ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ រួមជាមួយនឹងមន្ត្រីជំនាញអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យសកម្មភាពកាយ ស្តារ អូរប្រឡាយនៅតាមតំបន់ប្រឈមមួយចំនួនក្នុងក្រុងព្រះសីហនុដែលងាយជន់លិចដោយសារទឹកភ្លៀងកន្លងមក។
ហើយការចុះពិនិត្យប្រព័ន្ធអូរប្រឡាយ មួយចំនួននៅក្នុងក្រុងព្រះសីហនុដែលតែងតែបង្កឡើង ទៅជាជំនន់ទឹកភ្លៀងនោះឯកឧត្តមអភិបាលខេត្តសង្កេតឃើញថានៅតាមប្រព័ន្ធអូរ លូ ប្រឡាយ មានការកក់ស្ទះពោរពេញទៅដោយសំរាមក៏ដូចជាសម្ភារកម្ទេចកម្ទីផ្សេងៗ ដែលហូរចេញពីការដ្ឋានក៏ដូចជាការបោះសំរាមចោលរបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្ដោយប្រព័ន្ធអូរប្រឡាយធ្វើឲ្យបង្កមានការកកស្ទះ ជាច្រើន។
ក្នុងនោះឯកឧត្តមអភិបាលខេត្ត ចុះពិនិត្យ អំពីលទ្ធផលនិងបញ្ហាមួយចំនួន ដែលក្រុមការងារបច្ចេកទេសរបស់រដ្ឋបាលខេត្តនិងរដ្ឋបាលក្រុងអនុវត្តន៍ច្រើនសប្តាហ៍កន្លងមក ក្នុងនោះ ឯកឧត្តម អភិបាលខេត្តបានណែនាំផ្នែកជំនាញ ក្រៅពីការកាយ ស្តារ តាមអូរ ប្រឡាយ គឺត្រូវពិនិត្យកាយ ស្តារ បើកផ្លូវទឹកនៅតាមទីតាំងដែលកំពុងមានការចាក់លុបដី មួយចំនួន ទៀត ដើម្បីបើកឲ្យមានផ្លូវទឹកហូរ បានលឿន និងតម្រូវឲ្យម្ចាស់ការដ្ឋានសំណង់នានា ឬពលរដ្ឋចូលរួមសហការជាមួយអជ្ញាធរក្នុងការដាក់លូនិងរៀបចំប្រព័ន្ធបង្ហូរទឹក ទៅតាមស្តង់ដារផងដែរ។
ក្រោយពីការចុះពិនិត្យឯកឧត្តមអភិបាលខេត្តសង្កេតឃើញថានៅតាមតំបន់ស្ពានជាច្រើនកន្លែង ដែលមានការកកស្ទះទៅដោយសំរាមនិងកម្ទេចកម្ទីផ្សេងៗហើយឯកឧត្តម បានចង្អុលបង្ហាញដល់ក្រុមការងារជំនាញនិងប្រជាការពារក្នុងគោលបំណងបញ្ចៀសការកកស្ទះសំរាមដែលហូរចូល ក្នុងប្រព័ន្ធលូប្រឡាយ និងបង្កឲ្យរាំងស្ទះ។
ជុំវិញបញ្ហាការស្ដារប្រព័ន្ធអូលូ ប្រឡាយនេះ អាជ្ញាធរខេត្តព្រះសីហនុបានធ្វើយុទ្ធនាការដោយមានកិច្ចសហការគាំទ្រពីក្រសួងធនធានទឹក ក្រសួងសាធារណការ ក្រសួងបរិស្ថាន ក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ និងផ្នែកពាក់ពន្ធ័មួយចំនួនទៀត ក្នុងគោលបំណងកាត់បន្ថយជំនន់ទឹកភ្លៀងក្នុងក្រុងព្រះសីហនុ ដែលតែងតែបង្កការជន់លិច លំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ក៏ដូចជា ផ្លូវថ្នល់ បង្កការលំបាកធ្វើចរាចរណ៍របស់បងប្អូន ប្រជាពលរដ្ឋ នៅពេលមានភ្លៀងធ្លាក់ខ្លាំងម្ដងៗផងដែរ៕ ដោយ៖ប៉ៃ សុឃីម