សម្ដេចក្រឡាហោម ស ខេង ៖ សព្វថ្ងៃ កិច្ចការអាទិភាពបំផុត គឺការរក្សាសេចក្ដីសុខ សន្តិភាព និងស្ថេរភាពជាតិ តាមគន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស
| ព័ត៌មានជាតិ
SHARE

កណ្តាល៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា សព្វថ្ងៃ កិច្ចការអាទិភាពបំផុត គឺការរក្សាសេចក្ដីសុខ សន្តិភាព និងស្ថេរភាពជាតិ តាមគន្លងលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ពីព្រោះតាមគន្លងរបបនយោបាយនេះហើយដែលធ្វើឲ្យប្រទេសជាតិមានការរីកចំរើនជាបន្តបន្ទាប់ ហើយការដើរខុសពីរបបនេះបានធ្វើឲ្យកម្ពុជាផុងក្នុងសង្គ្រាម និងមហន្តរាយរួចហើយ។

សម្តេចក្រឡាហោម បានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ មជ្ឈមណ្ឌលថែទាំ និងស្ដារនីតិសម្បទា ជនវិបល្លាសស្មារតី ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាលនា ព្រឹកថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ។

សម្ដេចក្រឡាហោម បានមានប្រសសាន៍ថា យ៉ាងណាក៏ដោយ មិនមែនយើងស្កប់ស្កល់នឹងស្ថានភាពដូចបច្ចុប្បន្ននេះទេ ពីព្រោះក្រុមប្រឆាំងក្រៅច្បាប់ តែងតែប៉ុនប៉ងបង្កចលាចល ដើម្បីឈានទៅធ្វើបដិវត្តពណ៌ ដូច្នេះទាមទារឲ្យយើងរួមគ្នាទប់ស្កាត់សកម្មភាពខុសច្បាប់ទាំងនេះ ដើម្បីបន្តរក្សាសន្តិភាព និងការអភិវឌ្ឍសម្រាប់កូនចៅតទៅថ្ងៃមុខទៀត។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសសាសន៍ថា នៅក្រោយសម័យខ្មែរក្រហម រដ្ឋាភិបាល បានចាត់ផ្ដើមមុនគេ គឺការបង្កើតមជ្ឈមណ្ឌលកុមារកំព្រារដែលឪពុកម្ដាយត្រូវបានសម្លាប់ និងស្លាប់ក្នុងសម័យអាវខ្មៅ បន្ទាប់មកបង្កើតមជ្ឈមណ្ឌលជួយយុទ្ធជនរងគ្រោះ ដោយការប្រយុទ្ធក្នុងសមរភូមិ ពិសេសការវាយជាមួយក្រុមខ្មែរក្រហមនៅក្រោយថ្ងៃរំដោះ៧មករា។

បន្ទាប់មក បានរដ្ឋាភិបាលបានបន្តបង្កើតមជ្ឈមណ្ឌលស្ដារលទ្ធភាពពលកម្មកាយសម្បទា មជ្ឈមណ្ឌលថែទាំមនុស្សចាស់ មជ្ឈមណ្ឌលព្យាបាល និងស្ដារនីតសម្បទាអ្នកញៀនគ្រឿងញៀន មជ្ឈមណ្ឌលយុវជនីតិសម្បទា មជ្ឈមណ្ឌលសំចតរាជធានីភ្នំពេញ និងប៉ោយប៉ែត មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវជ្ជាជីវៈជនមានពិការភាពនិងមជ្ឈមណ្ឌលគាំពារមាតា និងទារក ជាដើម។

សម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីគម្រោងរៀបចំបង្កើតមជ្ឈមណ្ឌលឃុំគ្រងអនីតិជនដែលប្រព្រឹត្តល្មើសច្បាប់ ប៉ុន្តែមិនទាន់គ្រប់អាយុទទួលខុសត្រូវតាមច្បាប់ដែរ ដោយសម្ដេចបញ្ជាក់ថា កន្លងមកពួកគេត្រូវបញ្ចូនទៅឃុំខ្លួនជាមួយជនល្មើសទូទៅ ដែលបញ្ហានេះបានបង្កជាបញ្ហាសម្រាប់ពួកគេ និងខុសពីគោលការណ៍សកល។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថាកន្លងទៅ អង្គការទទួលបន្ទុកសិទ្ធិមនុស្សចំណុះអង្គការសហប្រជាជាតិ បានរិះគន់កម្ពុជាចំពោះបញ្ហានេះ ដូចជានៅមជ្ឈមណ្ឌលព្រៃស្ពឺជាដើម ដោយសម្ដេចបានទទួលស្គាល់ការតិទៀននេះ ក៏ប៉ុន្តែក៏សូមឲ្យយល់ពីស្ថានភាពជាក់ស្ដែង និងការខិតខំរបស់ប្រទេសកម្ពុជាដែរ។

សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថារាជរដ្ឋាភិបាល បាន និង កំពុសិក្សារកវិធីណាឲ្យល្អជាងសព្វថ្ងៃនៅក្នុងការងារឃុំខ្លួនជនល្មើស ទាំងនីតិជន និងអនីតជន ពីព្រោះបច្ចុប្បន្ន ចំនួនអ្នកជាប់ឃុំមានច្រើនជាងមណ្ឌលអប់រំកែប្រែ និងពន្ធនាគារ ដែលធ្វើឲ្យមានភាពចង្អៀតណែន និងនាំឲ្យប៉ះពាល់ដល់សិទ្ធិរបស់ពួកគេ។

ជាមួយគ្នានេះ សម្ដេចបានមានប្រសាសន៍ថាថ្នាក់ដឹកនាំរាជរដ្ឋាភិបាល តែងតែប្រាថ្នា និងធ្វើគ្រប់កិច្ចការ ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសេចក្ដីសុខ ពីព្រោះយើងទាំងអស់គ្នាបានឆ្លងកាត់ការលំបាកឆ្អែតឆ្អន់ហើយ ទម្រាំអាចដឹកនាំប្រទេសមានសេចក្ដីសុខ សន្តិភាព ស្ថេរភាព និងការអភិវឌ្ឍដូចបច្ចុប្បន្ន។

សម្ដេចបានអំពាវនាវឲ្យប្រជាពលរដ្ឋ ចូលរួមឲ្យបានសកម្មក្នុងវេទិកាសាធារណៈដែលមន្ត្រីបានរៀបចំនៅតាមមូលដ្ឋាន តាមរយៈការឡើងបញ្ចេញយោបល់ ឬទស្សនៈពាក់ព័ន្ធនឹងការបំពេញភារកិច្ចរបស់អាជ្ញាធរ ឬមន្ត្រីរាជការ និងរាជរដ្ឋាភិបាល ព្រមទាំងបង្ហាញក្ដីកង្វល់ និងសំណូមពរពាក់ព័ន្ធនឹងជីវភាពរស់នៅប្រចាំថ្ងៃ។

សម្ដេចក្រឡាហោម ស ខេង បានចាត់ទុកមជ្ឈមណ្ឌលនេះ ជាសមិទ្ធផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល នៅក្នុងការងារជួយសង្គ្រោះ និងស្ដារនីតិសម្បទាដល់ជនមានវិបល្លាសស្មារតី បន្ទាប់ពីបានបង្កើតមជ្ឈមណ្ឌលសង្គមកិច្ចជាច្រើន ដើម្បីជួយដល់ជនងាយរងគ្រោះ តាំងពីក្រោយសម័យខ្មែរក្រហមរហូតដល់សព្វថ្ងៃ៕ ដោយ៖ ឃឹម វិសាល


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation