ទន្លេមេគង្គខេត្តកំពង់ចាមបន្តកើនឡើងខ្ពស់លិចកំណាត់ផ្លូវគោកក្នុងឃុំមួយចំនួន
| ព័ត៌មានជាតិ
SHARE

កំពង់ចាម៖ បើយោងតាមលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្តកំពង់ចាមបានបញ្ជាក់ថាបន្ទាប់ពី ទឹកទន្លេមេគង្គ ក្នុងខេត្តកំពង់ចាមបានបន្តឡើងជាប់ៗគ្នាជាច្រើនថ្ងៃមកនេះ ទឹកទន្លេមេគង្គបានហូរចូល ព្រែក អូរ ប្រឡាយ នានាបាន១០០ភាគរយហើយចំណែកផ្ទៃបឹងវិញក៏ចាប់ផ្តើមទទួលរបបទឹកទន្លេមេគង្គបានតិចតួចនៅឡើយ។ 

លោកប្រធានមន្ទីរបានបញ្ជាក់ទៀតថា បើយោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹកថា ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាម នឹងបន្តកើនឡើងលើសចំណុចប្រកាសប្រុងប្រយ័ត្ននៅប៉ុន្មានថ្ងៃខាងមុខទៀត ដូចនេះផ្ទៃបឹងធំៗ រួមទាំងអាងស្តុបទឹកជាច្រើន ទៀត អាចនឹងទទួលរបបទឹកទន្លេមេគង្គបាន១០០ភាគរយផងដែរ។ ដោយឡែកសម្រាប់ការព្យាករណ៍ស្ថានភាពកំពស់ទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមនៅថ្ងៃនេះដែរទឹកទន្លេមានកំពស់១៣.៦០ម៉ែត្រ ធៀបនឹងថ្ងៃម្សិលមិញទឹកឡើង០.២៧ម៉ែត្រ ហើយកំពស់ទឹកនៅពេលនេះបើធៀបទៅនឹងពេលវេលាដូចគ្នាកាលពីឆ្នាកន្លងទៅទឹក មានកំពស់១៥.៣២ម៉ែត្រ។

ទន្ទឹមនឹងទឹកទន្លេមេគង្គក្នុងខេត្តកំពង់ចាមបានបន្តកើនឡើងនេះដែរបានធ្វើឲ្យកំណាត់ផ្លូវគោកជាច្រើនដូចជាក្នុងឃុំហាន់ជ័យ ឃុំកោះសូទិន និងឃុំកោះមិត្តជាប់នឹងដងទន្លេមេគង្គ ត្រូវបានលិចមិនអាចធ្វើដំណើរឆ្លងកាត់បាន ដូចនេះបងប្អូនប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រះសង្ឃ ត្រូវនិមន្តនិងធ្វើដំណើរឆ្លងកាត់ដោយទូកដរ ឫសាឡាងជំនួសវិញដើម្បីអាចធ្វើដំណើរឆ្លងកាត់ ពីភូមិទៅភូមិមួយបាន។ ដោយឡែកបើតាមការពិនិត្យជាក់ស្តែងស្ថានភាពកំពស់ទឹកនៅពេលនេះគឺមិនទាន់ឡើងខ្ពស់ លិចភូមិនិងឃុំទាំងស្រុងនៅនៅឡើយទេ គឺអាចធ្វើដំណើរបានធម្មតា។

 បើតាមប្រជាពលរដ្ឋបានឲ្យដឹងថាស្របពេលដែលទឹកទន្លេមេគង្គបានឡើងនេះគឺជាទំលាប់ជារៀងរាល់ឆ្នាំពួកគាត់បានត្រៀមរួចជាស្រេចដូចជា ទូកសម្រាប់ធ្វើដំណើរ ស្បៀងអាហារ អូសដុត ស្មៅគោក្របី និងត្រៀមរៀបចំទ្រើងសម្រាប់មាន់ ទា និងរៀបចំរោង ទីទួលសុវត្ថិភាពសម្រាប់ ជ្រូក គោ ក្របីជាដើម។ ជាមួយគ្នានេះដែរក្នុងនាមឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម រដ្ឋបាលក្រុង មន្ទីរធនធានទឹក និងអជ្ញាធរពាក់ព័ន្ធក៏បានត្រៀមលក្ខណៈផ្សេងៗដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ។

ដោយឡែកសម្រាប់ក្រុងកំពង់ចាមវិញ ប្រសិនបើទឹកទន្លេមេគង្គបន្តឡើងដល់ចំណុចប្រកាសប្រុងប្រតយ័ត្ន និងជ្រាបចូល ក្នុងក្រុងកំពង់ចាម ហើយប្រព័ន្ធទឹកលូក៏ដូចទឹកភ្លៀងដែលមិនអាចហូរចូលក្នុងទន្លេវិញបាននោះ គឺអជ្ញាធរពាក់ព័ន្ធ ក៏បានត្រៀមនូវម៉ាស៊ីនបូមទឹករំដោះចេញពីក្រុងរួចហើយដែរ៕ដោយ៖ហ៊ាង ថាច


Logo Brand Footer

Tel: 078 888 900
ផ្លូវជាតិលេខ ៥, ភូមិក្រោលគោ, សង្កាត់គីឡូម៉ែត្រលេខ ៦, ខណ្ឌឫស្សីកែវ, រាជធានីភ្នំពេញ, ប្រទេសកម្ពុជា

ទាញយកកម្មវិធី CNC NEWS ទៅក្នុងទូរស័ព្ទអ្នក

App Store  Play Store

Follow US

Facebook

Youtube

Line

កំពុងស្វែងរក:

​© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ CNC ឆ្នាំ​២០១៧ | Developed by INSTICT Innovation