អគ្គស្នងការនគរបាលជាតិដាក់ទិសដៅចំនួន២ជាមូលដ្ឋានស្រាវជ្រាវមុខសញ្ញាល្មើស
| ព័ត៌មានជាតិ
SHARE

អគ្គស្នងការនគរបាលជាតិ បានដាក់ចេញនូវទិសដៅចំនួន២ ដើម្បីមានជាមូលដ្ឋានក្នុងការស្រាវជ្រាវច្បាមជាប់នូវសកម្មភាពរបស់មុខសញ្ញាទាំងឡាយដែលកំពុងកើតមានឡើងនៅក្នុងប្រទេស។

ការដាក់ទិសដៅបែបនេះខណៈឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា អគ្គស្នងការរងនគរបាលជាតិតំណាងនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិអញ្ជើញជាអធិបតីភាពក្នុងពីធីបើកកិច្ចប្រជុំ ស្ដីពីការផ្សព្វផ្សាយវិធានការ និងតាមដានសកម្មភាពមុខសញ្ញាព្រហ្មទណ្ឌ នៅទូទាំងប្រទេស នៅព្រឹកថ្ងៃទី២៣ សីហានេះ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

ទិសដៅទាំងពីរនោះរួមមាន ទី១៖ បង្ការទប់ស្កាត់មិនឲ្យមុខសញ្ញាទាំងនោះ មកធ្វើសកម្មភាពល្មើសជាថ្មីវិញបាន និងទី២៖ បើមុខសញ្ញាទាំងនោះមកប្រព្រឹត្តល្មើស គឺយើងអាចក្តាប់បាន និងធ្វើការបង្ក្រាបចាប់ខ្លួនបញ្ជូនទៅស្ថាប័នតុលាការឲ្យទទួលខុសត្រូវចំពោះមុខច្បាប់ ព្រមទាំងកាត់បន្ថយសកម្មភាពខ្សែរយៈបក្ខពួក និងការអូសទាញបណ្តាមុខសញ្ញាថ្មីៗ ឲ្យមកប្រព្រឹត្តបទល្មើសបានជាបន្តទៀត។

បន្ថែមពីនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៉ិន បូរ៉ា ក៏បានស្នើសមាជិក សមាជិកា ដែលជាមន្ត្រីថ្នាក់ដឹកនាំដ៏សកម្ម ស្ថិតនៅជួរមុខតាមបណ្តាមូលដ្ឋាន រាជធានី-ខេត្តនីមួយៗ និងនាយកដ្ឋានលើការបង្ការ និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌពិនិត្យ និងជួយផ្តល់មតិយោបល់ល្អៗ ជាវិធានការគន្លឹះក្នុងការគ្រប់គ្រង និងតាមដានសកម្មភាពមុខសញ្ញាខាងលើ សំដៅឈានទៅធ្វើការបង្ក្រាបឲ្យបានជាស្ថាពរនូវធាតុចូលដ៏សំខាន់ៗ៕អត្ថបទនិងរូបភាព៖ ម៉ៅ នរិទ្ធិយ៉ា


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation