធានាធិបតីស្ដាំនិយមJair Bolsonaro ដែលបណ្ដាលឲ្យភ្លើងឆេះព្រៃ នៅតំបន់អាម៉ាហ្សូនឈានឡើងដល់កម្រិតខ្ពស់ ពោលគឺឆេះរហូតទៅ72.843ហិកតាឯណោះ។

ទីភ្នាក់ងារនេះ បាននិយាយកាលពីថ្ងៃអង្គារថា ការកើនឡើងនេះ គឺមានរហូតដល់ទៅ៨៣% ក្នុងរយៈពេលដូចគ្នានិងខ្ពស់បំផុត ចាប់តាំងពីការកត់ត្រាដែលធ្វើឡើងកាលពីឆ្នាំ២០១៣។

ចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនមក មជ្ឈមណ្ឌលស្រាវជ្រាវអវកាស ប្រទេសប្រេស៊ីលINPE ចុះផ្សាយថា រូបភាពផ្កាយរណបបានប្រទះឃើញភ្លើងឆេះព្រៃ ថ្មីចំនួន ៩.៥០៧ នៅក្នុងប្រទេស ដែលភាគច្រើនស្ថិត នៅក្នុងអាងអាម៉ាហ្សូន ដែលជាទីជម្រក នៃព្រៃត្រូពិចធំបំផុតរបស់ពិភពលោក ដែលមើលឃើញថា មានសារៈសំខាន់ ក្នុងការទប់ទល់នឹងកម្ដៅផែនដី។

ផ្នែកជាច្រើន នៃប្រទេសនេះ ត្រូវបានគ្របដណ្តប់ ដោយផ្សែងក្រាស់។ រដ្ឋអាម៉ាសាស់ ប្រកាសអាសន្ន នៅភាគខាងត្បូង និងនៅរដ្ឋធានី Manaus កាលពីថ្ងៃទី ៩ ខែសីហា។

នេះជាការកើនឡើង នូវអគ្គិភ័យ ដែលមិនធ្លាប់មានពីមុនមក។ ករណីនេះ បានចាប់ផ្តើមតាំងពីលោក Bolsonaro ចូលកាន់តំណែង កាលពីខែមករា ហើយគាត់ប្តេជ្ញាថា នឹងអភិវឌ្ឍតំបន់អាម៉ាហ្សូន សម្រាប់កសិកម្ម និងការធ្វើអាជីវកម្មរ៉ែ។ប្រជាពលរដ្ឋចោទប្រកាន់លោកថា លោកជាមនុស្សមិនអើពើ នឹងការព្រួយបារម្ភរបស់អន្តរជាតិ ចំពោះការកាប់បំផ្លាញព្រៃឈើនោះឡើយ៕

ព័ត៌មានទាក់ទង...