ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកព្រះស្តេច ប្តេជ្ញាតាមដាន​ការដោះស្រាយបញ្ហាប្រឈម ដែលទទួលបានពីវេទិកាសាធារណៈ និង​បន្ដទទួលយកនូវបញ្ហារបស់ប្រជាជន ដែលនៅសេសសល់ មកដោះស្រាយ 
| ព័ត៌មានជាតិ
SHARE

  ព្រៃវែង ៖ ឯកឧត្តម ហ៊ឺ បាវី ប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុកព្រះស្តេច បន្ទាប់ពីបានអញ្ជើញធ្វើ វេទិកាសាធារណៈ ដែលបានចុះ​នៅមូលដ្ឋានទាំង១១ឃុំ ​ក្នុងស្រុកព្រះស្តេច នៃខេត្តព្រៃវែង​រួចមក បានសន្និដ្ឋានថា តាមរយៈការធ្វើវេទិកានេះ ឃើញថាប្រជាពលរដ្ឋ មានការចូលរួមយ៉ាងផុសផុល ជុំវិញបញ្ហាដែលជាទុក្ខកង្វល់របស់ពួកគាត់ នៅក្នុងមូលដ្ឋាន ដោយមានការឆ្លើយបំភ្លឺ ដោះស្រាយ និងដាក់វិធានការពី ឯកឧត្ដមគណៈអធិបតី និងជំនាញពាក់ព័ន្ធ ឃើញថាពួកគាត់មានទំនុកចិត្ដ កក់ក្ដៅមកលើថ្នាក់ដឹកនាំ។ 

  ឯកឧត្តម ហ៊ឺ បាវី បានប្តេជ្ញាថា នឹងបន្តតាមដាន ក្នុងការដោះស្រាយបញ្ហាប្រឈម ដែលទទួលបានពីវេទិកាសាធារណៈ ហើយនឹង ​បន្ដទទួលយកនូវបញ្ហា របស់ប្រជាជន ដែលនៅសេសសល់ មកដោះស្រាយ ហើយប្រសិនបើ ​បញ្ហាណាដែលដោះស្រាយមិនស្រេច ត្រូវបញ្ជូនទៅក្រុមការងារថ្នាក់ជាតិ ឬស្ថាប័នជំនាញពាក់ព័ន្ធ ធ្វើការដោះស្រាយបន្ត។ 

  ឯកឧត្តមបញ្ជាក់ថា ការធ្វើវេទិកាសាធារណៈនេះ គឺដើម្បីត្រួតពិនិត្យ និងគាំទ្រ ការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ឆ្នាំ២០១៩។ តាមរយៈនៃវេទិកាជាច្រើនលើកនេះ ក្រុមការងារស្រុកព្រះស្តេច ទទួលបានសំណូមពរជាច្រើន ពីសំណាក់ប្រជាពលរដ្ឋ​ ឲ្យក្រុមការងារជួយដោះស្រាយ ​មានដូចជា ៖ បញ្ហាសន្ដិសុខសណ្ដាប់ធ្នាប់នៅមូលដ្ឋាន, ការផ្ដល់សេវាសាធារណៈ, សន្ដិសុខស្បៀង និងអាហារូបត្ថម្ភ, ទំនាស់ដីធ្លី, ផ្នែកធនធានធម្មជាតិ បរិស្ថាន និងបទល្មើសនេសាទ, សេវាអប់រំ អគារសិក្សា គុណភាពគ្រូបង្រៀន សម្ភារបរិក្ខារ សិក្សា, តម្លៃ និងទីផ្សារកសិផល, សេវាសុខាភិបាល និងការស្នើសុំហេដ្ឋារចនាសម្ព័ន្ធរូបវន្ដនៅជនបទជាដើម។

  ពាក់ព័ន្ធនឹងបញ្ហាតម្លៃនិងទីផ្សារកសិផល ជាបញ្ហាចម្បងរបស់កសិករ, ជាការឆ្លើយតបឯកឧត្តម ហ៊ឺ បាវី បានសំណូមពរឲ្យប្រជាពលរដ្ឋ ដាំដុះឲ្យត្រូវទៅតាម តម្រូវការទីផ្សារក្នុងស្រុក ដែលមានការណែនាំ ពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ដោយធ្វើយ៉ាងណា កាត់បន្ថយ ការចំណាយដើមទុន ក្នុងការផលិត។ មួយវិញទៀត ដំណោះស្រាយពីរឆ្នាំខាងមុខ ក្នុងស្រុកព្រះស្តេច នឹងមានឡសម្ងួតស្រូវ ដើម្បីរក្សាតម្លៃសមរម្យ ជូនប្រជាជន។ ហេតុនេះ កសិករត្រូវតែចូលរួមទាំងអស់គ្នា បង្កើតជាសហគមន៍ ឲ្យទៅជាខ្សែចង្វាក់ផលិតកម្ម នោះយើងនឹងរក្សាបាននូវតម្លៃ នៃផលិលផលកសិកម្ម តុល្យភាពទៅនឹងចំណាយ និងមានការចំណេញច្រើន៕អត្ថបទ ៖ សន ពិសិដ្ឋ រូបភាព ៖ លឹម មុនី

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation