ព័ត៌មានជាតិ

សម្តេចតេជោ បញ្ជាក់ថា កម្ពុជាកំពុងតែសហការយ៉ាងល្អ​ ជាមួយនឹងអង្គការ WHO និងអង្គការដទៃទៀត រៀបចំវិធានការ​ទប់ស្កាត់​ជំងឺសម័យថ្មី ​កុំឲ្យរីករាលដាល ឬនាំមក​នូវបញ្ហា​ដល់ប្រជាជនកម្ពុជា​

image

  ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៦ ខែសីហានេះ បានអនុញ្ញាតឲ្យ លោកវេជ្ជបណ្ឌិត តាកិស៊ី កាសៃ (Takeshi Kasai) នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក​ ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព។

  បើតាមប្រសាសន៍ ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ បានប្រាប់ឲ្យដឹងថា ​លោកវេជ្ជបណ្ឌិតកាសៃ បានជម្រាបជូន សម្តេចតេជោ​ថា លោកបានមកទស្សនកិច្ចនៅកម្ពុជា កាលពីទសវត្សរ៍ឆ្នាំ២០០០ ដោយលោកសង្កេតឃើញថា កម្ពុជាមានការអភិវឌ្ឍរីកចម្រើន យ៉ាងឆាប់រហ័ស និងជឿនលឿនជាទីបំផុត។​ ឯកឧត្តមបន្ថែមថា តាមរយៈការរីកចម្រើននេះ ប្រជាជនកម្ពុជាបច្ចុប្បន្ន មានអាយុវែង ជាងកាលពីទសវត្សរ៍មុន។ 

  លោកបានបញ្ជាក់ជូនសម្ដេចដែរថា ឥឡូវនេះពិភពលោកទាំងមូល កំពុងតែស្ថិតនៅក្នុង ដំណាក់កាលអន្តរកាលមួយ ក្នុងការដោះស្រាយនូវ បញ្ហាជំងឺរាតត្បាតបែបបុរាណ ទៅជាជំងឺបែបសម័យ គ្រាដែលប្រជាជន ឈានទៅមានជំងឺប្លែកៗ ដូចជាជំងឺទឹកនោមផ្អែម លើសឈាមជាដើម។ លើសពីនេះទៀត ក៏មានជំងឺ ដែលមានចរិតលក្ខណៈពិបាកព្យាបាល ជាងពេលមុន ដូចជាជំងឺប៉េស្ត និងជំងឺដទៃផ្សេងទៀត។ ក្នុងន័យនេះ លោកបានជម្រាបជូន សម្តេចតេជោថា អង្គការ WHO មានជំនឿជឿជាក់លើកម្ពុជា ជាមួយនឹងគោលដៅអភិវឌ្ឍជាតិ ប្រកបដោយចីរភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលជាមូលដ្ឋាន សម្រាប់វឌ្ឍនភាពរបស់កម្ពុជា ហើយកម្ពុជានឹងអាចឆ្លងផុត និងទទួលបានជោគជ័យ ក្នុងការដោះស្រាយ ចំពោះជំងឺផ្សេងៗ។ 

  សម្ដេចតេជោ​ បានអបអរសាទរ ចំពោះលោក​កាសៃ ដែលត្រូវបានតែងតាំង​ ​ជាប្រធានអង្គការ WHO ថ្មី ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ សម្ដេចតេជោ​ បានសម្ដែងនូវក្តីរីករាយ ដែលបានធ្វើជាដៃគូដ៏ល្អ ជាមួយអង្គការ WHO ក៏ដូចជាកិច្ចសហប្រតិបត្តិការដ៏ល្អ ដែលទទួលបាន តាមរយៈនេះ ហើយដែលកម្ពុជាបានទប់ស្កាត់ នឹងទទួលបានជោគជ័យយ៉ាងច្រើន ពាក់ព័ន្ធនឹងជំងឺ ដែលមានចរិតជាប្រពៃណី​ ដែលមានដូចជា ជំងឺស្វិតដៃជើង កញ្ជ្រិល តេតាណុស ជំងឺ​ផ្តាសាយបក្សី ​និងជំងឺអេដស៍ជាដើម ដែលកម្ពុជាបានទប់ស្កាត់ យ៉ាងមានប្រសិទ្ធភាព និងជោគជ័យ ដោយពុំមានការរីករាលដាល និងថែមទាំងមានការថយចុះផងដែរ។ 

  សម្តេចបន្តថា ពាក់ព័ន្ធនឹងជំងឺសម័យថ្មីនេះ កម្ពុជាកំពុងតែសហការយ៉ាងល្អ និងសកម្មជាមួយនឹងអង្គការ WHO និងអង្គការដទៃទៀត រៀបចំវិធានការដាក់ចេញទប់ស្កាត់ ការពារនៅជំងឺនេះ កុំឲ្យរីករាលដាល ឬនាំមកដល់បញ្ហាមកដល់ប្រជាជនកម្ពុជា រីករាលដាល ដល់បណ្ដាប្រទេសជិតខាង ផ្សេងទៀតផងដែរ។ កម្ពុជាក៏មានទិសដៅផងដែរ នៅក្នុងឆ្នាំ ២០២៥ខាងមុខ ដោយដាក់ចេញនូវ កម្មវិធីជាតិសុខភាព ធ្វើយ៉ាងណាបញ្ចប់ មិនឲ្យមានជំងឺគ្រុនចាញ់ នៅកម្ពុជា​ និងមានមហិច្ឆតា កែប្រែប្រទេសកម្ពុជា ជាប្រទេសមួយ ដែលមិនមានផ្សែងបារី។ 

  សម្ដេចតេជោ ក៏បានជម្រាបជូនលោកវេជ្ជបណ្ឌិត និងប្រតិភូថា កម្ពុជាកំពុងតែអនុវត្ត នូវនយោបាយសន្តិសុខសង្គម ជួយដល់ស្ត្រីដែលមានផ្ទៃពោះ ដែលមានជីវភាពក្រីក្រ នេះជាកម្មវិធីសន្តិសុខសង្គម គ្រាដែលកម្ពុជាកំពុងជំរុញយ៉ាងខ្លាំង កម្មវិធីនេះ ហើយរាជរដ្ឋាភិបាល សង្ឃឹមថានឹងកាត់បន្ថយ នៅជំងឺរាតត្បាត មកដល់ប្រជាជនកម្ពុជា ស្របពេលដែលកម្ពុជា មានអាហាររូបត្ថម្ភគ្រប់គ្រាន់ នៅក្នុងខ្លួនហើយជំងឺរាតត្បាតទាំងឡាយ នឹងត្រូវកាត់បន្ថយផងដែរ៕អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ អេង សុគុណ, លឹម មុនី