ប្រមុខកាកបាទក្រហមកម្ពុជា ទទួលជួបសវនាការនិងការជំរាបលារបស់លោកជំទាវភរិយាឯកអគ្គរដ្ឋទូតសហភាពអឺរុបប្រចាំកម្ពុជាដែលចប់អាណត្តិ 
| ព័ត៌មានជាតិ
SHARE

សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា បានអនុញ្ញាតឲ្យលោកជំទាវអេ ឡេណា អេដហ្គាភរិយាឯកឧត្តម ចច អេដហ្គា (George EDGAR)ឯកអគ្គរដ្ឋទូតសហភាពអឺរុបប្រចាំព្រះរាជាណាចក្រកម្ពុជាដែលចប់អាណត្តិចូលជួបសម្តែងការគួរសម និងជម្រាបលា  នៅទីស្នាក់កណ្តាលកាកបាទក្រហមកម្ពុជាក្នុងរាជធានីភ្នំពេញនាថ្ងៃចន្ទ១១រោចខែស្រាពណ៌ឆ្នាំកុរឯកស័កព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែសីហាឆ្នាំ២០១៩។

យោងតាមឯកឧត្តមតាំង សាមឿន លេខាធិការសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជាបានមានប្រសាសន៍ថា ៖ ក្នុងសវនាការនោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជាបានស្វាគមន៍ប្រកបដោយក្តីរីករាយចំពោះវត្តមានលោកជំទាវអេ ឡេណា អេដហ្គាដែលជួបគ្នាជាថ្មីម្តងទៀតក្នុងឱកាសមុនពេលចាកចេញពីប្រទេសកម្ពុជារបស់លោកជំទាវនិងឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរុបប្រចាំនៅកម្ពុជាបន្ទាប់ពីបានបញ្ចប់អាណត្តិបេសកម្មការទូតអស់រយៈពេល៤ឆ្នាំក្នុងប្រទេសកម្ពុជាកន្លងមកនេះ។ជាមួយគ្នានេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនក៏បានរំលឹកឡើងវិញនូវអនុស្សាវរីយ៍ក្នុងអំឡុងពេលដែលស្វាមីលោកជំទាវបានមកបំពេញតួនាទីភារកិច្ចជាឯកអគ្គរាជទូតចក្រភពអង់គ្លេសប្រចាំកម្ពុជាពីឆ្នាំ១៩៩៧ដល់ឆ្នាំ២០០០។ក្នុងអំឡុងពេលនោះស្វាមីលោកជំទាវក្នុងនាមឯកអគ្គរាជទូតបានធ្វើឲ្យប្រទេសទាំងពីរមានទំនាក់ទំនងគ្នាល្អប្រសើរ។ លើសពីនេះឯកឧត្តមស្វាមីលោកជំទាវក្នុងកិច្ចខិតខំប្រឹងប្រែងក្នុងនាមជាឯកអគ្គរដ្ឋទូតសហភាពអឺរុបប្រចាំនៅកម្ពុជាបានបង្ហាញច្បាស់លាស់ និងភាពពិតរបស់ប្រទេសកម្ពុជាក៏ដូចជាការអភិវឌ្ឍនិងការរីកចម្រើនរបស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះផងដែរ។ព្រមទាំងបានជួយជ្រោមជ្រែងដល់ប្រទេសកម្ពុជានិងប្រជាពលរដ្ឋផ្ទាល់ទៀតផង។ ជាការឆ្លើយតបលោកជំទាវអេ ឡេណា អេដហ្គាភរិយាឯកឧត្តម ចច អេដហ្គា (George EDGAR)បានថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនដែលបានចំណាយពេលវេលាដ៏មានតម្លៃទទួលជួបសវនាការ និងការជម្រាបលារបស់លោកជំទាវនាពេលនេះ។លោកជំទាវបានថ្លែងការកោតសសើរនូវការអភិវឌ្ឍរីកចម្រើនយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជាពិសេសក្នុងរយៈពេល២០ឆ្នាំមកនេះ ហើយតាមរយៈនេះបានឆ្លុះបញ្ចាំងឲ្យឃើញក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការលើកស្ទួយជីវភាពនិងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ ព្រមទាំងបានកោតសសើរទាក់ទងនឹងការងារមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែនដោយលោកជំទាវបានតាមដានយ៉ាងយកចិត្តទុកដាក់នូវសកម្មភាពសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលមានចុះផ្សាយតាមប្រពន្ធ័ព័ត៌មាននានា។ សកម្មភាពទាំងនេះបានធ្វើឲ្យលោកជំទាវសម្តែងនូវការកោតសសើរយ៉ាងខ្លាំងចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានលះបង់ពេលវេលា ធនធានផ្ទាល់ខ្លួនក្នុងការចុះជួបនិងជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះទូទាំងប្រទេសកម្ពុជាដោយមិនខ្លាចនឿយហត់នោះឡើយ។ ចំពោះការលើកឡើងទាំងអស់នេះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែនបានថ្លែងអំណរគុណលោកជំទាវនិងបានផ្តាំផ្ញើនូវសេចក្តីថ្លែងអំណរគុណនិងអរគុណជូនឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរុបប្រចាំនៅកម្ពុជាតាមរយះលោកជំទាវជាភរិយានៅពេលនេះព្រមទាំងបានជូនពរដល់ឯកឧត្តមឯកអគ្គរដ្ឋទូតនិងលោកជំទាវជាភរិយាឲ្យទទួលបាននូវភាពជោគជ័យលើភារកិច្ចដែលត្រូវបន្តធ្វើក្រោយពីបញ្ចប់អាណត្តិការទូតក្នុងប្រទេសកម្ពុជានាពេលនេះ។ឯកឧត្តមតាំង សាមឿនបានបន្តថា៖ កាកបាទក្រហមកម្ពុជាក៏មានកិច្ចសហការជាមួយការិយាល័យមនុស្សធម៌របស់សហគមន៍អឺរុបផងដែរដូចជា អេកូ(ECHO) និង ឌីប៉េកូ(DIPECHO) ដោយក្នុងនោះពីឆ្នាំ២០០១ដល់ឆ្នាំ២០១១ កាកបាទក្រហមកម្ពុជាបានទទួលជំនួយពីអេកូ និងឌីប៉េកូ តាមរយៈសហគមន៍អឺរុបនូវថវិកាជាង២លានអឺរ៉ូ សម្រាប់ការអនុវត្តគម្រោងកាត់បន្ថយហានិភ័យ គ្រោះមហន្តរាយតាមសហគមន៍នៅខេត្តចំនួន៩ (ខេត្តកំពង់ចាម ព្រៃវែង កណ្តាល កំពត កំពង់ស្ពឺ ក្រចេះ ពោធិ៍សាត់ ស្វាយរៀង និងខេត្តតាកែវ ) ហើយមានគ្រួសារទទួលផលចំនួន១ម៉ឺន៨ពាន់ ៤រយ៤១គ្រួសារ(១៨៤៤១)និងឆ្នាំ២០១១ដល់ឆ្នាំ២០១២ គម្រោងជួយជនរងគ្រោះដោយទឹកជំនន់ក្នុងខេត្តចំនួន៤គឺខេត្តកំពង់ធំ កំពង់ចាម ព្រៃវែង និងខេត្តកណ្តាល)មានទឺកប្រាក់ជាង៨៦ម៉ឺនអឺរ៉ូ មានអ្នកទទួលផលចំនួន៩ពាន់៩រយគ្រួសារ(៩៩០០គ្រួសារ) បន្តមកនៅឆ្នាំ២០១៦ ដល់ឆ្នាំ២០១៧ គម្រោងកសាងភាពធន់នៅខេត្តបន្ទាយមានជ័យមានទឹកប្រាក់សរុបជាង១៥ម៉ឺនអឺរ៉ូមានអ្នកទទួលផលចំនួន៣ពាន់ ៤១គ្រួសារ(៣០៤១គ្រួសារ) ។

ក្រោយពីបញ្ចប់សវនាការរួចសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា និងលោកជំទាវភរិយាឯកអគ្គរដ្ឋទូតសហភាពអឺរុបប្រចាំកម្ពុជាដែលចប់អាណត្តិបានប្រគល់វត្ថុអនុវស្សាវរីយ៍ទៅវិញទៅមកប៉ុន្តែអ្វីដែរគួរឲ្យចាប់អារម្មណ៍នោះគឺក្នុងនាមជាកំពូលស្ត្រីកម្ពុជាទី១នៃកម្ពុជាសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនបានបំពាក់នូវក្រមានិងផ្តល់ហូលដែលជាអត្តសញ្ញាណជាតិខ្មែរដ៏ស្រស់ស្អាតជូនដល់លោកជំទាវ ផងដែរ៕
អត្ថបទ ៖ ថឹង ចាន់ថារ៉ាន់ , រូប ៖ ង៉ាន់ សំណាង 

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation