អភិបាលស្រុកមណ្ឌលសីមាជំរុញឲ្យបើកការស៊ើបអង្កេតវែកមុខរកម្ចាស់ដើមរថយន្តដឹកដីបុករះផ្ទះពលរដ្ឋ៥ខ្នង និងសម្លាប់មនុស្ស២នាក់ឲ្យបានហ្មត់ចត់
| ព័ត៌មានជាតិ
SHARE

កោះកុង ៖ ដើម្បីឲ្យមានតម្លាភាពក្នុងពេល បច្ចុប្បន្នអភិបាលស្រុកមណ្ឌលសីមាកំពុងដុតដៃដុតជើងឲ្យសមត្ថកិច្ចជំនាញបើកការស៊ើបអង្កេតស្វែងរកម្ចាស់ដើមរថយន្តដឹកដី ដែលបានបុករះផ្ទះពលរដ្ឋចំនួន ៥ខ្នង ក្នុងភូមិចាំយាម ដែលបានបង្កឲ្យមានការបាត់អាយុជីវិតមនុស្ស២នាក់ (ម្តាយ.កូន) រួមទាំងខូចខាតសម្ភារមួយចំនួនធំ ដើម្បីឲ្យចូលខ្លួនមកធ្វើការដោះស្រាយសំណងជូនជនរងគ្រោះ។យោងតាមកិច្ចសន្យារបស់នគរបាល បានកោះហៅឈ្មោះ ភឿក ចិន្តា ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិដីទំនាប ឃុំត្រពាំងរូង ស្រុកកោះកុង ជាម្ចាស់រថយន្តម៉ាក់ ហ៊ីយ៉ាន់ដាយ ពណ៌ស ចំណុះ ១៥តោន ដែលបានលក់រថយន្តនេះទៅឲ្យឈ្មោះ ភឿក សម្បត្តិ ភេទ ប្រុស មុខរបរអ្នកបើកបរ។

លោក ជា សារិន អធិការនគរបាលស្រុកមណ្ឌលសីមា បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៩នេះថា សមត្ថកិច្ច និងអាជ្ញាធរពុំបានព្រងើយកន្តើយក្នុងការស៊ើបអង្កេតរុករកម្ចាស់រថយន្តដឹកដី ដែលបានបុករះ បណ្តាលឲ្យស្លាប់មនុស្ស២នាក់ (ម្តាយនិងកូន) រួមទាំងបង្កការខូចខាតផ្ទះពលរដ្ឋ៥ខ្នង ម៉ូតូ៤គ្រឿង និងសម្ភារមួយចំនួន នៅក្នុងភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមានោះឡើយ ។

លោកអធិការបានបញ្ជាក់បន្ថែមថា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកោះកុង បានធ្វើការណែនាំដល់កម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធទាំងអស់ត្រូវខិតខំពន្លឿនការស៊ើបអង្កេតដើម្បីកំណត់ឲ្យបាននូវមុខសញ្ញាម្ចាស់ដើមរថយន្តបង្កហេតុដើម្បីឲ្យចូលខ្លួនមកទទួលខុសត្រូវដដ្រាយសំណងខូចខាតជូនជនរងគ្រោះឲ្យខាងតែបាន ។

តាមការគូសបញ្ជាក់ពីសមត្ថកិច្ចជំនាញឲ្យដឹងទៀតថា ឈ្មោះ ភឿក ចន្ថា ជាម្ចាស់ដើមទី២ ដែលជាអ្នកធានាទាំងស្រុងនោះ ត្រូវចូលខ្លួនដោះស្រាយ និងទទួលខុស ត្រូវលើករណីគ្រោះថ្នាក់ខាងលើ។

ក្នុងនោះទុកពេលឲ្យ៣ថ្ងៃយ៉ាងយូរ គិតចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣០ ខែ សីហា ២០១៩ ប្រសិនមិនអនុវត្តតាមកិច្ចសន្យាទេ នឹងទទួលខុសត្រូវដោះ ស្រាយចំពោះមុខច្បាប់ជាធរមាន ។

លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុកមណ្ឌលសីមា បានឲ្យដឹងដែរថា ជនបង្កជាអ្នកបើកបររថយន្តរងរបួសធ្ងន់ធ្ងរ អំឡុងពេលជួបគ្រោះថ្នាក់ខាងលើ ក៏បានស្លាប់ដែលនៅមន្ទីរពេទ្យរុស្ស៊ី រាជធានីភ្នំពេញ កាលពីម៉ោង៦ព្រឹកថ្ងៃទី២៧ សីហា ដោយសពត្រូវបញ្ចូនទៅធ្វើបុណ្យនៅទីកំណើត ឃុំកោះដាច់ ស្រុកមុខកំពូល ខេត្តកណ្តាល។

ដោយឡែក បុរសរងគ្រោះដែល ប្រពន្ឋឈ្មោះ ស៊ន សុខា អាយុ ៣៨ឆ្នាំ និងកូនអាយុ២ឆ្នាំ ឈ្មោះ ខេ វិន បាត់បង់ជីវិត មិនទាន់ត្រឡប់មកពីធ្វើបុណ្យឲ្យប្រពន្ធនិងកូននៅខេត្តកំពង់ឆ្នាំងនៅឡើយទេ ដើម្បីដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា។

ខណៈជនរងគ្រោះចំនួន៤គ្រួសារផ្សេងទៀតបានដាក់ពាក្យប្តឹងរួចរាល់ ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង កាលពីវេលាម៉ោងជាង៧ព្រឹក នាថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ ដែលបង្កឡើងដោយរថយន្តដឹកដីម៉ាកHYUNDAI ពាក់ស្លាកលេខ៣D- 1227 បើកបរដោយឈ្មោះ អន សុខនី ភេទប្រុស អាយុ៣០ឆ្នាំ បានបុករះផ្ទះពលរដ្ឋចំនួន៥ខ្នង នៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា បង្កឲ្យស្លាប់មនុស្ស២នាក់(ម្តាយ និងកូន) រួមទាំងខូចខាតទ្រព្យសម្បត្តិមួយចំនួនធំ ៕ ដោយ៖តាំង សុន្នី


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation