ព័ត៌មានជាតិ

ប្រធានមន្ទីរឧស្សាហកម្មខេត្តកោះកុងសន្យាដោះស្រាយបញ្ហាទឹកស្អាតជូនពលរដ្ឋតំបន់ស្ពានយោលដែលរងការលំបាកក្នុងការប្រើប្រាស់ទឹកជាង៣០ឆ្នាំមកហើយ

image

កោះកុង៖ ប្រជាពលរដ្ឋ ដែលបានជួបការលំបាកក្នុងការរស់នៅជាង៣០ឆ្នាំកន្លងមក ទាំងការហូបចុក ប្រើប្រាស់ ទឹកខ្វះអនាម័យ ត្រូវបានមន្ទីរឧស្សាហកម្មនិងសិប្បកម្មខេត្តកោះកុង យល់ព្រមទទួលស្គាល់ដោះស្រាយ ដោយសន្យាដោះស្រាយឲ្យបានទាន់ពេលវេលា។

បើតាមការអះអាង របស់ លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម និង សិប្បកម្ម ខេត្តកោះកុង បានសន្យាចំពោះមុខ បងប្អូនប្រជាពលរដ្ឋថា នឹងធ្វើសំណើទៅកាន់ក្រុមហ៊ុនវិនិយោគទឹកស្អាត ឲ្យខានតែបានក្នុងសប្តាហ៍នេះ។ ក្នុងនោះដែរលោកនឹងអញ្ជើញមន្ត្រីគ្រប់គ្រងរបស់ក្រុមហ៊ុនចូលរួមប្រជុំនៅសប្តាហ៍ក្រោយ ជុំវិញការស្នើសុំរបស់ពលរដ្ឋទាំង៧៥គ្រួសារ កំពុងប្រឈមនឹងការខ្វះខាតទឹកស្អាតប្រើប្រាស់ក្នុងពេលបច្ចុប្បន្ន ខណៈដែលបានជួបប្រទះការចំណាយច្រើនលើការបង់ថ្លៃសេវាទឹកស្អាតស្ថិតក្នុងតម្លៃខ្ពស់ប្រចាំខែក្នុង១ម៉ែត្រគុបស្មើនិង៤០បាទ(បើគិតជាប្រាក់រៀល៥,៥០០រៀល )ទៅឲ្យឈ្នួញកណ្តាល ខណៈតម្លៃសេវារដ្ឋករទឹកត្រឹមតែ១៨០០រៀលក្នុងមួយម៉ែត្រគុបតែប៉ុណ្ណោះ។

ចំណែកលោក ហែម យន តំណាងពលរដ្ឋរស់នៅចំណុចស្ពានយោល បានសម្តែងនូវការសប្បាយរីករាយ និងថ្លែងអំណរគុណទៅដល់លោកប្រធានមន្ទីរឧស្សហកម្ម និងសិប្បកម្មខេត្ត ដែលចុះមកដោះស្រាយបញ្ហាការតភ្ជាប់បណ្តាញទឹកស្អាត ដែលពួកគាត់ បានទន្ទឹងរង់ចាំយូរឆ្នាំមកហើយ ខណៈតម្លៃ ប្រើប្រាស់ប្រចាំថ្ងៃក្នុង១ម៉ែត្រគុបថ្លៃ៤០បាទ ស្មើនឹង៥៥០០រៀលនេះ បើធៀបនឹងតម្លៃលក់របស់រដ្ឋាករទឹកស្អាតខេត្តកោះកុងបច្ចុប្បន្ន ខុសគ្នាគុណនឹង៣ដងឯណោះ ដែលធ្វើឱ្យប៉ះពាល់ដល់បញ្ហាជីវភាពរស់នៅយ៉ាងលំបាក ។

អ៊ុំស្រី មុំ វន ជាប្រជាពលរដ្ឋ រស់នៅតំបន់នេះរយៈពេល៣៨ឆ្នាំមកហើយនោះ បានអះអាងថា មានពលរដ្ឋខ្លះដែលមានជីវភាពធូរធារបន្តិចអាចសុំតភ្ជាប់បណ្តាញទឹកពីឈ្នួញកណ្តាលចែកចាយបន្តមកប្រើប្រាស់ ចំណែកអ្នកខ្វះលទ្ធភាពត្រូវបង្ខំចិត្តប្រើប្រាស់ទឹកអណ្តូង ដែលល្អក់កករ មកប្រើជំនួស។អ៊ុំស្រី ដែលមានវ័យ៦៨ឆ្នាំរូបនេះ បន្តឲ្យដឹងទៀតថា កន្លងទៅ ពួកគាត់ធ្លាប់នាំគ្នាធ្វើលិខិតទៅអាជ្ញាធរភូមិ ឃុំ និងស្រុកជាច្រើនលើកមកហើយ ប៉ុន្តែជាលទ្ធផល គ្មានចំណាត់ការដោះស្រាយសោះឡើយរួមទាំងដែលបញ្ហាកង្វះខាតភ្លើងអគ្គិសនីប្រើប្រាស់ ផងដែរ៕ ដោយ៖តាំង សុន្នី


ព័ត៌មានទាក់ទង...