ព័ត៌មានអន្តរជាតិ

ជនចំណាកស្រុកប្រហែល១០០នាក់ត្រូវបានជួយសង្គ្រោះពីឆ្នេរសមុទ្រលីប៊ី

image

ក្រុមជំនួយរបស់ប្រទេសអ៊ីតាលី ដែលមានឈ្មោះថា Yamranea Charity បានជួយសង្គ្រោះ ជនចំណាកស្រុកប្រមាណ ១០០ នាក់ កាលពីថ្ងៃពុធ ក្នុងនោះមានស្ត្រីមានផ្ទៃពោះ ៨ នាក់ និងកុមារ ២២ នាក់។

អង្គការក្រៅរដ្ឋាភិបាលអ៊ីតាលី បាននិយាយថា ទូកដែលជនចំណាកស្រុក កំពុងជិះលើនោះ គឺមានមនុស្សច្រើនកកកុញ រសាត់អណ្តែត និងមានបញ្ហាប្រឈមរួចទៅហើយ។អង្គការនេះ បានស្នើសុំឱ្យអាជ្ញាធរអ៊ីតាលី ផ្តល់ដំណោះស្រាយ ដើម្បីជួយឲ្យពួកគេមានសុវត្ថិភាព។

អាជ្ញាធរដែនសមុទ្រអ៊ីតាលី បានឆ្លើយតប ដោយនិយាយថា ពួកគេគួរតែងាកទៅរកអាជ្ញាធរលីប៊ី។ អង្គការសប្បុរសធម៌នេះ បាននិយាយថា ខ្លួនកំពុងស្នើសុំដំណោះស្រាយជំនួស ព្រោះប្រទេសលីប៊ី មិនត្រូវបានគេចាត់ទុកថា ជាប្រទេសមានសុវត្ថិភាព សម្រាប់ជនចំណាកស្រុកវិលត្រឡប់ ទៅប្រទេសនោះវិញទេ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ របស់អ៊ីតាលី លោក Matteo Salvini បានបដិសេធម្តងហើយម្តងទៀត មិនអនុញ្ញាតឱ្យនាវាដឹកជនអន្តោប្រវេសន៍ ចូលក្នុងដែនទឹកប្រទេសអ៊ីតាលី ទេ ដែលនេះជាការបង្កឱ្យមានការប្រឈមមុខដាក់គ្នា ជាមួយអង្គការក្រៅរដ្ឋាភិបាល ដែលធ្វើសកម្មភាព នៅសមុទ្រមេឌីទែរ៉ាណេ៕

ព័ត៌មានទាក់ទង...