
ប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអែនអន្តរជាតិព្រែកចាកខេត្តកំពតថ្មី ត្រូវបានប្រកាសតែងតាំង

ខេត្ត្តកំពត៖ នៅព្រឹកថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ ២០១៩ នៅទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកខេត្តកំពត ឯកឧត្ដមជាវ តាយអភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញប្រកាសផ្លាស់ប្ដូរនិងប្រគល់ភារកិច្ចប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកខេត្តកំពត។ ពិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំខេត្តមន្ទីរអង្គភាពជុំវិញខេត្តព្រមទាំងអាជ្ញាធរក្រុង ស្រុកប្រជាពលរដ្ឋនៃខេត្តកំពត និងមន្ត្រី អាជ្ញាធរពាក់ព័ន្ធនៃភាគីមិត្តវៀតណាមជាប់ព្រំដែននិងពាណិជ្ជករអាជីវករផងដែរ។
យោងតាមប្រកាសរបស់ក្រសួងមហាផ្ទៃ ស្ដីពីការផ្លាស់ប្ដូរនិងប្រគល់ភារកិច្ចជូនមន្ត្រីរាជការ បានសម្រេចផ្លាស់ប្ដូរប្រគល់ភារកិច្ចជូនលោក ង៉ែត សាវឿន នាយករងរដ្ឋបាលសាលាខេត្តកំពតឲ្យមកកាន់តំណែងជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកខេត្តកំពតជំនួសលោកឡេង វិបុល ដែលត្រូវប្ដូរចេញពីប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកឲ្យទៅបម្រើការងារនៅអង្គភាពដើមវិញ។
ឯកឧត្ដម ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្ត បានមានប្រសាសន៍គូសបញ្ជាក់ថា៖ ការផ្លាស់ប្ដូរតួនាទីភារកិច្ចជូនមន្រ្តីរាជការនាពេលនេះគឺជាការងារធម្មតារបស់មន្រ្តីរាជការសាធារណៈដែលធ្វើឡើងដើម្បីផ្លាស់ប្ដូរបទពិសោធន៍នៃមុខតំណែងផ្សេងទៀតរបស់ស្ថាប័នរដ្ឋតាមតម្រូវការចាំបាច់ស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមានដើម្បីលើកកម្ពស់សមត្ថភាពការងារដឹកនាំគ្រប់គ្រងសំដៅធ្វើឲ្យប្រព័ន្ធការងារកាន់តែមានប្រសិទ្ធភាពប្រសើរឡើងថែមទៀតស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្ដម ជាវ តាយ អភិបាលខេត្តក៏បានថ្លែងការកោតសរសើរចំពោះប្រធានទីស្នាក់ការដែលត្រូវបានផ្លាស់ប្ដូរចេញតែងបានយកចិត្តទុកដាក់បំពេញការងារដឹកនាំច្រកទ្វារត្រួតពិនិត្យព្រំដែនអន្តរជាតិព្រែកចាកកន្លងទៅនេះទទួលបានលទ្ធផលល្អប្រសើរ និងបានផ្ដាំផ្ញើឲ្យប្រធានទីស្នាក់ត្រួតពិត្យច្រកទ្វារព្រំដែនដែលទើបប្រគល់និងទទួលភារកិច្ចថ្មីនេះឲ្យខិតខំយកចិត្តទុកដាក់ប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចថ្មីរបស់ខ្លួន ក្នុងការងារដឹកនាំគ្រប់គ្រង និងអភិវឌ្ឍតំបន់ច្រកទ្វារព្រំដែនអន្តរជាតិព្រែកចាកនេះឲ្យមានការរីកចម្រើនថែមទៀត។
ឯកឧត្ដមជាវ តាយអភិបាលខេត្តក៏បានបន្តផ្ដល់នូវអនុសាសន៍ផ្ដាំផ្ញើដល់មន្ទីរ អង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់នៅក្នុងស្រុកកំពង់ត្រាច មន្ត្រីរាជការនិងកងកម្លាំងគ្រប់លំដាប់ថ្នាក់ ដែលប្រចាំការនៅច្រកទ្វារអន្តរជាតិព្រែកចាកនេះនូវកិច្ចការសំខាន់ៗមួយចំនួនដែលត្រូវតែប្ដេជ្ញាយកចិត្តទុកដាក់អនុវត្តសម្រេចឲ្យបាន គឺ ការអនុវត្តអោយបានត្រឹមត្រូវនូវការបំពេញតួនាទីភារកិច្ចស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តជាធរមាននិងធ្វើកិច្ចសហប្រតិបត្តិការជាមួយភាគីជាមិត្តរវាងកម្ពុជា-វៀតណាមអោយបានល្អថែមទៀត ត្រូវមានសាមគ្គីភាពល្អ ដោយចេះសម្របសម្រួលក្នុងការផ្ដល់សេវាសាធារណៈប្រកបដោយភាពជឿជាក់និងទុកចិត្តពីប្រជាពលរដ្ឋរស់នៅជាប់ព្រំដែន និងត្រូវចូលរួមលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យអនាធិបតេយ្យឲ្យបាន ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយស្ថាប័នពាក់ព័ន្ធនិងកងកម្លាំងសមត្ថកិច្ចនានាដើម្បីរក្សាការពារបូរណភាពទឹកដី អធិបតេយ្យភាព បង្កើនការគ្រប់គ្រងការចេញចូលឆ្លងកាត់ព្រំដែនទាំងមនុដស្សនិងទំនិញឲ្យបានម៉ឺងម៉ាត់ បន្តពង្រឹងពង្រីកទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរ កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធប្រទេសជិតខាងដើម្បីប្រែក្លាយតំបន់ព្រំដែនទៅជាតំបន់ប្រកបដោយសន្តិភាព មិត្តភាពសហប្រតិបត្តិការនិងការអភិវឌ្ឍ៕ដោយ៖ ប៉ៃ សុឃីម

