ព័ត៌មានជាតិ

កម្ពុជា-កូរ៉េនឹងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខទ្វេភាគីឲ្យកាន់តែប្រសើរថែមទៀត

image

ភ្នំពេញ៖ ក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងមហាផ្ទៃ សុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េបានសន្យាថានឹងបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ជាពិសេសផ្តោតសំខាន់លើផ្នែកសន្តិសុខតែម្តង។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយពីកិច្ចជំនួបរវាងសម្តេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃជាមួយឯកឧត្តម ជីម ជុងទឹក(Jim Jung TaeK) អគ្គនាយកនៃអគ្គនាយកដ្ឋានសហប្រតិបត្តិការរដ្ឋបាលក្រសួងមហាផ្ទៃ និងសុវត្ថិភាពនៃសាធារណរដ្ឋកូរ៉េ នារសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩នេះ ឧត្តមសេនីយ៍ឯកផាត សុផានិត ប្រធាននាយដ្ឋានទំនាក់ទំនងអន្តរជាតិ ក្រសួងមហាផ្ទៃ
បានលើកឡើងថា កូរ៉េបានសន្យាថានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយកម្ពុជាឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជននិងប្រទេសទាំងពីរ។

ឧត្តមសេនីយ៍ឯកផាត សុផានិត បន្ថែមថា
ក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម ជីម ជុងទឹក មកប្រទេសកម្ពុជានេះគឺ ដើម្បីយកលិខិតអញ្ជើញរបស់លលោករដ្ឋមន្រ្តីក្រសួងមហាផ្ទៃកូរ៉េ ដើម្បីអញ្ជើញសម្តេចក្រឡាហោម ស ខេង ទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីអាស៊ាន-កូរ៉េដែលនឹងប្រព្រឹត្តទៅនាចុងខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះ ហើយក៏ដើម្បីពិភាក្សាការងារមួយចំនួនលើកិច្ចសហប្រតិបត្តិការរវាង នគរបាលនៃប្រទេសទាំងពីរផងដែរ។

បើតាមប្រធាននាយដ្ឋានទំនាក់ទំនងអន្តរជាតិបានបន្តថា នៅក្នុងកិច្ចជំនួបនោះ សម្តេចក្រឡាហោម ស ខេង បានថ្លែងអំណរអគុណចំពោះរដ្ឋាភិបាលកូរ៉េ ដែលបានផ្តល់ជំនួយដល់កម្ពុជានាពេល កន្លងមកក៏ដូចជាអនាគត។ សម្តេចបានបន្តថា ជំនួយដែលប្រទេសកូរ៉េបានជួយដល់កម្ពុជានា ពេលកន្លងមកគឺបង្ហាញឲ្យឃើញថាទំនាក់ទំនងនៃប្រទេសទាំងពីរកាន់តែរីកចំរើនជាបន្តបន្ទាប់ ដោយគ្មានការកែប្រែនោះឡើយ។ ជាមួយគ្នានោះសម្តេចក្រឡាហោម ក៏បានទទួលយកការអញ្ជើញរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃកូរ៉េដែលអញ្ជើញសម្តេចឲ្យទៅចូលរួមកិច្ចប្រជុំ ថ្នាក់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអាស៊ាន-កូរ៉េនាចុងខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខនេះផងដែរ៕ដោយ៖ឃឹម វិសាល