សមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ៧ នាំយកថវិកានិងសម្ភារៈសិក្សាចែកសិស្សក្រីក្រនៅសាលាបឋមសិក្សានិងអនុវិទ្យាល័យ ក្នុងស្រុកបរិបូរណ៍
| ព័ត៌មានជាតិ
SHARE

កំពង់ឆ្នាំង៖សមាជិកព្រឹទ្ធសភាពមណ្ឌលភូមិភាគ៧ ដឹកនាំដោយឯកឧត្តម សាយ បូរិន និង ឯកឧត្តម អ៊ឹង លាងហ៊ួ នៅថ្ងៃសៅរ៏ ២កើត ខែភទ្របទ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនិងថ្ងៃទី៣១សីហា ឆ្នាំ២០១៩ បាននាំយកអំណោយ ជាសម្ភារសិក្សានិងថវិកា របស់លោក កង រតនៈ និង លោកស្រីកែវ សុខអ៊ីម ម្ចាស់ក្រុមហ៊ុនសុខាមង្គល ទៅចែកជូនដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅសាលាបឋមសិក្សា និង អនុវិទ្យាល័យចំនួន៦ ក្នុងឃុំឆ្នុកទ្រូ និង ឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ខេត្ត ។

លោក កង រតនៈ នាយកគ្រប់គ្រងក្រុមហ៊ុនសុខាមង្គល ជាសប្បុរសជនបានមានប្រសាសន៍បញ្ជាក់ថា ការចែកជូននូវសម្ភារៈសិក្សា និង ថវិកាដល់លោកគ្រូ អ្នកគ្រូ និង សិស្សានុសិស្សនាពេលនេះគឺជាកិច្ចការមនុស្សធម៌មួយដែលក្រុមហ៊ុនសុខាមង្គល តែងតែបានចូលរួមចំណែកជាមួយការងារសង្គម និង ជាចំណែមួយកាត់បន្ថយការលំបាករបស់សិស្សានុសិស្ស និង អាណាព្យាបាលសិស្សដែលខ្វះខាតនូវសំភារៈសិក្សាសម្រាប់ការមកសាលារៀន ក៏ដូចជាការលើកទឹកចិត្តអោយសិស្សានុសិស្សបន្តខិតខំប្រឹងប្រែង រៀនសូត្រ សម្រាប់ខ្លួនឯង និង សង្គមជាតិ ដើម្បីសម្រេចអោយបាននូវគោលដៅនៃការសិក្សារបស់ខ្លួននាពេលខាងមុខ  ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមសាយ បូរិន និង ឯកឧត្តមអ៊ឹង លាងហ៊ួ សមាជិកព្រឹទ្ធសភាពមណ្ឌលភូមិភាគ៧  បានសម្តែងនូវកោតសរសើរដល់លោកគ្រូ អ្នកគ្រូ ដែលបានបង្រៀន និង លើកទឹកចិត្តដល់សិស្សានុសិស្សអោយខិតខំរៀនសូត្រដោយយកចិត្តទុកដាក់ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ។ ហើយជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ លើវិស័យអប់រំ ជាពិសេសចំពោះការបណ្ដុះបណ្ដាលទៅលើសិស្សានុសិស្ស ដែលជាទំពាំស្នងឬស្សី អោយក្លាយជាធនធានមនុស្សដែលមានគុណភាព សមត្ថភាពក្នុងការវិវឌ្ឍន៍ទៅតាមការរីកចំរើននៃប្រទេសជាតិ ។

ឯកឧត្តមបានបញ្ជាក់ទៀតថា សកម្មភាពមនុស្សធម៌នាពេលនេះ គឺជាសកម្មភាពនៃការចូលរួមនៅក្នុងកិច្ចការសង្គមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការចែករំលែកនូវធនធានដែលមាន អោយបានដល់អ្នកដែលជួបការលំបាក ខ្វះខាត ដែលបង្ហាញអោយឃើញពីការជួយគ្នាទៅវិញទៅមក សាមគ្គីគ្នា នៅក្នុងសង្គមកម្ពុជា ដែលកំពុងស្ថិតនៅក្រោមដំបូលនៃសន្តិភាព ។

ឯកឧត្តមបានអំពាវនាវអោយក្មួយៗសិស្សានុសិស្សទាំងអស់ត្រូវខិតខំរៀនសូត្រ អោយក្លាយខ្លួនជា សិស្សល្អ កូនល្អ មិត្តល្អ ជាធនធានល្អមួយក្នុងសង្គម ហើយចៀសវាងអំពើអបាយមុខនានានៅក្នុងសង្គម។

អំណោយដែលត្រូវចែកជូនដល់សិស្សានុសិស្សទាំង៥៤០នាក់ គឺក្នុងម្នាក់ៗទទួលបានកាតាបមួយ សៀវភៅ៥ក្បាល ប៊ិច៣ដើម ខ្មៅដៃ១ដើម ប្រដាប់ចិតខ្មៅដៃ១ និង ថវិកា៥០០០រៀល ។ ចំណែកលោកគ្រូ អ្នកគ្រូ មន្រ្តីរាជការ ដែលចូលរួម ក្នុងម្នាក់ៗទទួលបានថវិកា២ម៉ឺនរៀលនិងសារុង១ ដោយឡែកអាណាព្យាលបាលសិស្សក្នុងម្នាក់១ម៉ឺនរៀលផងដែរ ។ ក្នុងឱកាសនោះលោក កង រតនៈ និង លោកស្រីកែវ សុខអ៊ីម ម្ចាស់ក្រុមហ៊ុនសុខាមង្គល បានឧបត្ថម្ភថវិកា១០០០ដូល្លា ដល់សាលាបឋសិក្សាសេះស្លាប់ សម្រាប់ទិញកុំព្យូទ័រ ម៉ាស៊ីនព្រីធ័រ និង ឧបករណ៍បញ្ចាំងស្លាយ ជាមួយគ្នានេះបានផ្តល់ជូនថវិកាចំនួន៤៥០ដូល្លាផ្សេងទៀត សម្រាប់ជួសជុលសាលាចំនួន២គឺសាលាបឋមសិក្សាត្រពាំងចាន់ និង សាលាបឋមសិក្សាក្រចាប់ ។

គូរបញ្ជា់ថា ថវិកា និង សម្ភារ សិក្សាទាំងនេះ ជាអំណោយរបស់ក្រុមហ៊ុន សុខាមង្គល ឯកឧត្តម សាយ បូរិន និង ឯកឧត្តម អ៊ឹង លាងហ៊ួសមាជិកព្រឹទ្ធសភាមណ្ឌលភូមិភាគ៧ផងដែរ៕ ដោយ៖ហ៊ឹង ចូច

Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation