ក្រុមហ៊ុនចំនួន២៥ ដែលធ្វើអាជីវកម្មរ៉ែនិងកំពុងប្រតិបត្តិការស្វែងរុករករ៉ែត្រូវបានក្រសួងហៅមកការណែនាំ
| ព័ត៌មានជាតិ
SHARE


(ភ្នំពេញ) ៖ នាព្រឹកថ្ងៃទី២៣ ខែឧសភា​​ ឆ្នាំ២០១៨នេះ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ឯកឧត្តម ស៊ុយ សែម បានអញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំណែនាំអំពីការងារប្រតិបត្តិការធនធានរ៉ែ​ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងទទួលបន្ទុកវិស័យរ៉ែ​ និងក្រុមហ៊ុនប្រកបអាជីវកម្មរ៉ែនិងក្រុមហ៊ុនកំពុងប្រតិបត្តិការស្វែងរុករករ៉ែចំនួន២៥ក្រុមហ៊ុន​​។


ឯកឧត្តម ម៉េង​ សក្តិធារ៉ា​ រដ្ឋលេខាធិការនៃក្រសួងរ៉ែនិងថាមពលបានធ្វើបទបង្ហាញអំពីលក្ខខណ្ឌអាជ្ញាបណ្ណទាំងក្នុងទិដ្ឋភាពបច្ចេកទេសនិងទិដ្ឋភាពច្បាប់​ ជូនដល់អង្គប្រជុំជាពិសេសតំណាងក្រុមហ៊ុនទាំង២៥ដើម្បីយល់ច្បាស់អំពីសិទ្ធិនិងកាតព្វកិច្ចរបស់ក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណពីស្ថាប័នមានសមត្ថកិច្ច។


នៅក្នុងកិច្ចប្រជុំណែនាំនេះ ឯកឧត្តម ស៊ុយ សែម បានណែនាំអំពីកាតព្វកិច្ចនៃការងារប្រតិបត្តិការធនធានរ៉ែ និងបំរាមមួយចំនួនទៅកាន់ក្រុមហ៊ុនទាំងនោះ ដែលមាន ៧ចំណុច រួមមាន៖


១ ក្រុមហ៊ុនដែលទទួលអាជ្ញាបណ្ណធនធានរ៉ែមានកាតព្វកិច្ចទទួលខុសត្រូវខ្ពស់ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងបរិស្ថាន ដែលបានកំណត់ និងតម្រូវដោយច្បាប់បទដ្ឋានគតិយុត្តនានាដែលមានជាធរមាន
២ ក្រុមហ៊ុនត្រូវពិនិត្យលើប្រតិបត្តិការរបស់ខ្លួនស្របតាមអនុក្រឹត្យលេខ៧២ នូវរាល់សកម្មភាពមានដូចជា ការធ្វើដំណើរ ឬដឹកជញ្ជូនឆ្លងកាត់តំបន់ការពារដែលជាដីកម្មសិទ្ធឯកជន ឬកម្មសិទ្ធិរបស់រដ្ឋ ត្រូវមានការអនុញ្ញាតពីស្ថាប័នមានសមត្ថកិច្ចទាំងថ្នាក់ជាតិ និងថ្នាក់មូលដ្ឋាន ឬម្ចាស់កម្មសិទ្ធិឱ្យបានត្រឹមត្រូវ
៣ ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់បំពេញកាតព្វកិច្ច និងលក្ខខណ្ឌនានាឱ្យបានម៉ត់ចត់ ក្នុងនោះរួមមាន៖ ការធ្វើប្រតិបត្តិការក្នុងដែនអាជ្ញាបណ្ណដែលបានកំណត់ ការអនុវត្តតាមផែនការផលិតកម្ម និងឯកសារគោល(Blueprint) ការផ្តល់របាយការណ៍ជាប្រចាំឱ្យបានពេញលេញត្រឹមត្រូវ និងទាន់ពេលវេលាមកក្រសួង ការអនុវត្តការគ្រប់គ្រងការពារបរិស្ថាន ផែនការទុកដាក់កាកសំណល់រ៉ែតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ
៤ ហាមឃាត់ដាច់ខាតមិនឱ្យមានការធ្វើអាជីវកម្ម ក្នុងដំណាក់កាលស្វែងរុករក ការដឹករ៉ែចេញដោយមិនមានលិខិតអនុញ្ញាត ឬមិនទាន់បានបង់សួយសារ និងអនុវត្តកាតព្វកិច្ចហិរញ្ញវត្ថុនានា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ឬប្រតិបត្តិការរ៉ែក្រៅតំបន់ដែនអាជ្ញាបណ្ណបានកំណត់
៥ ហាមដាច់ខាត ការបង្ហូរកាកសំណល់រ៉ែ ចូលទឹក ឬប្រភពទឹកធម្មជាតិ ដោយមិនទាន់សម្អាតឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសដែលបានកំណត់
៦ ត្រូវចាត់វិធានការចាំបាច់ ដើម្បីទប់ស្កាត់ការហូរច្រោះដី ឬលេចធ្លាយកាកសំណល់ពីការដ្ឋានទៅដល់ទីសាធារណៈ ដែលអាចបង្កផលប៉ះពាល់ ដល់សុខភាព សុវត្ថិភាព បរិស្ថាន និងសង្គមធ្ងន់ធ្ងរ
៧ ក្រុមហ៊ុនត្រូវយកចិត្តទុកដាក់អនុវត្តកាតព្វកិច្ចឱ្យបានត្រឹមត្រូវ ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គម និងបរិស្ថាន៕


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation