ឯកឧត្តម នេត សាវឿន ជំរុញឲ្យស្នងការនគរបាលខេត្តកំពង់ឆ្នាំងថ្មីត្រូវពង្រឹងសន្តិសុខនិងទប់ស្កាត់បទល្មើសផ្សេងៗឲ្យមានប្រសិទ្ធភាព
| ព័ត៌មានជាតិ
SHARE

កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ទោខូវ លី ដែលពីមុននេះជាអនុប្រធាននាយកដ្ឋានចរាចរណ៍និងសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបានតែងតាំងជាស្នងការនគរបាលខេត្តកំពង់ឆ្នាំង ជំនួសលោកឧត្តមសេនីយ៍ទោឡុច វណ្ណរ៉ា ដែលត្រូវចូលនិវត្តន៍។

ពិធីប្រកាសចូលកាន់តំណែង ធ្វើឡើងនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិង ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ ។

លោក ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ដែលទើបតែងតាំងថ្មី បានឡើងធ្វើការបេ្តជ្ញាចិត្ត អនុវត្តតាមបទបញ្ជា និង ផែនការរបស់ថ្នាក់ដឹកនាំ ឲ្យបានម៉ឺងម៉ាត់ និងមានប្រសិទ្ធភាពខ្ពស់ លើការងារក្នុងមូលដ្ឋាន និងអនុវត្តតាមគណ:បញ្ជាការឯកភាពខេត្ត ដើម្បី រក្សាឲ្យបានសន្តិសុខស្តាប់ធ្នាប់ សុវត្ថិភាពជូនជាតិ និងប្រជាពលរដ្ឋ ។

ឯកឧត្តមឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង និង ជាប្រធានគណៈបញ្ជាការឯកភាពខេត្តបានមានប្រសាសន៍ដោយគូសបញ្ជាក់ថា ការតែងតាំងលោក ឧត្តម សេនីយ៍ទោខូវ លី ជាស្នងការនគរបាលខេត្តកំពង់ឆ្នាំង នាពេលនេះ គឺជំនួសលោកឧត្តមសេនីយ៍ទោឡុច វណ្ណារ៉ា ដែលត្រូវចូលនិវត្តន៍ ។ កន្លងទៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំដោយលោកឧត្តម សេនីយ៍ទោ ឡុច វណ្ណារ៉ា បានអនុវត្តការងារយ៉ាងល្អ ជាពិសេស ការងាររក្សាសន្តិសុខ ​សណ្តាប់ធ្នាប់និងការផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ។

នៅក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងកោតសរសើដល់គណៈអភិបាលខេត្ត និងស្នងការនគរបាលខេត្ត ដែលបានខិតខំអនុវត្តនូវតួនាទីភារកិច្ចរបស់ខ្លួនបានយ៉ាងល្អប្រសើ រក្សាបាននូវសុខ សន្តិភាព និងមានការអភិវឌ្ឍរីកចម្រើននៅក្នុងខេត្តលើគ្រប់វិស័យ ។ ឯកឧត្តម បានណែនាំដល់លោកស្នងការដែលទើបទទួលបានការតែងតាំងមុខតំនែងថ្មី ត្រូវពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ពង្រឹងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋអោយបានល្អប្រសើ និងពង្រឹងការងារទប់ស្កាត់បទល្មើសផ្សេងៗឲ្យមានប្រសិទ្ធភាព។ ម្យ៉ាងទៀតត្រូវពង្រឹងយន្តការដឹកនាំគ្រប់ជាន់ថ្នាក់នៅក្នុងអង្គភាពស្នងការនគរបាលខេត្តឲ្យបានល្អ ដោយមានចែកផែនទទួលខុសត្រូវឲ្យបានច្បាស់លាស់ និងត្រូវពង្រឹងកម្លាំងអន្តរាគមន៍គ្រប់ថ្នាក់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ៕ (អត្ថបទ៖ហ៊ឹង ចូច)


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation