ប្រជាពលរដ្ឋ ប្រមាណជាង២០គ្រួសារ ស្នើអាជ្ញាធរឃុំគោកព្រេច ខេត្តតាកែវ ដោះស្រាយប្រព័ន្ធលូបង្ហូរទឹក
| ព័ត៌មានជាតិ
SHARE

  ប្រជាពលរដ្ឋ ប្រមាណជាង២០គ្រួសារ ស្នើឲ្យអាជ្ញាធរឃុំគោកព្រេច ខេត្តតាកែវ ដោះ ស្រាយប្រព័ន្ធលូបង្ហូរទឹក ខណៈដែលស្ពានលូចំនួន៦កន្លែងកំពុងបង្កបញ្ហាដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ ជាពិសេសពេលមានជំនន់ទឹកភ្លៀងម្តងៗធ្វើឲ្យទឹកលិចចូលផ្ទះ ដោយសារមានការចាក់ដីលុបប្រឡាយបង្ហូរទឹក។

   លោក ទួន ស៊ន មេភូមិត្រពាំងព្រីង បានស្នើឲ្យមេឃុំ គោកព្រេច និងអភិបាលស្រុកគិរីវង់ ខេត្តតាកែវ ជួយស្ថាបនាផ្លូវលំ១ខ្សែប្រវែង២គីឡូម៉ែត្រ និង ប្រព័ន្ធលូបង្ហូរទឹកឡើងវិញ ពីព្រោះថាបច្ចុប្បន្ននេះ មានការចាក់ដីលុបប្រឡាយទឹក ដែលបណ្ដាលឲ្យកើតមានការកកស្ទះទឹកហូរកាត់ផ្លូវ បណ្ដាលឲ្យបាក់ស្ពាន ខូចខាតផ្លូវ និងលិចផ្ទះប្រជាពលរដ្ឋជាដើម ដែលបង្កឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ មានការលំបាកក្នុងការធ្វើដំណើរ និងដឹកជញ្ជូនដំណាំកសិកម្មដូចជា ស្រូវជាដើម។

  ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងព្រីង ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ លោក ទន់ ចិត្ត បានបញ្ជាក់ឲ្យដឹងថា ជារៀងរាល់ឆ្នាំមិនមានការលិចលង់ ដែល ធ្វើឲ្យ បាក់ស្ពាន ឆ្លងកាត់ ផ្លូវនោះទេ ទើបតែរដូវវស្សាឆ្នាំមានការចាក់ដីលុបប្រឡាយលូសម្រាប់បង្ហូរទឹកទើប បានជាបង្កឲ្យកើតបញ្ហានេះឡើង ដែលធ្វើឲ្យប្រជាពលរដ្ឋមានការលំបាកជាខ្លាំង ក្នុងធ្វើដំណើរប្រកបរបរ ប្រចាំថ្ងៃនិងសិស្សានុសិស្សមិនអាចធ្វើដំណើរទៅសាលារៀនបានដោយសារសភាពនៃការលិចលង់មានលក្ខណៈធ្ងន់ធ្ងរ។

ទន្ទឹមនេះ លោក ស្នើឲ្យអាជ្ញាធរឃុំ និងមន្រ្តីពាក់ព័ន្ធនៅក្នុងភូមិត្រពាំងព្រីង ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ ជួយអន្តរាគមន៍ និង ដោះស្រាយ ជួយកាយផ្លូវដែលចាក់ដីលុបប្រឡាយទឹកនេះចេញ និងស្ថាបនាស្ពាន និងលូរបង្ហូរទឹកឡើងវិញ ដើម្បីជួយសម្រួលដល់ទុកក្ខលំបាករបស់ប្រជាពលរដ្ឋទូទាំងភូមិត្រពាំងព្រីង ដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្នជាពិសេសនៅក្នុងរដូវវស្សានេះតែម្ដង។

  លោក ឈិត ប៉ន មេឃុំ ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ បានថ្លែងបញ្ជាក់ថា ករណីនេះក្រុមប្រឹក្សាឃុំបានទទួលជ្រាបជាដំណឹងហើយ និងបានដាក់របាយការណ៍ជូនទៅដល់ថ្នាក់ដឹកនាំស្រុក ដើម្បីជួយដោះស្រាយកង្វល់របស់ប្រជាពលរដ្ឋនេះផងដែរ។ ចំពោះការស្រាយបញ្ហាជូនប្រជាពលរដ្ឋនេះ លោកមេឃុំបានបញ្ជាក់ថា លោកបានពិភាក្សាជាមួយអភិបាលរងស្រុកគិរីវង់រួចហើយ ដោយត្រូវកាយប្រឡាយទឹកសងខាងផ្លូវ ដែលមានប្រវែង២គីឡូម៉ែត្រ ដើម្បីរៀបចំឲ្យមានចរន្តទឹកហូរត្រឹមត្រូវឡើងវិញ។ ដោយឡែកចំពោះស្ពានដែលបាក់ និងការចាក់ដីលុបប្រឡាយទឹកហូរ នឹងត្រូវរៀបចំឡើងវិញផងដែរ ដោយក្នុងនោះត្រូវកាយដីដាក់លូជំនួសស្ពាន និងកាយផ្លូវដាក់លូប្រវែង២ម៉ែត្រ ដើម្បីដាក់លូរំដោះទឹកដែលកំពុងកកស្ទះ។

  ពាក់ព័ន្ធទៅនឹងការស្នើសុំរបស់ប្រជាពលរដ្ឋនេះ លោក ទេព កន អភិបាលរង ស្រុក គិរីវង់ ខេត្តតាកែវ បានថ្លែងបញ្ជាក់ថា លោកបានប្រជុំពិភាក្សាជាមួយក្រុមប្រឹក្សាឃុំ ដើម្បី ធ្វើការដោះស្រាយជូនប្រជាពលរដ្ឋ នាពេលឆាប់ៗខាងមុខនេះ។ ដោយឡែកចំពោះករណីចាក់ដីលុបប្រឡាយទឹកធ្វើផ្លូវដើម្បីធ្វើដំណើរនោះ លោកបញ្ជាក់ថា នឹងធ្វើការកែរតម្រូវឡើងវិញ ដើម្បីកុំឲ្យមានការកក់ស្ទះចរន្តទឹកដូចពេលនេះ។ ទន្ទឹមនឹងនេះ លោកក៏បានស្នើឲ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរឃុំ និង ទុកពេលវេលាសម្រាប់ក្រុមប្រឹក្សាឃុំ ដើម្បីស្វែងរកថវិកាឧបត្ថម្ភពីសាធារណជន ដើម្បីធ្វើការស្ថាបនាផ្លូវនេះឡើងវិញផងដែរ៕អត្ថបទនិងរូបភាព៖ម៉ៅ នរិទ្ធិយ៉ា

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation